កីឡាជាតិ
ជាតិ
លោក តែម ម៉ឺន ព្រមានចាត់ការមន្ត្រីខិលខូច ក្រោយមានបញ្ជាពីសម្តេច ហ៊ុន សែន លោក តែម ម៉ឺន ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីអាកណ្តាលចៅក្រម(រូបក្នុងរង្វង់)កន្លងមក, រូបភាពពី NOCC
× ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមានចាត់ការមន្ត្រីអាជ្ញាកណ្តាលចៅក្រមខិលខូច បើរកឃើញថា នៅបន្តប្រព្រឹត្តអំពើមិនគប្បីក្នុងការកាត់ក្តីជូនកីឡាករ។ ការប្រកាសរបស់លោក តែម ម៉ឺន ធ្វើឡើងក្រោយសម្ដេច ហ៊ុន សែន រិះគន់ពីភាពអវិជ្ជមានរបស់មន្ត្រីកាត់សេចក្តីទាំងនេះ។
ក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចេញមុខដោះស្រាយជូនកីឡាករដោយផ្ទាល់ និងរិះគន់លើភាពកម្សោយរបស់មន្ត្រីអាជ្ញាកណ្តាលចៅក្រមក្នុងការកាត់ក្តីនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជជែកពិភាក្សាលើបញ្ហានេះ។ កិច្ចប្រជុំដែលមានការចូលរួមពីមន្ត្រីអាជ្ញាកណ្តាលចៅក្រម និងសមាជិករបស់សហព័ន្ធនេះ គឺរៀបចំដើម្បីពង្រឹង និងកែទម្រង់លើប្រព័ន្ធកាត់ក្តីឲ្យកាន់តែមានតម្លាភាព និងយុត្តិធម៌។
លោក តែម ម៉ឺន ប្រធានសហព័ន្ធ ព្រមានដាក់ចេញយុទ្ធសាស្ត្រព្យាបាលវះកាត់ ដើម្បីចាត់ការលើមន្ត្រីអាជ្ញាកណ្តាលចៅក្រមខិលខូច ឬហៅថាសាច់ស្អុយ ក្នុងករណីរកឃើញថា មន្ត្រីខិលខូចទាំងនោះបន្តធ្វើរឿងមិនគប្បីពាក់ព័ន្ធការកាត់ក្តី។ ប្រធានសហព័ន្ធរូបនេះទទួលស្គាល់ថា ការអនុវត្តលើការកាត់ក្តីរបស់មន្ត្រីអាជ្ញាកណ្តាលចៅក្រមមួយចំនួនកន្លងមក ពិតជានៅមានភាពខ្វះចន្លោះពិតប្រាកដមែន។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយមហាគ្រួសារកីឡានៅកោះពេជ្រ, រូបភាពពី NOCC
លោក តែម ម៉ឺន ដែលប្តេជ្ញាអនុវត្តតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបញ្ជាឲ្យពង្រឹងលើបច្ចេកទេស ក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការកាត់ក្តី បានរៀបរាប់ដូច្នេះថា៖«ការប្រជុំលើកនេះ គឺជាការដាក់បទបញ្ជាឲ្យអនុវត្តឲ្យបានល្អតែម្តង ដោយសហព័ន្ធ ត្រូវអនុវត្តនូវអភិក្រមទាំង៥របស់សម្តេចតេជោ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ហើយបញ្ហាសាច់ស្អុយ គឺត្រូវតែព្យាបាលដោយខ្លួនឯង បើមិនដូច្នេះទេ នឹងកាត់ចោលតែម្តង»។
នាពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាជាង៤ពាន់នាក់កាលពីថ្ងៃទី៤ ខែមេសា នៅកោះពេជ្រ សម្តេច ហ៊ុន សែន ព្រមានចេញមុខដោះស្រាយដោយផ្ទាល់ជូនកីឡាករ ដែលរងអំពើអយុត្តិធម៌លើការកាត់ក្តី បើរកឃើញថា អាជ្ញាកណ្តាលចៅក្រមបន្តកាត់ដោយគ្មានយុត្តិធម៌។បើតាមសម្ដេច ហ៊ុន សែន ការកាត់ក្តីគ្មានយុត្តិធម៌មិនត្រឹមតែធ្វើឲ្យកីឡាករបាក់ទឹកចិត្ត និងប៉ះពាល់ដល់កិត្តិយសសហព័ន្ធប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់កេរ្តិ៍ឈ្មោះប្រទេសជាតិទៀតផង។
ដើម្បីដោះស្រាយបញ្ហានេះ សម្តេច បញ្ជាឲ្យលោក តែម ម៉ឺន ប្រធានសហព័ន្ធ ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលអាជ្ញាចៅក្រម ពីបច្ចេកទេស ក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការកាត់ក្តី។
«សូមឲ្យប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ(លោក តែម ម៉ឺន)យកចិត្តទុកដាក់ទៅលើបញ្ហាការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងក្រមសីលធម៌នៃអាជ្ញាកណ្តាល បើសិនជាមិនព្រមកែប្រែទេ ខ្ញុំនឹងចេញមុខរកដំណោះស្រាយជូនកីឡាកររបស់យើង ព្រោះពួកគេរងនូវអំពើអយុត្តិធម៌ ដែលខ្ញុំមិននិយាយ»។ នេះជាប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
Tag:
ប្រដាល់គុនខ្មែរ
តែម ម៉ឺន
© រក្សាសិទ្ធិដោយ thmeythmey.com