ជាតិ
ចិន បន្ថយការទម្លាក់ទឹកចេញពីស្ថានីយ៍វារីអគ្គិសនីជីងហុងរយៈពេល៧ថ្ងៃ ទន្លេមេគង្គនៅប៉ាក់បេងក្នុងប្រទេសឡាវ
× ក្រសួងធនធានទឹកនៃប្រទេសចិនបានជូនដំណឹងមកគណៈកម្មការទន្លេមេគង្គ (MRC)អំពីការកាត់បន្ថយការបញ្ចេញទឹកពីស្ថានីយ៍វារីអគ្គិសនី ជីងហុង ក្នុងខេត្តយូណាននៅក្នុងអំឡុងពាក់កណ្តាលខែមេសានេះ។ គណៈកម្មការទន្លេមេគង្គបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយដែលបញ្ជាក់ថា ការកាត់បន្ថយការបញ្ចេញទឹកពីស្ថានីយ៍ ជីងហុងនេះ នឹងមិនបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ដល់ប្រទេសផ្នែកទន្លេមេគង្គក្រោមនោះឡើយ។
ចាប់ពីថ្ងៃទី១១ ខែមេសាទៅ ការបញ្ចេញទឹកនៅស្ថានីយ៍វារីអគ្គិសនីជីងហុងក្នុងខេត្តយូណាន នឹងត្រូវបន្ថយពីកម្រិត២០០០ទៅ៣០០០ម៉ែត្រគូបក្នុងមួយវិនាទី មកត្រឹម១៥០០ទៅ១៦០០ម៉ែត្រគូបក្នុងវិនាទីវិញ។ ការបង្កើនកម្រិតបញ្ចេញទឹកឲ្យដល់កម្រិតដើមវិញ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែមេសាទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹករបស់ប្រទេសចិន ដែលបានជូនព័ត៌មាននេះមកគណៈកម្មការទន្លេមេគង្គ។
ការបន្ថយបរិមាណទឹកដែលត្រូវបញ្ចេញនេះ គឺដើម្បីសម្របតាមពិធីបុណ្យប្រពៃណីជះទឹករបស់ជនភាគតិចតៃ ដែលរស់នៅផ្នែកខាងលើនៃទន្លេមេគង្គ-ឡានឆាង។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹករបស់ចិន។
លោក អាន ពេជ្រ ហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានចាត់ទុកការជូនដំណឹងជាមុនរបស់ចិននេះ ជារឿងមានប្រយោជន៍សម្រាប់ប្រទេស និងសហគមន៍ដែលរស់នៅតាមណ្ដោយមេគង្គ និងទន្លេមេគង្គផ្នែកខាងក្រោម បានត្រៀមខ្លួនសម្រាប់ហានិភ័យដែលអាចកើតឡើង ក៏ដូចជាការបង្កើនការផលិតសម្រាប់ការត្រៀមបម្រុងទុកផងដែរ»។
យោងតាមការព្យាករណ៍ កម្រិតកម្ពស់ទឹករបស់ MRC កម្ពស់ទឹកនៅស្ថានីយ៍ឈៀងសែនរបស់ថៃ អាចនឹងថយចុះពី០,៧ម៉ែត្រទៅមួយម៉ែត្រចាប់ថ្ងៃទី១២ដល់ទី២១ ខែមេសាដោយសារការកាត់បន្ថយបរិមាណទឹកដែលត្រូវបញ្ចេញពីវារីអគ្គិសនីជីនហុង។ ទោះជាយ៉ាងណា ការប្រែប្រួលបរិមាណទឹកទៅដល់ទន្លេមេគង្គក្រោម ទំនងជាមិនបង្កផលប៉ះពាល់ដល់ទន្លេ ឬមនុស្សឡើយចាប់ពីថ្ងៃទី១៣ ដល់ទី៣០ ខែមេសានេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ MRC កម្ពស់ទឹកនៅស្ថានីយ៍ខ្លះដូចជា លួង ប្រាបាងរបស់ឡាវ និងក្រចេះរបស់កម្ពុជា នឹងថយចុះក្នុងកម្រិត០,៥ម៉ែត្រទៅ១,៥ម៉ែត្រពីថ្ងៃទី១៣ ដល់ទី៣០ខែមេសា។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ វានឹងមិនមានសញ្ញានៃការព្រួយបារម្ភអ្វីឡើយអំពីការស្រកចុះនៃកម្ពស់ទឹកនេះ។
បើផ្អែកលើបាតុភូតដែលកើតឡើដោយសារវារីអគ្គិសនី បរិមាណទឹកដែលហូរចុះពីតំបន់មេគង្គផ្នែកខាងលើក្នុងប្រទេសចិនទៅផ្នែកខាងក្រោម មានប្រមាណ២០ភាគរយក្នុងរដូវប្រាំងចាប់ពីខែវិច្ឆិកា ដល់ខែឧសភា។ ប្រភពទឹកសំខាន់របស់ផ្ទៃទន្លេមេគង្គក្រោម គឺទឹកហូរចូលពីទន្លេតូចៗ និងបរិមាណទឹកភ្លៀង។ នេះបើតាមសេចក្ដីប្រកាសដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com