កីឡាអន្តរជាតិ
អន្តរជាតិ
មុន​ប៉ះ Porto គ្រូ Liverpool សរសើរ​កូនក្រុម​ថា​កំពុង​ពេញកំលាំង ដើម្បី​ដណ្តើមពាន​ធំ​ពី​រដូវ​កាល​នេះ​
09, Apr 2019 , 2:34 pm        
រូបភាព
​លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ Liverpool និយាយថា​កីឡាករ​របស់លោក​កំពុង​ពោ​ពេញ​ដោយ​កំលាំង និង​រីករាយ​ក្នុងការ​ឈ្នះ​គ្រប់ការ​ប្រកួត​ដែល​នៅសល់​ដើម្បី​ប្រជែង​យកពាន Premier League និង UEFA Champions League រដូវ​កាល​នេះ​។​


 
Liverpool នឹងត្រូវ​បើកទ្វារ​កីឡដ្ឋាន Anfield ទទួលភ្ញៀវ FC Porto ក្នុងជំនួប​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុងក្រោយ ពានរង្វាន់ Champions League នៅ​រាត្រី​ថ្ងៃទី​៩ ខែមេសា​នេះ វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​មុន​ជំនួប​នេះ អ្នកចាត់ការ​ទូទៅ​ហង្ស​ក្រហម​លោក Klopp បាន​អួត​ពី​សមាសភាព​កីឡាករ​របស់លោក​ថា​កំពុង​ពេញ​ទៅដោយ​ថាមពល និង​ដាក់​គោលដៅ​ដណ្តើមពាន​កំពូល​អឺរ៉ុប ព្រមទាំង​ពាន​ក្នុងស្រុក​សម្រាប់​រដូវ​កាល​នេះ​ឲ្យ​បាន​។​


 
«​យើង​មាន​អារម្មណ៍ល្អ​នៅពេលនេះ​។ យើង​មាន​អារម្មណ៍​ថា​កីឡាករ​ម្នាក់ៗ​របស់​យើង​អស្ចារ្យ​ណាស់ គឺ​ពោ​ពេញ​ទៅដោយ​កំលាំង​តែម្តង​។ យើង​ចង់បាន​កំណត់ត្រា​នៅលើ​ទំព័រ​សៀវភៅ​រដូវ​កាល​នេះ​»​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បន្ថែម​ដូច្នេះ​។​
 
​កាលពី​រដូវ​កាល​មុន Liverpool ធ្លាប់​ទម្លាក់ Porto នៅត្រឹម​វគ្គ​១៦​ក្រុម ចុងក្រោយ​ដោយ​លទ្ធផល​ទាំងពីរ​ជើង ៥-០ មុនពេល​ចាញ់ Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​សម្រាប់​ការ​ប្រជែង​ពាន​ក្នុង​ក្របខណ្ឌ Premier League វិញ ក្រុម​ហង្ស​ក្រហម​កំពុង​ឈរ​កំពូល​តារាង​មាន​៨២​ពិន្ទុ ក្នុងការ​ប្រកួត​៣៣​លើក នាំមុខ​គូប្រជែង Manchester City ចំនួន​២​ពិន្ទុ ប៉ុន្តែ Man City ទើប​ប្រកួត​បាន​៣២​លើក​ប៉ុណ្ណោះ​។​


 
​ដោយឡែក​ជំនួប​មួយគូ​ទៀត​ក្នុង​ក្របខណ្ឌ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ ក្រុម​របស់លោក Pep Guardiola ត្រូវធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន​ថ្មី​របស់ Tottenham Hotspur សម្រាប់​ជំនួប​ជើង​ទី​១ នៅវេលា​ម៉ោង​តំណាលគ្នា​នេះដែរ​៕


 

Tag:
 បាល់ទាត់​
  UEFA Champions League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com