អន្តរជាតិ
ប៉ា​គី​ស្ថាន ចោទ​ឥណ្ឌា​ថា រៀប​គម្រោង​វាយប្រហារ​ខ្លួន តែ​ឥណ្ឌា​បដិសេធ​
08, Apr 2019 , 9:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន Shah Mehmood Qureshi ក្នុងសន្និសីសារព័ត៌មាន។ (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន Shah Mehmood Qureshi ក្នុងសន្និសីសារព័ត៌មាន។ (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន Shah Mehmood Qureshi នៅ​ថ្ងៃទី​៧ ខែមេសា បាន​ចោទ​ឥណ្ឌា​ចំៗ​ថា មាន​ផែនការ​វាយប្រហារ​ប៉ា​គី​ស្ថាន​ក្នុង​ខែមេសា​នេះ​។ លោក Qureshi និយាយ​បែបនេះ​ដោយ​សំអាង​លើ​ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្តបាន​របស់​ក្រុម​ចារកម្ម​ប៉ា​គី​ស្ថាន​ផ្ទាល់​។ យ៉ាងណាមិញ ការចោទប្រកាន់​របស់​ប៉ា​គី​ស្ថាន ត្រូវបាន​ឥណ្ឌា​ទាត់ចោល​ភ្លាមៗ​វិញ ដោយ​មន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា​ចាត់ទុកជា​ព័ត៌មាន​បំផ្លើស​។​

 
​ភាព​តានតឹង​រវាង​មហាអំណាច​អាស៊ី​ខាងត្បូង​ទាំងពីរ គឺ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​នៅតែ​មិន​ថមថយ​ដដែល​។ កម្ដៅ​បាន​ឡើង​ខ្ពស់​នៅ​ដើមឆ្នាំ​២០១៩ បន្ទាប់ពី​ឥណ្ឌា​រង​ការ​ប្រហារ​ដ៏​ធំ​មួយ​ក្នុង​តំបន់​កា​ស្មៀ​ដែល​ខ្លួន​គ្រប់គ្រង​ក្នុង​ខែកុម្ភៈ​។ ឥណ្ឌា​បាន​តប​វិញ ដោយ​បើក​ការវាយប្រហារ​ដែនអាកាស​លើ​គោលដៅ​ក្រុម​ជ្រុលនិយម​នៅ​ទឹកដី​ប៉ា​គី​ស្ថាន​វិញ​។ ការប៉ះទង្គិច​ក៏​ឈានដល់​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​មួយគ្រឿង​ផងដែរ​។​
 
​ខណៈ​ស្ថានភាព​ធូរស្រាល​បន្តិច ប្រមុខ​ការទូត​ប៉ា​គី​ស្ថាន Shah Mehmood Qureshi បែរជា​ចោទ​ឥណ្ឌា​ថា ប្រុង​វាយប្រហារ​លើ​ប៉ា​គី​ស្ថាន​ជាថ្មី​ទៅវិញ​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៧ ខែមេសា លោក Qureshi បាន​បញ្ចេញ​ព័ត៌មាន​ចារកម្ម​ដែល​ប៉ា​គី​ស្ថាន​ប្រមូលបាន និង​ចោទថា ឥណ្ឌា​នឹងធ្វើ​សកម្មភាព​យោធា​នៅ​ចន្លោះ​ថ្ងៃទី​១៦ ដល់ទី​២០ ខែមេសា​នេះ​។ លោក​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​សម្ដី​របស់ខ្លួន និង​ថា គម្រោង​របស់​ឥណ្ឌា មាន​គោលដៅ​ដាក់​សម្ពាធ​លើ​ប៉ា​គី​ស្ថាន​។​
 
​បើតាម​ប្រមុខ​ការទូត​រូបនេះ ប៉ា​គី​ស្ថាន​ក៏បាន​កោះហៅ​អនុប្រធាន​ទូត​ឥណ្ឌា​ប្រចាំ​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ​ទៅ​សួរនាំ​ពី​រឿងនេះ​។ លើសពីនោះ ប៉ា​គី​ស្ថាន ក៏បាន​ជូនដំណឹង​ពី​ព័ត៌មាន​ដែល​ខ្លួន​ទទួលបាន​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រួចហើយ​ដែរ​។ 
 
​ក្រោយ​ការចោទប្រកាន់​ជា​សាធារណៈ​សំណាក់​មន្ត្រីការទូត​ប៉ា​គី​ស្ថាន ក្រុង​ញូវដែលី ក៏​ប្រកាស​ទាត់ចោល​វិញ​ដោយ​មិន​បង្អង់​យូរ​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា Raveesh Kumar ហៅ​ការ​ចោទ​របស់លោក Qureshi ជា​ការមិន​ទទួលខុសត្រូវ និង​ធ្វើឡើង​ដោយ​ខុស​ទំនង​ទៀតផង​។ តាមរយ Twitter របស់ខ្លួន មន្ត្រី​នាំពាក្យ​ដដែល​នេះ​ក៏​ចាត់ទុក​សម្ដី​លោក Qureshi ជាការ​ប៉ុនប៉ង​បង្ក​ការភ័យខ្លាច​នៃ​ការផ្ទុះ​សង្គ្រាម​ក្នុង​តំបន់​។​
 
​លោក Kumar វាយ​និយាយ​រិះគន់​លោក Qureshi វិញ​ថា កំពុង​ប្រាប់​ឲ្យ​ក្រុម​ភេរវជន​មាន​ទីតាំងនៅ​ទឹកដី​ប៉ា​គី​ស្ថាន​ឲ្យ​បើក​ការវាយប្រហារ​ក្នុង​ទឹកដី​ឥណ្ឌា​ទៀតផង​។ មន្ត្រី​ឥណ្ឌា​ដដែល​នេះ ប្រាប់​ឲ្យ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បោសសម្អាត​ក្រុម​ជ្រុលនិយម​ដែល​លាក់ខ្លួន​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន ជាជាង​ការនិយាយស្ដី​ដែល​បិទបាំង​បញ្ហា​ស្នូល​របស់​តំបន់​នោះ គឺ​សកម្មភាព​ភេរវកម្ម​ឆ្លង​ព្រំដែន​តែម្ដង​។​
 
​តាមពិតទៅ ឥណ្ឌា​តែង​ចោទប្រកាន់​គូសត្រូវ​ស្លាប់​រស់​ពី​ដែល​បានអនុញ្ញាត​ឲ្យ​ក្រុម​ភេរ​វក​របើក​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​ឥណ្ឌា​វិញ​។ កាលពី​ហេតុការណ៍​ថ្ងៃទី​១៤ ខែកុម្ភៈ​ដែល​សម្លាប់​ទាហាន​ឥណ្ឌា​អស់​៤០​នាក់ ក្រុម​ជ្រុលនិយម Jaish-e-Mohammad ដែលមាន​ជំរំ​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​ប្រកាស​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​។ យ៉ាងណា ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​តែង​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងឡាយ​លើ​ខ្លួន ហើយ​អំពាវនាវ​ឲ្យ​មានការ​សហការ​ជាមួយ​ក្រុង​ញូវដែលី​ផង​៕
 

Tag:
 ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
  Shah Mehmood Qureshi
© រក្សាសិទ្ធិដោយ thmeythmey.com