ជាតិ
សម្ដេចហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្ត-ក្រុងចំនួន៤ ដោះស្រាយបញ្ហាគម្រោងខ្សែបញ្ជូនអគ្គិសនីភ្នំពេញ-ព្រះសីហនុ
× ភ្នំពេញ៖ គម្រោងខ្សែបញ្ជូន២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុល ជាខ្សែបញ្ជូនថាមពលអគ្គិសនីពីប្រភពភាគខាងត្បូង មកប្រើប្រាស់ក្នុងប្រព័ន្ធបណ្ដាញជាតិទាំងមូល។ សម្ដេចនាយករដ្ឋមន្ត្រី ចាត់ទុកគម្រោងខ្សែបញ្ជូននេះ ជាខ្សែអាទិភាពដែលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្លាំង។ ក្នុងលិខិតបញ្ជារបស់រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោះស្រាយបន្ទាន់ចំពោះផលប៉ះពាល់លើគម្រោងខ្សែបញ្ជូននេះ។
រដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា មានផលប៉ះពាល់ដល់គម្រោងខ្សែបញ្ជូន ២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុល ជាខ្សែអាទិភាពដែលរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបញ្ជូនថាមពលអគ្គិសនីពីប្រភពភាគខាងត្បូងមកប្រើប្រាស់ក្នុងប្រព័ន្ធបណ្ដាញជាតិទាំងមូល។ ជាក់ស្ដែងខ្សែបញ្ជូននេះ មានបង្គោលចំនួន ៤២១បង្គោល ដែលបង្គោលដោះស្រាយរួចរាល់មានចំនួន ៣៤៩បង្គោល និងបង្គោលប្រមាណ ៧២នៅសល់ ដោយសារបង្គោលមួយចំនូនធំពាក់ព័ន្ធដីរបស់ក្រុមហ៊ុន និងអ្នកមានតួនាទីក្នុងជួររដ្ឋាភិបាល។ នេះបើតាមលិខិតបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីវិធានការដោះស្រាយផលប៉ះពាល់គម្រោងខ្សែបញ្ជូន ២៣០ និង៥០០គីឡូវ៉ុល ភ្នំពេញ-ព្រះសីហនុ ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន។
ដោយមើលឃើញពីផលប៉ះពាល់នេះ និងដើម្បីធានាឲ្យការសាងសង់ ការដាក់ឲ្យដំណើរទៅតាមផែនការ សម្ដេច ហ៊ុន សែន បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសអភិបាលរាជធានីភ្នំពេញ, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ត្រូវធ្វើជាប្រធានដឹកនាំការងារដោះស្រាយផលប៉ះពាល់ដោយផ្ទាល់។ តាមលិខិតបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាដដែល ក្រុមការងារពិសេសថ្មីខាងលើ ត្រូវបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងប្រគល់ដី មកឲ្យក្រុមហ៊ុនសាងសង់ខ្សែបញ្ជូន ក្នុងរយៈពេល៥ខែយ៉ាងយូរ។
សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា ក្នុងករណីចាំបាច់ អភិបាលរាជធានី-ខេត្ត ត្រូវប្រើវិធានការរដ្ឋបាល ស្របតាមច្បាប់ក្នុងករណីសំណងសមស្របមិនត្រូវបានទទួលយកដោយម្ចាស់ដី ដើម្បីធានាថាគម្រោងដែលជាប្រយោជន៍ជាតិ មិនត្រូវបានអូសបន្លាយ។ ជាមួយគ្នានេះ អភិបាលរាជធានី-ខេត្តខាងលើ ត្រូវធ្វើរបាយការណ៍រៀងរាល់ខែ ពីការដោះស្រាយផលប៉ះពាល់ខាងលើមកកាន់រដ្ឋាភិបាល៕
Tag:
សម្ដេច ហ៊ុន សែន
ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com