ជាតិ
វីដេអូ
បោះតង់, ដើរផ្សងព្រេង និងស្វែងយល់ជីវភាពពលរដ្ឋនៅ«ជីផាត»ជាគោលដៅទេសចរណ៍ភ្ញៀវអឺរ៉ុប
× កោះកុង(ជីផាត)៖ ពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេសមួយចំនួន ប្រាកដជាបានស្គាល់សហគមន៍អេកូទេសចរណ៍ជីផាត ដែលជាតំបន់ទេសចរណ៍មានទេសភាពស្រស់ស្អាតនៅខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ជីផាតដែលលាក់ខ្លួនក្នុងព្រៃនេះ បានទាញយកបេះដូងភ្ញៀវទេសចរបរទេសប្រមាណ ៨០ភាគរយ និងភ្ញៀវជាតិ ២០ភាគរយទៅលេងពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តាដែលភ្ញៀវទេសចរបរទេសចូលចិត្តទៅកម្សាន្តនៅជីផាត ដោយសារតំបន់នេះ ជាទេសចរណ៍បែបផ្សងព្រេង, បោះតង់ ជាពិសេសការឈ្វេងយល់ពីការរស់នៅរបស់ប្រជាពលរដ្ឋនាតំបន់ដាច់ស្រយាលផងដែរ។
ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង «ជីផាត» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនាទិសនិរតី ដែលអមដោយសម្រស់ទឹកជ្រោះ, ជិះទូកគយគន់ថ្ងៃលិច, អំពិលអំពែក និងសត្វស្លាបតាមដងព្រែកសមុទ្រ, ល្អាងប្រចៀង, ទីឈ្វេងយល់ពាង និងផ្នូរបុរាណដែលមានអាយុកាលជាង៥០០ឆ្នាំ។ល។
លោក សូ លីហៀង តំណាងសហគមន៍អេកូទេសចរណ៍ជីផាត បានប្រាប់ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» យ៉ាងដូច្នេះថា៖ « ភ្ញៀវអឺរ៉ុបចូលចិត្តមកឈ្វេងយល់ពីការរស់នៅរបស់ពលរដ្ឋ, ការបោះតង់ ជាពិសេសដំណើរផ្សងព្រេង។ ភ្ញៀវបរទេសមកលេងជីផាតពី ៧០ទៅ៨០ភាគរយ និងភ្ញៀវជាតិត្រឹម ២០ប៉ុណ្ណោះ»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សូ លីហៀង តំណាងសហគមន៍អេកូទេសចរណ៍ជីផាតដូចតទៅ៖
សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News និងគាំទ្រដោយក្រសួងទេចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់តំបន់ទេសចរណ៍សក្តានុពល ដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
Tag:
ជីផាត
កោះកុង
Mercedes-Benz និងកំណប់អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com