ជាតិ
សម្ដេច ហ៊ុន សែន ៖ ការមើលរំលង​តួនាទី​រូបិយវត្ថុ​ជាតិ នឹងធ្វើ​ឲ្យ​អធិបតេយ្យ​ជាតិ​ទន់ខ្សោយ​
08, Apr 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ការមើលរំលង​តួនាទី​រូបិយវត្ថុ​ជាតិ គឺជា​ធ្វើ​ឲ្យ​អធិបតេយ្យ​ជាតិ​ចុះ​ទន់ខ្សោយ ដែល​វា​នាំ​ឲ្យ​បាត់បង់​ភាពជា​ម្ចាស់ការ លើ​ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​លើក​កិត្យានុភាព​ជាតិ តាមរយៈ​ការប្រើប្រាស់​ប្រាក់រៀល​។​

 
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​»  នៅ​ព្រឹក​ថ្ងៃទី​៨ មេសា​នេះ សម្ដេច ហ៊ុន សែន បាន​រៀបរាប់​សាវតា​នៃ​ការប្រើប្រាស់​រូបិយវត្ថុ​នៅ​កម្ពុជា ។ ផ្ដើមចេញពី​ប្រវត្តិ​សេដ្ឋកិច្ច និង​ការប្រើប្រាស់​រូបិយវត្ថុ​របស់​ខ្មែរ​តាំងពី​សម័យកាល​ហ្វូណន រហូតដល់​សម័យអង្គ​រ​នោះ សម្ដេច ហ៊ុន សែន បាន​អះអាងថា កម្ពុជា មិនបាន​បោះពុម្ព​រូបិយវត្ថុ​ជាតិ​ទេ ពោលគឺ​ប្រើប្រាស់​ប្រាក់​សំប៉ែត​ដែល​នាំមក​ដោយ​ជន​ជាតិចិន​ប៉ុណ្ណោះ​។ 
 
​ប៉ុន្តែ​វឌ្ឍនភាព​នៃ​ការប្រើប្រាស់​រូបិយវត្ថុ​របស់​កម្ពុជា បាន​ប្រែ​មកប្រើប្រាស់​«​ប្រាក់​ស្លឹង​» សម្រាប់​អត្តសញ្ញាណ​ជាតិ​ជា​លើកដំបូង នៅ​ដើម​សតវត្សរ៍​ទី​១៦ ក្រោម​ការដឹកនាំ​របស់​«​ព្រះ​ស្រី​ជេដ្ឋា​រាជ​វា​មា​នា​ធិបតី​» ហៅ «​ស្តេច​កន​» ដែលជា​ព្រះមហាក្សត្រ​ដំបូង​គេ​បង្អស់ បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ ដើម្បី​ពង្រឹង​អំណាច​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​អធិបតេយ្យ​ជាតិ សម្រាប់​ផ្សាភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​បរទេស ដូចជា​អេស្បាញ និង​ព័រ​ទុយ​ហ្គា ដែល​គេ​ប្រើប្រាស់​(​ប្រាក់​ព្យ៉ា​ស់​)​។ ដោយឡែក​នៅក្រោម​ការដឹក​នាំ​របស់​ព្រះបាទ​អង្គឌួង វិញ ក៏បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ «​ប្រាក់​ប្រាសាទ​»​ផងដែរ ដើម្បី​ពង្រឹង​ភាពខ្លាំង​នៃ​សេដ្ឋកិច្ច និង​អធិបតេយ្យ​ជាតិ និង​រំដោះ​ប្រទេសជាតិ​ចេញ ពី​ឥទ្ធិពល​បរទេស​។ តែដោយសារ​កម្ពុជា ស្ថិតនៅក្រោម​ការ​ដ​គ្រប់គ្រង​អាណាព្យាបាល​បារាំង​នោះ ទើប​កម្ពុជា​គ្មាន​អធិបតេយ្យភាព​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​ប្រាក់​«​ប្រាសាទ​» នេះ​បានឡើយ ពោលគឺ​បាន​ប្រើប្រាស់​រូបិយវត្ថុ «​ប្រាក់​ព្យ៉ា​ស់​» ដែល​ពួក​អាណានិគម កំណត់​ប្រើ​ក្នុង​តំបន់​ឥណ្ឌូចិន​ប៉ុណ្ណោះ​។ នេះ​ជា​រំឭក​សាវតា​នៃ​ប្រើប្រាស់​រូបិយវត្ថុ​នៅ​កម្ពុជា ដោយ​សម្ដេច ហ៊ុន សែន​។​
 
​ដោយសារតែ​កត្តា​ចង់​ពង្រីក​កិត្យានុភាព និង​ងើប​ចេញពី​ការកៀបសង្កត់​នោះ ទើបបានជា​ព្រះមហាក្សត្រ​ខ្មែរ​មួយចំនួន ខិតខំ​ព្យាយាម​កសាង​អធិបតេយ្យ​ជាតិ តាមរយៈ​ការបោះ​ផ្សាយ​រូបិយវត្ថុ​ជាតិ​ដោយ​ខ្លួនឯង​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ខ្មែរ ដោយ​មិនត្រូវ​មានការ​មើលស្រាល​រូបិយវត្ថុ​ជាតិ​ឡើយ​។
​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​ការមើលរំលង​តួនាទី​រូបិយវត្ថុ​ជាតិ ធ្វើ​ឲ្យ​បាត់បង់​ភាពម្ចាស់ការ​លើ​ការគ្រប់គ្រង​សេដ្ឋកិច្ច អធិបតេយ្យ​ជាតិ ហើយ​ប្រទេសជាតិ នឹងមាន​ភាពទន់ខ្សោយ​លើ​គ្រប់​វិស័យ​»​។​
 
​បើតាម​សម្ដេច ហ៊ុន សែន បច្ចុប្បន្ន​ប្រាក់រៀល​ខ្មែរ​កំពុងមាន​ដំណើរកា​រ​ចរាចរណ៍​យ៉ាងខ្លាំង ទាំង​ក្នុង​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការដាក់​ក្នុង​ប្រព័ន្ធ​ធនាគារ​។​
 
 
​ការសិក្សា​ស្រាវជ្រាវ​ដុល្លា​រូបនីយកម្ម​នៅតាម​តំបន់​នានា​ក្នុង​ឆ្នាំ​២០១៧​កន្លងមក បាន​រកឃើញថា ក្នុង​រាជធានី​ភ្នំពេញ​មានការ​ប្រើប្រាស​លុយ​ដុល្លា​ជាង​៦០ ភាគរយ​, ខេត្តសៀមរាប​ប្រើប្រាស់​លុយ​ដុល្លារ​មាន​ជាង ៦០ ភាគរយ ហើយ​តំបន់​ជនបទ​មាន​ត្រឹម​ជាង​២០​ភាគរយ​ប៉ុណ្ណោះ​។​នោះ​ក៏​ព្រោះតែ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​ក្នុងការ​វិនិយោគ ជា​ចរន្ត​សេដ្ឋកិច្ចពិភពលោក​។  ជុំវិញ​បញ្ហា​នេះ កន្លងមក​ធនាគារជាតិ បានប្រកាស​ឲ្យ​ធនាគារ និង​វិស័យ​គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ ត្រូវ​ផ្ដល់​កម្ចី​ជា​ប្រាក់រៀល​ប្រមាណ​១០​ភាគរយ ក្នុងការ​ដំណើរ​ការផ្ដល់សេវា​កម្ចី​របស់ខ្លួន​។ ចំណែក​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល ក៏បាន​ស្នើ​ឲ្យ​វិស័យ​ឯកជន ប្រើប្រាស់​រូបិយ​វ​ត្តុ​ជាតិ​ឲ្យ​បាន​ច្រើន តាមរយៈ​ការបើក​ប្រាក់ខែ​ដល់​បុគ្គលិក​របស់ខ្លួន​ជា​ប្រាក់រៀល​ផងដែរ​។​
 
​គិត​ចាប់​ពីថ្ងៃ​ដួលរលំ​របប​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៩​មក រូបិយវត្ថុ​ជាតិ​កម្ពុជា ដែល​អាច​អធិបតេយ្យភាព​ប្រើប្រាស់​ជា​ផ្លូវ មាន​អាយុកាល​៣៩​ឆ្នាំ​ហើយ ដោយ​កាលណោះ​ការបោះ​ពុ​ម្ភ​ផ្សាយ​ក្រដាសប្រាក់ ត្រូវ​ពឹង​ប្រទេស​រុស្ស៊ី និង​បារាំង ជួយ​បោះ​ពុ​ម្ភ​ឲ្យ រហូតដល់​កម្ពុជា​អាចមាន​លទ្ធភាព​បោះ​ពុ​ម្ភ​ដោយ​ខ្លួនឯង​វិញ​នេះ​។ ដោយសារតែ​ចង់​រំឭក​សាវតា​នៃ​ការប្រើប្រាស់​រូបិយវត្ថុ​កម្ពុជា​នេះហើយ ទើបបានជា​រដ្ឋាភិបាល រៀបចំ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» នេះ ដោយ​រចនា​ឡើង​តាម​រូបិយវត្ថុ ដែល​បាន​បោះផ្សាយ និង​ត្រូវបាន​ប្រើប្រាស់​នាពេល​កន្លងមក​។ សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» មាន​ពិព័រណ៍​ចំនួន ១២​ម៉ូ​ឌែ​ល ដែល​ពិពណ៌នា​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​រំលេច​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ក្នុងសម័យ​ហ្វូណន​រហូតដល់​បច្ចុប្បន្ន​។ ផ្នែក​ខាង​ក្នុងនៃ​សារមន្ទីរ មាន​ភាពទំនើប និង​ត្រូវបាន​បំពាក់​ដោយ​ភាពយន្ត​ឯកសារ ល្បែង​កម្សាន្ត និង​ផ្ទាំង​ប៉ះ (Touch Screens) ដែល​ផ្តល់នូវ​ភាព​រីករាយ និង​ចំណេះដឹង​ដល់​សាធារណជន​៕

Tag:
 ហ៊ុន សែន​
  រូបិយវត្ថុ​ជាតិ​
  ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com