អន្តរជាតិ
លី​ប៊ី កំពុង​ឈានទៅរក​សង្គ្រាមស៊ីវិល​?
08, Apr 2019 , 10:39 pm        
រូបភាព
​ស្ថានការណ៍​នៅ​លី​ប៊ី កំពុង​ឈានទៅរក​សង្គ្រាម​ផ្ទៃក្នុង​ពេញបន្ទុក ខណៈដែល​ភាគី​សំខាន់​ចំនួន​ពីរ បើ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅក្បែរ​រដ្ឋធានី​ទ្រី​ប៉ូ​លី​។ នៅ​ថ្ងៃទី​៧ ខែមេសា កងកម្លាំង​របស់​សេនាប្រមុខ Khalifa Haftar បាន​ពើប​ប្រយុទ្ធ​ជាមួយ​កម្លាំងយោធា​នៃ​រដ្ឋាភិបាល​សម្ព័ន្ធជាតិ ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​។ ទោះ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​ផ្អាក​ការប្រយុទ្ធ​ក្ដី គេ​នៅតែ​ឃើញ​មាន​សកម្មភាព​ពី​សំណាក់​កម្លាំង​ពីរ​ក្រុម​ដដែល ខណៈ​អាមេរិក​បានស្នើ​ឲ្យ​លោក Haftar ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​។

 
​ភាព​តានតឹង​នៅ​លី​ប៊ី ដែល​ត្រូវ​ហែក​ច្រៀក​ដោយ​កម្លាំងយោធា​ផ្សេងគ្នា​ជាច្រើន​ក្រុម​ក្រោយ​ការដួលរលំ​របប​ដឹកនាំ​លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វី ចាប់ផ្ដើម​ពុះកញ្ជ្រោល​ក្រោយ​ឧ​ត្ត​ម​សេនីយ៍ Khalifa Haftar បញ្ជា​ឲ្យ​កម្លាំងយោធា​របស់ខ្លួន រុល​ទៅ​រំដោះ​រដ្ឋធានី​ទ្រី​ប៉ូ​លី​។ កម្លាំងយោធា​នៃ​រដ្ឋាភិបាល​សម្ព័ន្ធជាតិ (GNA) ក៏បាន​បើក​យុទ្ធនាការ​សឹក ដើម្បី​ឆ្លើយតប​នឹង​ការ​រុលទៅមុខ​របស់​កម្លាំង​ក្រោមបង្គាប់​របស់លោក Haftar ដែល​ធ្លាប់​បម្រើការ​ឲ្យ​លោក ហ្កា​ដា​ហ្វី ។​
 
​លោក Haftar ជា​មេកន្ទ្រាញ​កាន់កាប់​ទឹកដី​លី​ប៊ី​ភាគច្រើន ហើយ​បោះ​ទីតាំងនៅ​ទីក្រុង​បេង​ហ្កា​ហ្ស៊ី​នៅ​ភាគ​ខាងកើត​។ ជាមួយនឹង​កម្លាំង​ពេញដៃ​បូករួម​នឹង​ភោគទ្រព្យ​ប្រេង​សន្ធឹកសន្ធាប់​ទៀត​នោះ សេនាប្រមុខ​រូបនេះ ចាប់ផ្ដើម​ពង្រីក​ទឹកដី​របស់ខ្លួន​ទៅកាន់​ភាគ​លិច​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សម្ព័ន្ធជាតិ​មាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​។ ការដណ្ដើម​រដ្ឋធានី​ទ្រី​ប៉ូ​លី ជា​គោលដៅ​សំខាន់​របស់​កម្លាំង​កង​ទ័ព​ជាតិ​លី​ប៊ី (LNA) របស់លោក Haftar ។​
 
​យោធា​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី បាន​បើក​យុទ្ធនាការ​តប​វិញ ខណៈ​កម្លាំងយោធា​មកពី​ភាគ​ខាងកើត​រុលចូល​កាន់តែ​ក្បែរ​តំបន់​ខ្លួន​ត្រួតត្រា​។ ភាគី​ទាំង​ពីរបាន​ប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​៧ ខែមេសា​នៅ​ភាគខាងត្បូង​រដ្ឋធានី ដោយមាន​យុទ្ធនាការ​តាម​ដែនអាកាស​ផង​។ បើតាម​របាយការណ៍រ​បស់​រដ្ឋ​ភិ​បាល​គាំទ្រ​ដោយ​អន្តរជាតិ មនុស្ស​យ៉ាងតិច​៣២​នាក់ បាន​បាត់​បង់ជីវិត​ក្នុងការ​វាយ​ប្រយុទ្ធ​នេះ ហើយ​ជាង​៥០​នាក់​ទៀត​របួស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក្រោយ​ការដួលរលំ​របប​ដឹកនាំ​លោក ហ្កា​ដា​ហ្វី នៅ​ឆ្នាំ​២០១១ លី​ប៊ី​ដែល​ធ្លាប់តែ​រួបរួម​ចម្រុងចម្រើន បែរជា​បែកបាក់ និង​ជួយ​បញ្ហា​មិនចេះចប់​។ ស្ដេច​ក្រាញ់​បានកើត​ឡើងជា​បន្ទាប់ ដោយ​គ្រប់គ្រង​ទឹកដី​ដោយឡែកៗ និង​វាយប្រហារ​គ្នា​ដណ្ដើម​អណ្ដូងប្រេង​ទៀតផង​។ យ៉ាងណាមិញ គេ​បារម្ភ​ថា ប្រតិបត្តិការ​របស់​យោធា​ស្មោះស្ម័គ្រ​នឹង​លោក Haftar ក្លាយជា​ឆ្នួន​បញ្ឆេះ​សង្គ្រាម​ក្នុងស្រុក ហើយ​ធ្វើ​ឲ្យ​ដំណើរការ​ស្វែងរក​សន្តិ​ភាព​ត្រូវ​បរាជ័យ​ទៀតផង​។​
 
​អាមេរិក​ឯណោះ​វិញ ដែលមាន​ចំណែក​កម្ចាត់​លោក ហ្កា​ដា​ហ្វី បានស្នើ​ឲ្យ​កម្លាំងយោធា​នៅ​ភាគ​ខាងកើត​ផ្អាក​យុទ្ធនាការ​របស់ខ្លួន ស្របពេល​យោធា​អាម​រិ​ក​មួយចំនួន​នៅ​លី​ប៊ី ត្រូវបាន​ផ្លាស់ប្ដូរ​ដែរ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា អាមេរិក​ប្រឆាំង​សកម្មភាពរ​របស់​ឧ​ត្ត​ម​សេនីយ៍ Haftar និង​បាន​ទទូច​ឲ្យ​យោធា​នេះ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​។ លោក ប៉ុ​ម​ប៉េ​អូ បន្ថែមថា យុទ្ធនាការ​យោធា មិនមែនជា​ដំណោះស្រាយ​ឡើយ​៕
 

Tag:
 អាមេរិក​
  លី​ប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com