ជាតិ
ក្រសួងមហាផ្ទៃ សម្រេច​ឲ្យ​ប្រើ​និមិត្តសញ្ញា​ខេត្តកំពង់ធំ​ថ្មី
09, Apr 2019 , 9:37 am        
រូបភាព
​ក្រសួងមហាផ្ទៃ​បានសម្រេច​ដាក់​នូវ​និមិត្តសញ្ញា​ថ្មី​នៃ​ខេត្តកំពង់ធំ តាម​សំណើ​របស់​រដ្ឋបាលខេត្ត​។ និមិត្តសញ្ញា​ថ្មី​នេះ មាន​រាង​មូល ហើយ​រូប​ប្រាសាទ​យាយ​ព័ន្ធ រូប​បដិមា​តោ រូប​ដំរី​ជាន់ខ្លា កួរស្រូវ និង​ដើមឈើ​។ នេះ​បើតាម​លិខិត​ប្រកាស​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១ មេសា​។

 
​សម្រាប់​រូប​នីមួយៗ​នៅក្នុង​និមិត្តសញ្ញា​ថ្មី សុទ្ធ​តែមាន​អត្ថន័យ​ច្បាស់លាស់​។ ត្រង់ចំណុច​នេះ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា រូប​ប្រាសាទ​យាយ​ព័ន្ធ តំណាង​ឲ្យ​ភាពរុងរឿង​នៃ​ស្ថាបត្យកម្ម​ខ្មែរ​នា​សតវត្ស​ទី​៧ ដែលមាន​នៅក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក​។ ចំណែក​រូប​បដិមា​តោ តំណាង​ឲ្យ​ភាព​អស្ចារ្យ​នៃ​សិល្បៈ​ខ្មែរ​នា​ចុង​សម័យ​ចេនឡា ក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក និង​តំណាង​ឲ្យ​អំណាច អានុភាព​ខ្លាំងក្លា​។ សម្រាប់​រូប​ដំរី​ជាន់ខ្លា តំណាង​ឲ្យ​រូបសំណាក​ដែលមាន​នៅ​ខេត្តកំពង់ធំ តាំងពី​ទសវត្ស​៦០​។ រីឯ​កួរស្រូវ តំណាង​ឲ្យ​ការរីកចម្រើន​លើ​វិស័យ​កសិឧស្សាហកម្ម នៃ​ភោគផល​ដំណាំ​ស្រូវ​។ ចំណែកឯ​ដើមឈើ តំណាង​ឲ្យ​ការរីកចម្រើន​លើ​វិស័យ​កសិឧស្សាហកម្ម ដែល​ខេត្តកំពង់ធំ​សំបូរ​ដោយ​ជីជាតិ អំណោយផល​ដល់​ដំណាំ​កសិកម្ម​។ 
 
​និមិត្តសញ្ញា​ខេត្តកំពង់ធំ​នេះ បាន​បង្កើត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សម្រាប់​កន្លែងធ្វើការ​, ប្រើប្រាស់​លើ​ក្បាល​លិខិត ឯកសារ និង​ស្រោមសំបុត្រ​ផ្លូវការ​, សម្រាប់​ការប្រើប្រាស់​របស់​រដ្ឋបាល​ខេត្តកំពង់ធំ និង​បែប​ផ្លូវការ​ក្នុងករណី​ផ្សេងៗ​ទៀត​៕ 
 

Tag:
 និមិត្តសញ្ញា​
  ខេត្តកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com