ជាតិ
ក្រសួងការពារជាតិ ព្រមាន​ចាត់វិធានការ​លើ​អ្នក ដែល​យក​រូប​នាយទាហាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ក្នុងន័យ​ទុច្ចរិត​
08, Apr 2019 , 9:45 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងការពារជាតិ ព្រមាន​ចាត់វិធានការ​លើ​អ្នក ដែល​យក​រូប​នាយទាហាន​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងន័យ​ទុច្ចរិត​។ ការព្រមាន​របស់​ក្រសួងការពារជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​បាន​ពិនិត្យឃើញ​មាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​បង្ហោះ​រូបភាព​ទាហាន និង​ខ្លឹមសារ ញុះញង់​វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​។​

 
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ចាត់ទុក​សកម្មភាព​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងនេះ គឺជា​អំពើ​ខុសច្បាប់ ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។ ដើម្បី​ទប់ស្កាត់​ទង្វើ​បែបនេះ ក្រសួងការពារជាតិ ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងអស់ ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​សកម្មភាព​នេះ​។​
 
​អម​ជាមួយ​ការព្រមាន​ចាត់វិធានការ​នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក៏​ប្រាប់​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​នោះ មានការ​ប្រុងប្រយ័ត្ន ដោយ​រក្សា​ការពារ​សន្តិសុខ និង​កិច្ចការងារ​សម្ងាត់​រប​ស់​អង្គភាព មិន​ឲ្យ​មានការ​បែកធ្លាយ​ជា​សាធារណៈ​ឡើយ​។​
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងការពារជាតិ បានលើកឡើង​ដូច្នេះ​ថា​៖«​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ទំនុកចិត្ត​មកលើ​កងយោធពល​ខេមរភូមិន្ទ ហើយ​សូមកុំ​ចាញ់​ឧបាយកល ក្រុម​ទុច្ចរិត​ទាំងនោះ​ឲ្យ​សោះ​»​។​
 
​លើកឡើង​បែបនេះហើយ អ្នកនាំពាក្យ​ក្រសួង​ការពារ នៅតែ​អះអាងថា កងកម្លាំង​ទាំងអស់ មាន​ជំហរ​ស្មោះត្រង់​ចំពោះ​រដ្ឋាភិបាល ហើយ​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង បង្ក​ភាពវឹកវរ​ដល់​សង្គម និង​ការបំផ្លាញ​ដល់​សន្តិសុខ​ជាតិ​៕

Tag:
 ​ការពារជាតិ​
  ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com