អន្តរជាតិ
ហេតុអ្វី​អាមេរិក​ចាត់ទុក​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ជា​អង្គការ​ភេរ​វករ​?
09, Apr 2019 , 11:17 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៨ ខែមេសា បានប្រកាស​បញ្ចូល​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ទៅក្នុង​បញ្ជី​អង្គភាព​ភេរវ​ករ​របស់ខ្លួន​។ នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អាមេរិក​ចាត់ទុក​អង្គភាព​រដ្ឋ​នៃ​ប្រទេសមួយ​ជា​ភេរវ​ករ​បែបនេះ​។ ជា​អង្គភាព​ចំណុះ​កងទ័ព​អ៊ីរ៉ង់ កង​ឆ្មាំ​បដិវត្តន៍​នេះ តែង​ជា​មុខសញ្ញា​នៃ​ពាក្យរិះគន់​របស់​អាមេរិក​ចំពោះ​តួនាទី​ក្នុង​ជម្លោះ​ជាច្រើន​នៅ​មជ្ឈិមបូព៌ា​។ ឆ្លើយតប​ចំណាត់ការ​អាមេរិក អ៊ីរ៉ង់​ក៏​បញ្ចូល​ទីបញ្ជាការ​យោធា​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ក្នុង​បញ្ជី​ភេរវ​ករ​របស់ខ្លួន​វិញ​។​

 
​ជា​រឿង​មិន​ធ្លាប់មាន អាមេរិក​ចាត់ទុក​ស្ថាប័ន​មួយ​ចំណុះ​រដ្ឋាភិបាល​បរទេស​ជា​អង្គការ​ភេរ​វករ​។ នៅ​ថ្ងៃទី​៨ ខែមេសា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចាត់ទុក​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដែលជា​អង្គភាព​ពិសេស​នៃ​យោធា​អ៊ីរ៉ង់ ជា​អង្គការ​ភេរ​វករ​។ កន្លងមក អាមេរិក​បាន​ត្រឹម​ចាត់ទុក​ក្រុម​ឧទ្ទាម​ខ្លះ ឬ​ក្រុម​ជ្រុលនិយម​ជា​ភេរវជន​ប៉ុណ្ណោះ មិន​ដល់​ថ្នាក់​បញ្ចូល​អង្គភាព​នៃ​ប្រទេសមួយ​ទៅក្នុង​បញ្ជីខ្មៅ​របស់ខ្លួន​បែបនេះ​ឡើយ​។​
 
​លោក ត្រាំ អះអាងថា ការសម្រេចចិត្ត​បែបនេះ ជាការ​ទទួលស្គាល់​ការពិត​ជុំវិញ​សកម្មភាព​របស់​អ៊ីរ៉ង់​ដែល​មិន​ត្រឹម​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​ឡើយ តែ​កម្លាំង​ឆ្មាំ​បដិវត្តន៍​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការផ្ដល់​ហិរញ្ញវត្ថុ ក៏ដូចជា​យក​ភេរវកម្ម​ធ្វើជា​ឧបករណ៍​បម្រើ​ប្រយោជន៍​ខ្លួន​ផង​។ សម្រាប់​លោក ត្រាំ អង្គភាព​មួយ​នេះ ជា​មធ្យោបាយ​របស់​រដ្ឋា​ភិ​បាល​ក្រុង​តេ​ហេ​រ៉ង់​ក្នុងការ​ចាត់ចែង និង​អនុវត្ត​គោលនយោបាយ​ភេរវកម្ម​របស់ខ្លួន​។​

​តើ​កង​ឆ្មាំ​បដិវត្តន៍​នេះ​ជា​អ្វី​? ហេតុអ្វី​អាមេរិក​ដាក់​គោលដៅ​ចំ​បែបនេះ​?
 
​កង​ឆ្មាំ​បដិវត្តន៍ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៩ ភ្លាមៗ​ក្រោយ​បដិវត្តន៍​ផ្ដួលរំលំ​របបរាជានិយម​ដែល​គាំទ្រ​ដោយ​អាមេរិក​។ គោលដៅ​ដំបូង គឺ​ការការពារ​បដិវត្តន៍​តែម្ដង ព្រោះ​ពេលនោះ មេដឹកនាំ​បដិវត្តន៍​មិនទាន់​ជឿជាក់​លើ​កម្លាំងយោធា​ជាតិ​ឡើយ​។ យ៉ាងណាមិញ បេសកកម្ម​របស់​យោធា​វិញ គឺ​ការពារ​អធិបតេយ្យ និង​ឯករាជ្យ​របស់​ប្រទេស​។ ដោយមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ក្រុម​ដឹកនាំ​ប្រទេស កង​ឆ្មាំ​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងប្រទេស​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​។​
 
​ដូច​កងទ័ព​ជាតិ​ដែរ ឆ្មាំ​បដិវត្តន៍​នេះ​មាន​អង្គភាព​ចំណុះ​ផ្ទាល់ខ្លួន​មាន ជើងគោក ជើង​ទឹក ជើង​អាកាស និង​កម្លាំង​ពិសេស Qud Force ។ អង្គភាព​យោធា​ទាំងនេះ តែង​ធ្វើ​សមយុទ្ធ​យោធា​ពង្រឹងសមត្ថភាពរ​បស់​ខ្លួន​ដោយឡែក​ពី​កងទ័ព​ជាតិ ឬ​ពេលខ្លះ​ធ្វើ​រួមគ្នា​តែម្ដង​។ អ្វី​គួរកត់សម្គាល់​នោះ កម្លាំង​អាកាស​នៃ​កង​ឆ្មាំ​បដិវត្តន៍​នេះ ថែមទាំង​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​ក្នុង​ឃ្លាំង​របស់ខ្លួន​ផ្ទាល់​ទៀតផង​។ ក្នុង​ឆ្នាំ​២០០៩ ឆ្មាំ​បដិវត្តន៍​ថែមទាំង​បង្កើត​អង្គភាព​ចារកម្ម​មួយ​ចំណុះ​ផ្ទាល់​ដែល​ផ្ដោតលើ​ការងារ​ក្នុងស្រុក​។​
 
Qud Force ជា​កម្លាំង​ស្នូល​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។ ដឹកនាំ​ឧ​ត្ត​ម​សេនីយ៍​ទោ Qassem Suleimani កម្លាំង Qud Force នេះហើយ​ដែលជា​ដើរតួនាទី​សំខាន់​ក្នុងការ​ពង្រីក​ឥទ្ធិពល​អ៊ីរ៉ង់​ទៅក្នុង​ជម្លោះ​មិនចេះចប់​នៅ​មជ្ឈិមបូព៌ា​។ អង្គភាព​មួយ​នេះ ត្រូវ​ចាត់ទុក​អង្គ​ភាពល្អ​ដាច់​គេ​ក្នុង​យោធា​អ៊ីរ៉ង់​ទាំងមូល​។ Qud Force បានធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​ជាច្រើន​ដែល​កំពុងមាន​សង្គ្រាម​។ នៅ​ស៊ី​រី កម្លាំង​ពិសេស​នេះ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​ដើម្បី​បន្តអំណាច ឯ​នៅ​យេ​ម៉ែន ជួយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ដែល​ប្រយុទ្ធ​ជាមួយ​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​ការបញ្ចូល​កង​ឆ្មាំ​បដិវត្តន៍​ទៅក្នុង​បញ្ជី​អង្គការ​ភេរ​វករ ប្រៀបដូចជា​ការចាក់​ចំ​បេះដូង​របស់​រចនាសម្ព័ន្ធ​កាន់អំណាច​នៅ​អ៊ីរ៉ង់​ដូច្នោះ​ដែរ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ព្រមាន​ធនាគារ និង​ក្រុមហ៊ុន​ទាំង​អស់ពី​ផលវិបាក​ក្នុងការ​រកស៊ី​ជាមួយ​អង្គភាព​នេះ​ទៀតផង​។​
 
​អ៊ីរ៉ង់ មិន​នៅ​ស្ងៀម​ឡើយ​ចំពោះ​ទង្វើ​អាមេរិក​។ ដោយ​ធ្វើតាម​អាមេរិក ឧ​ត្ត​ម​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អ៊ីរ៉ង់ បានប្រកាស​ចាត់ទុក​អាមេរិក​ជា​រដ្ឋ​គាំទ្រ​ភេរ​វករ ហើយ​កម្លាំងយោធា​អាមេរិក​នៃ​ទីបញ្ជាការ​តំបន់​កណ្ដាល​ទទួលបន្ទុក​មជ្ឈិមបូព៌ា ជា​អង្គការ​ភេរវជន​ដែរ​៕ 
 

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com