ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖ ទីបូជាសពនិងក្លិបកម្សាន្ត មិនអនុញ្ញាតឲ្យនៅជិតសាលារៀនទៀតឡើយ
× សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រដ្ឋាភិបាល នឹងលុបបំបាត់មិនឲ្យមានឈាបនដ្ឋានឬកន្លែងបូជាសពនៅជិតសាលារៀននិងស្ថាប័នអបរំទៀតឡើយ ព្រោះដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍របស់សិស្ស។
ក្នុងឱកាសចុះទៅត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលអាងហែលទឹក និងបណ្តាល័យនៅសាកលវិទ្យាបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេច ស ខេង ថ្លែងទៅកាន់អ្នកកាសែតថា «កន្លែងបូជាសព មិនគួរឲ្យស្ថិតនៅជិតសាលាទេ ព្រោះធុំក្លិន ធុំអីទៅ ឬមួយក៏មានអារម្មណ៍ភ័យខ្លាច សម្រាប់ការរៀនសូត្ររបស់ក្មេង ធ្វើឲ្យប៉ះពាល់»។
ចំណែក ក្លិបកម្សាន្តនានា ក៏រដ្ឋាភិបាល មិនអនុញ្ញាតឲ្យបង្កើតនៅជាប់ឬជិតសាលាដែរ។ នេះជាការអះអាងរបស់សម្តេច ស ខែង ដដែល។ សម្តេចរដ្ឋមន្ត្រី បញ្ជាក់ថា «យើង មិនអនុញ្ញាតឲ្យដាក់ក្លិបកម្សាន្តនៅជិតសាលារៀនទេ។ បើមិនអ៊ីចឹងទេ វា ធ្វើឲ្យក្មេងមានអារម្មណ៍មិនមូល បែកអារម្មណ៍។ បើក្លិបហ្នឹង មានលួចលាក់គ្រឿងញៀនទៀត អាហ្នឹង រឹតតែបញ្ហា»។
សម្តេច ស ខេង ប្រាប់អ្នកកាសែតថា សម្តេច បានផ្តល់យោបល់នេះ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលសម្តេចទាំងពីរ ទៅទទួលព្រះមហាក្សត្រនិងព្រះមហាក្សត្រី ដែលយាងនិវត្តមកកម្ពុជាវិញ កាលពីរសៀលថ្ងៃទី៧ ខែមេសា ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។
រដ្ឋមន្ត្រីមហាផ្ទៃ អះអាងថា ការលុបបំបាត់ឈាបដ្ឋាននិងកន្លែងកម្សាន្ត មិនឲ្យមាននៅជិតសាលា គឺជាគោលការណ៍ ដែលបន្ថែមទៅក្នុងកម្មវិធីជាតិស្តីពីសុខភាពអប់រំ៕
Tag:
ស ខេង
អប់រំ
ឈានបនដ្ឋាន
ក្លិប
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com