ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជិត​ចូលឆ្នាំ អង្គការសិទ្ធិមនុស្ស ស្នើ​ឲ្យ​បញ្ឈប់​ការឃុំ​លោក កឹម សុខា ក្នុងផ្ទះ​
08, Apr 2019 , 11:59 am        
រូបភាព
លោក កឹម សុខា ជាមួយម្តាយនិងភរិយា។  រូបពីគណនីហ្វេសបុក Chantha Muth
លោក កឹម សុខា ជាមួយម្តាយនិងភរិយា។ រូបពីគណនីហ្វេសបុក Chantha Muth
ដោយ: ថ្មីៗ
​ខណៈ​បុណ្យចូលឆ្នាំ​ខ្មែរ​ជិត​មកដល់ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បានស្នើ​ជាថ្មី ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ ហើយ​ទម្លាក់​បទ​ចោទ​ចេញពី​លោក​ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ​។


 
​តាមរយៈ​របាយការណ៍​របស់ខ្លួន ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៩ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ហៅ​ករណី​របស់លោក កឹម សុខា ដែល​រង​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​និង​តុលាការ ថា​ជា​ករណី​ក្លែងក្លាយ​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា ករណី​លោក កឹម  សុខា កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ ដោយ​គ្មាន​អ្នកណា អាច​ជ្រៀតជ្រែក​បានឡើយ​។ លោក បញ្ជាក់​បែបនេះ​ថា «​ការ​លូកដៃ​ចូល​កិច្ចការ​តុលាការ​ដោយ​បង្គាប់បញ្ជា​តុលាការ គឺជា​ការរំលោភច្បាប់​និង​ប្រមាថ​ដល់​ស្ថាប័ន​តុលាការ​»​។ 
 
​ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ខឹង​លោក កឹម សុខា ពេល​ទទួល​ព័ត៌មាន​ថា លោក ព្យាយាម​រារាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង មិន​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​។ ប្រធាន​គណបក្សកាន់អំណាច និយាយ​សំដៅទៅ​លោក កឹម សុខា ថា «​មាន​អ្នកខ្លះ ជាប់ឃុំ​ក្នុងផ្ទះ​នៅឡើយ​ទេ តែ​គំរាម​គេ​មិន​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​។ ចាំតែ​រួចខ្លួន​តើ ខ្ញុំ​មិន​ឲ្យ​រួចខ្លួន​ទេ​»​។ 
 
​យ៉ាងណាក៏ដោយ មេធាវី​របស់លោក កឹម សុខា បាន​ចេញមក​បកស្រាយ​ថា លោក កឹម សុខា ពុំបាន​ជំរុញ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ឲ្យ​ទៅសុំ​សិទ្ធិ​នយោបាយ​នោះទេ ហើយក៏​មិនបាន​រារាំង​ដែរ បើ​ពួកគេ ចង់​សុំ​សិទ្ធិ​នយោបាយ​។ 
 
​មកដល់ពេលនេះ លោក កឹម សុខា ជាប់ឃុំ​លើសពី​មួយឆ្នាំ​កន្លះ​ហើយ​។ អតីត​គណបក្សប្រឆាំង បាន​ហៅ​ការឃុំ​លោក កឹម សុខា រយៈពេល​យូរ រហូត​លើសពី​មួយឆ្នាំ​កន្លះ​នេះ ថា​ជាការ​រំលោភច្បាប់​និង​រដ្ឋធម្មនុញ្ញ​។ តាម​នីតិវិធី ជន​ត្រូវ​ចោទ មិនអាច​ត្រូវបាន​ឃុំ​ឲ្យ​លើសពី​មួយឆ្នាំ​កន្លះ​ឡើយ​។ 
 
​ប៉ុន្តែ តុលាការ​និង​ក្រសួងយុត្តិធម៌ បកស្រាយ​ថា បច្ចុប្បន្ន លោក កឹម សុខា មិនមែន​ជាប់ឃុំ​ក្នុងផ្ទះ​នោះទេ ពោលគឺ លោក ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ហើយ ដោយ​គ្រាន់តែ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ និង​ជាប់​បម្រាប​ខ្លះៗ​ប៉ុណ្ណោះ​។ បម្រាម​ទាំងនោះ រួមមាន មិន​ឲ្យ​ចេញ​ទៅណា​ហួស​ពី​ព្រំដែន​កំណត់ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង និង មិន​ឲ្យ​ជួប​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​៕

Tag:
 តុលាការ​
  កឹម សុខា​
  HRW
© រក្សាសិទ្ធិដោយ thmeythmey.com