ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ រៀបរាប់​ការលំបាក​ពេល​ហាត់គុន​ខ្មែរ គុន​ចម្រុះ និង ប្រដាល់សកល​
08, Apr 2019 , 10:19 pm        
រូបភាព
​ដោយ​៖ ស៊ី​ធី 

​អ្នកលេង​គុន​ចម្រុះ នៅ ស្រី​ពៅ ដែល​ទទួលស្គាល់ថា​ជា​កីឡា​ការ​នី​ជួរមុខ​របស់​កម្ពុជា បាន​និយាយ​រៀបរាប់​ពី​ផល​លំបាក​ពេល​ចូល​ហ្វឹក​ហាត់គុន​ចម្រុះ​លើកដំបូង និង​ហាត់​ប្រដាល់សកល​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​ចុងឆ្នាំ​នេះ​។ 
 
​កីឡា​កា​រិ​និ​គុន​ខ្មែរ​មកពី​ក្លិប​ប្រដា​ល់តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​រៀបរាប់​ដូច្នេះ​៖« ពេល​ខ្ញុំ​ហ្វឹក​ហាត់គុន​ខ្មែរ​ដំបូង​ជាមួយ​លោក គ្រូ ញ៉ូ​វ ម៉ាក និង គ្រូ​ម៉ាក សា​ខន ខ្ញុំ​ឈឺ​ពេញ​ខ្លួន​ចំនួន ២ សប្ដាហ៍​។ នេះ​ជា​រឿង​លំបាក​ដំបូង​គេ​។​
 
 ប៉ុន្តែ​បើ​យើង​មិន​ខំ​ហាត់​ទៀត ឬ អត់​តស៊ូ ប្រហែលជា​ខ្ញុំ​ឈប់​មានមុខ​លើស​ង្វៀន​បាត់ទៅហើយ​។ អ្វីដែល​លំបាក​ទៀត គឺ ហ្វឹកហាត់​ឡាំ​ជង្គង់​ជាមួយ​ប្រុសៗ ដែល​ឈឺ​សឹង​ទ្រាំលែងបាន ហើយ​ពេលមុន​ឡើង​វ៉ៃ ខ្ញុំ​ត្រូវ​ហាត់​ឡាំ​ជង្គង់​រហូត​»​។ យ៉ាងណាក្ដី កីឡាការិនី​វ័យ ២៤ ឆ្នាំ​រូបនេះ​នៅតែ​បន្ត​ក្រាញននាល​ដើម្បី​ហ្វឹក​ហាត់គុន​ខ្មែរ បន្ទាប់ពី​សុំ​ម្ដាយ​ទម្រាំ​យល់ព្រម​ឲ្យ​ទៅ​ហាត់​ក្បាច់គុន​ឈឺ​សាច់​មួយ​នេះ​។ 
 
​ក្រៅពី​ហាត់គុន​ខ្មែរ​ជោកជាំ​កីឡាការិនី​មាន​ស្រុកកំណើត​នៅ​ចំការ​ដូង​រាជធានី​ភ្នំពេញ​ដដែល​នេះ​ត្អូញត្អែរថា​ការហាត់​ក្បាច់គុន​ចម្រុះ ឬ MMA រឹតតែ​លំបាក​ខ្លាំងណាស់​ជាង​ហ្វឹក​ហាត់គុន​ខ្មែរ​ទៅទៀត ពោល​មាន​ក្បាច់​ច្រើន​ច្របាច់​បញ្ចូល​គ្នា​។ ប៉ុន្តែ​នេះ​ជា​រឿង​ចាំបាច់​ត្រូវតែ​ហ្វឹកហាត់ មុន​ចេញទៅ​ប្រកួត​លើស​ង្វៀន​កម្រិត​ពិភពលោក One Championship​។ 
 
​កូនសិស្សលោក​ញ៉ូ​វ ម៉ាក សង្កត់ធ្ងន់​យ៉ាង​បែបនេះ​៖«​ពេល​ខ្ញុំ​ហាត់​ប្រដាល់សេរី គឺ​ប្រើ​ដៃ ជើង​ជង្គង់ ប៉ុន្តែ MMA មាន​ក្បាច់​ច្រើនណាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្មុគស្មាញ និង លំបាក​ជាង​។ ក្បាច់​ច្របល់​គ្នា​ដូចជា​ចំបាប់ យូ​ដូ ក្លេរ បោក កាច់​មួល ទាត់​ធាក់ និយាយ​ទៅគ្រប់​ក្បាច់ លំបាក​មែនទែន​។ មួយទៀត​មុន​ទៅ​វ៉ៃ ជាមួយ Rika Ishige កាល​ខែ កុម្ភៈ ខ្ញុំ​ហាត់​ដល់​ស្ទើរ​ក្អួត កាលនោះ បង រិ​ន សា​រ័ត្ន ក្លេ​រក​ខ្ញុំ​ឡើង​ចង់​ចេញ​ក្អួត​»​។​
 
​ទោះជា​លំបាក​ប៉ុន្តែ ប្អូនស្រី​បង្កើត​របស់​អតីត​កីឡាករ​ប្រដាល់ នៅ ស៊ីថា នៅតែ​តស៊ូ​ខ្លាំងក្លា​តទៅទៀត​ដើម្បី​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ប្រចាំ​ប្រទេស និង ចង់ទៅ​ប្រកួត​លើស​ង្វៀន​អន្តរជាតិ​ញឹកញាប់​។ 
 
​នៅ​មិនទាន់​អស់រឿង​លំបាក កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship របស់​ប្រទេស​មី​យ៉ាន់​ម៉ា បាន​បែរមក​ហាត់​ប្រដាល់សកល​ជាង ១ ខែ​មកនេះ​ដើម្បី​ត្រៀម​ជើង​ព្រួល​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម​ចុងឆ្នាំ ២០១៩ នេះ​នៅ​ប្រទេស​ហ្វីលីពីន​។ 
 
ស្រី​ពៅ ដែល​ចូល​ហ្វឹកហាត់​ប្រដាល់ តាំងពី​ឆ្នាំ ២០១៤ បាន​បញ្ជាក់ថា ប្រដាល់សកល​ក៏​មួយ​យ៉ាង​ដែរ ដ្បិត​មិន​ប្រើ​ក្លេរ បោក ឬ កាច់​មួយ ដូច MMA  ប៉ុន្តែ ប្រដាល់សកល​តម្រូវ​ឲ្យ​កញ្ញា ប្រើ​ដៃ​វ៉ៃ​ឲ្យ​លឿន​តាមតែ​អាច​ធ្វើទៅ និង បម្លាស់​ទី​ឲ្យ​រហ័ស​ទៀត​។ ទោះ​បែប​ជា​យ៉ាង ស្រី​ពៅ សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​គិតថា មិនមាន​បញ្ហា​ចោទ​ពេល​ប្ដូរ​ពី វ៉ៃ​សេរី និង MMA មក​ហាត់​សកល ព្រោះ​ខ្ញុំ​ធ្លាប់​ហាត់​សកល​បាន ២ ឆ្នាំ​ដែរ​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ខ្ញុំ​អាច​ទទួលលទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេម​»​។ 
 
​គួរ​ដឹង​ដែរ​ថា នៅ ស្រី​ពៅ ចូល​ហាត់​ប្រដាល់​ដំបូង​ជាមួយ​លោកគ្រូ  ញ៉ូ​វ ម៉ាក និង លោកគ្រូ ម៉ាក សា​ខន នៃ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ​។ បន្ទាប់មក ពេលមុន​ចេញទៅ​ប្រកួត​ក្នុង​កម្មវិធី One Championship កីឡាការិនី​រូបនេះ​ទៅ​ហ្វឹកហាត់​ក្បាច់​ក្លេរ ឬ គុន​ចម្រុះ​ជាមួយ​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ និង រៀមច្បង​មានបទពិសោធន៍​ជាច្រើន​ទៀត​នៃ​ក្លិប Cambodian Top Team​។​
បន្ទាប់ពី​ឈ្នះ Riga កាល​ខែ កុម្ភៈ ស្រី​ពៅ ត្រូវបាន​ក្រសួង​អប់រំ​យុវជន និង កីឡា​កោះហៅ​ឲ្យ​ចូលក្នុង​ក្រុម​ជម្រើសជាតិ​ដោយ​ហាត់​ប្រដាល់សកល​បង្វឹក​ដោយ​លោក គ្រូ វ៉ែន សុផល​៕ 
 

Tag:
 ONE Championship
  នៅ ស្រី​ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com