ជាតិ
អ្នក​ចិញ្ចឹម​ត្រី​ក្នុង​បែ បារម្ភ​រឿង​ត្រី​ងាប់ ខណៈ​កម្តៅ​កើនឡើង
07, Apr 2019 , 3:29 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ដែល​រស់នៅ​ផ្ទះ​បណ្តែត​ទឹក នៅក្នុង​ឃុំ​ព្រែកតាទែន ពញាឮ ខេត្តកណ្ដាល ដែល​ភាគច្រើន​ពឹង​ផ្អែកលើ​ការចិញ្ចឹម​ត្រី​ពីក្រោម​ផ្ទះ ដែល​ហៅថា​បែ​ចិញ្ចឹម​ត្រី​បាន​ខ្វាយខ្វល់​យ៉ាងខ្លាំង​ចំពោះ​អាកាសធាតុ​ក្តៅ​ខ្លាំង ដែល​អាចធ្វើ​ឲ្យ​ត្រី​ចិញ្ចឹម​ក្នុង​បែ​របស់ខ្លួន​ងាប់​។ 

 
​លោក រ៉ា​កាស៊ី ជា​អ្នក​ចិញ្ចឹម​ត្រី​ម្នាក់​ផង​នោះ បាន​ឲ្យ​ដឹងថា ជាទូទៅ​ក្នុង​ខែ​៣ និង​ខែ​៤ មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង ដែល​អាច​ឲ្យ​ត្រី​ងាប់​បាន​។ លោក រ៉ា​កាស៊ី ដែល​អះអាង​ត្រី​របស់លោក បានចាប់ផ្តើម​ងាប់​មួយៗ​ហើយ​នោះ ពន្យល់ថា​៖«​ពេល​ត្រី​ងាប់​ច្រើន ដោយសារ​ទឹក​ក្ដៅ ទឹក​នៅ​នឹងមិន​ហូរ បណ្ដាល​ឲ្យ​ត្រី​ពុល​ទឹក​។ ម្យ៉ាងទៀត​ពេលខ្លះ គឺ មកពី​ការ​បង្ហូរទឹក​ចេញពី​រោងចក្រ​ចូល​ទន្លេ​»​។​


 
​អ្នកស្រី សុខ ស្រី​នាង ក៏​ជា​អ្នករស់នៅ​ឃុំ​ព្រែក​កា​ទែន​ដែរ​។ អ្នកស្រី​ដែល​ប្រកប​របរ​ចិញ្ចឹម​ត្រី​នេះ ជាង​២០​ឆ្នាំ​មកហើយ​នោះ បាន​សង្កត់ធ្ងន់ថា ត្រី​របស់​អ្នកស្រី​ងាប់​អស់​ជាង​១​ពាន់​ក្បាល​ហើយ ដោយសារ​ធាតុអាកាស​ក្ដៅ​ផង និង​បញ្ហា​ទឹក​មាន​ជាតិពុល​ផង​។ ស្ត្រី​វ័យ​ប្រមាណ​៤០​ឆ្នាំ​រូបនេះ ពោល​បន្ត​ទាំង​មុខស្ងួត​ថា​៖«​ចិ​ញឹម​ត្រី​ខាត​អស់​២​ឆ្នាំ​ហើយ​។ កាល​ឆ្នាំទៅ​មិញ ខាត​អស់​ជាង​២០​លាន​រៀល ដោយសារ​ត្រី​ធ្លាក់ចុះ​។ ឯ​ឆ្នាំនេះ​វិញ ខាត​ដោយសារ​ត្រី​ងាប់​»​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ធម្មតា​នៅតាម​ទន្លេ​កន្លែង​ខ្លះ តែ​ទទួលរង​នៅ​ការ​បង្ហូរទឹក​ចូលក្នុង​ទន្លេ ដែលមាន​ជាតិពុល និង​ទឹក​មិន​ស្អាត​ពី​រោងចក្រ ដែល​អាច​បង្ក​ឲ្យ​មានការ​ងាប់​ត្រី​បាន​។ ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ​ក្តៅ លោក បាន​ប្រាប់​ពី​វិធី​បង្ការ​ខ្លះៗ ដូចជា​ត្រូវ​ចល័ត​បែ​ចិញ្ចឹម​ត្រី ទៅ​កន្លែង​មានទឹក​ជ្រៅ និង​ចៀសវាង​នៅ​កន្លែង​ទឹកនឹង​មិន​ហូរ​។ បើ​មានលទ្ធភាព​អ្នក​ចិញ្ចឹម​ត្រី​គួរ​ដាក់​បំពង់ខ្យល់​ឧ​ស៊ីន​សែន​ក្នុង​បែ និង​គួរ​បន្ថែម​ទឹក​ឲ្យ​ច្រើន​ក្នុង​ស្រះ​។ ការដាក់​បរិមាណ​ត្រី​ចិញ្ចឹម​ច្រើន ក៏​អាចជា​បញ្ហា​ឲ្យ​ត្រី​ងាប់​ដែរ​៕
 

Tag:
 ចិញ្ចឹម​ត្រី​
  អាការ​ធាតុ​ក្ដៅ
© រក្សាសិទ្ធិដោយ thmeythmey.com