អន្តរជាតិ
រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លាលែងពីតំណែង លោកស្រី Kristjen Nielsen លាលែងពីតំណែងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិតាមសំណើប្រធានាធិបតី ដូណាល់ ត្រាំ ។ (រូបភាព VCG)
× រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក Kirstjen Nielsen បានលាលែងពីតំណែងនៅថ្ងៃទី៧ ខែមេសា ក្រោយកាន់តំណែងនេះ១៨ខែ។ ជាមន្ត្រីស្មោះស្ម័គ្ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោកស្រី Nielsen បានអនុវត្តយ៉ាងពេញទំហឹងនូវគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់រដ្ឋាភិបាល ទោះរងការរិះគន់ខ្លាំងយ៉ាងណាក្ដី។ លោកស្រីក៏ជាអ្នកការពារឥតងាករេចំណាត់ការបំបែកកូនៗពីឪពុកម្ដាយដែលលួចឆ្លងចូលទឹកដីអាមេរិកខុសច្បាប់ផងដែរ។
រដ្ឋមន្ត្រីម្នាក់ទៀត បានដើរចេញពីរដ្ឋាភិបាលតារារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ លោក ត្រាំ ប្រកាសតាម Twitter នៅថ្ងៃទី៧ ខែមេសា ថា លោកស្រី Kirstjen Nielsen រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ នឹងចាកចេញពីតំណែង។ ខណៈការចាកចេញរបស់លោកស្រី Nielsen ត្រូវបានគេខ្សឹបខ្សៀវយូរមកហើយ មិនមានមូលហេតុច្បាស់លាស់ជុំវិញការលាលែងនេះឡើយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកនិយាយថា លោកស្រីចុះចេញតាមសំណើរបស់លោក ត្រាំ ផ្ទាល់។
ចូលកាន់តំណែងកាលពីចុងឆ្នាំ២០១៧ លោកស្រី Nielsen ជាមន្ត្រីអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់ស្របតាមគោលនយោបាយលោក ត្រាំ ។ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ ជាតំណែងសំខាន់ និងមានឥទ្ធិពលក្នុងជួរមន្ត្រីរដ្ឋាភិបាលអាមេរិក ពិសេសទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងជាមួយម៉ិកស៊ិកតែម្ដង។ អង្គភាពគយ និងការពារព្រំដែន (ICE) ដែលស្ថិតក្រោមក្រសួងនេះ ក្លាយជាមុខសញ្ញានៃរលករិះគន់ព្រោះតែអនុវត្តច្បាប់ដែលរើសអើង និងបំពានសិទ្ធិមនុស្ស។
បញ្ហាអន្តោប្រវេសន៍ ជាគោលនយោបាយស្នូលរបស់រដ្ឋបាលលោក ត្រាំ តាំងពីដើមមក។ ទោះជាអាមេរិកចេញវិធានការតឹងរ៉ឹងក្ដី លំហូរនៃជនអន្តោប្រវេសន៍មកពីប្រទេសអាមេរិកឡាទីនចូលអាមេរិក នៅតែមិនស្រាកស្រាន្តដដែល ហើយវាធ្វើឲ្យលោក ត្រាំ មិនពេញចិត្តឡើយ។ បើតាមសេចក្ដីរាយការណ៍ខ្លះ លោក ត្រាំ ថែមទាំងបានបន្ទោសលោកស្រី Nielsen ដែលមិនបានអនុវត្តតាមនយោបាយលោកឲ្យពេញលេញទៀតផង។
ការលាលែងរបស់លោកស្រី Nielsen ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោកស្រីអមដំណើរលោក ត្រាំ ទៅត្រួតពិនិត្យព្រំដែនជាមួយម៉ិកស៊ិក ជាទីដែលលោកចង់ធ្វើជញ្ជាំងព្រំដែន។ ទោះមានមតិប្រឆាំងគ្រប់ទិសក្ដី ប្រធានាធិបតីរូបនេះបានសម្រេចចិត្តប្រកាសភាពអាសន្នដើម្បីយកលុយធ្វើជញ្ជាំងឲ្យខាងតែបាន ទោះជាប៉ះពាល់ថវិកាសម្រាប់ស្ថាប័នផ្សេងក៏ដោយ។ លោកក៏គំរាមបិទព្រំដែនជាមួយម៉ិកស៊ិក និងផ្ដាច់ជំនួយរដ្ឋអាមេរិកឡាទីនដែលជាប្រភពនៃជនអន្តោប្រវេសន៍។
ក្រោយការចាកចេញរបស់លោកស្រី Nielsen លោក ត្រាំ កំពុងរកមើលបេក្ខភាពថ្មីដែលមានជំហរតឹងរ៉ឹងជាងរដ្ឋមន្ត្រីរូបនេះ។ សព្វថ្ងៃនេះ លោកបានឲ្យ Kevin McAleenan ស្នងការ ICE ធ្វើជារដ្ឋមន្ត្រីស្តីទីសិន។ កាលពីទស្សនកិច្ចនៅតំបន់ព្រំដែនក្នុងរដ្ឋ California លោក ត្រាំ មិនបានបង្ហាញជំហរទន់ភ្លន់អ្វីឡើយ ហើយក៏បានផ្ញើសារទៅកាន់ជនអន្តោប្រវេសន៍ដែលស្វែងសិទ្ធិជ្រកកោនថា ពេលនេះអាមេរិកពេញហើយ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
Kirstjen Nielsen
© រក្សាសិទ្ធិដោយ thmeythmey.com