អន្តរជាតិ
RSF៖ សេចក្ដីព្រាងច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​នៅ​សិង្ហ​បុរី ជា​ឧបសគ្គ​នៃ​សេរីភាព​បញ្ចេញមតិ​
09, Apr 2019 , 7:19 pm        
រូបភាព
​រដ្ឋាភិបាល​សិង្ហ​បុរី កាលពី​ថ្ងៃទី​១ ខែមេសា បានដាក់​សេចក្ដីព្រាងច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​ទៅកាន់​សភា​ដើម្បី​អនុម័ត​។ សេចក្ដីព្រាងច្បាប់​នេះ ត្រូវ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) ចាត់ទុកជា​សេចក្ដី​មិន​ត្រឹមត្រូវ និង​បើ​ត្រូវអនុម័ត​មែន​នោះ នឹង​ប៉ះពាល់​សេរីភាព​បញ្ចេញមតិ​ក្នុងប្រទេស​នេះ​។ RSF ក៏​មើលឃើញថា សេចក្ដីព្រាង​នេះ ផ្ដល់​អំណាច​ខ្លាំងពេក​ទៅ​ឲ្យ​រដ្ឋាភិបាល មាន​អត្ថន័យ​ទូលាយ និង​ដាក់ទោស​ធ្ងន់ធ្ងរ​ខ្លាំង​។​

 
​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) នៅ​ថ្ងៃទី​៨ ខែមេសា បាន​រិះគន់​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​នៅ​សិង្ហ​បុរី​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន RSF ចាត់ទុក​ការឆ្លើយតប​របស់​សិង្ហ​បុរី​ក្នុងការ​ប្រឆាំង​ការ​សាយភាយ​ព័ត៌មាន​មិន​ពិត​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​រដ្ឋាភិបាល​នឹង​ទទួលបាន​អំណាច​ពេញដៃ​ក្នុងការ​គ្រប់គ្រង​មាតិកា​គ្រប់យ៉ាង​លើ​ប្រព័ន្ធ​អន​ឡាញ ហើយ​ច្បាប់​ថ្មី ក្លាយជា​ឧបករណ៍​ដើម្បី​បិទមាត់​អ្នកប្រើប្រាស់ និង​សារព័ត៌មាន​អន​ឡាញ​ផង​។​
 
​ដោយ​វិភាគ​លើ​សេចក្ដីព្រាងច្បាប់​នេះ RSF រកឃើញ​ចំណុច​អវិជ្ជមាន​ជាច្រើន​។ បើតាម​អង្គការ​នេះ សេចក្ដីព្រាងច្បាប់​នេះ បានផ្ដល់​សិទ្ធិ​យ៉ាង​ទូលាយ​ឲ្យ​រដ្ឋមន្ត្រី​នីមួយៗ​ក្នុង​ការចេញ​សេចក្ដីណែនាំ​ឲ្យ​បិទ កែសម្រួល ឬ​ហាមឃាត់​មាតិកា​ទាំងឡាយណា​ដែល​ពួកគេ​យល់ថា គំរាម​ប្រយោជន៍​សាធារណៈ ដោយ​មិនចាំបាច់​ផ្ដល់​ហេតុផល​ឡើយ​។ រដ្ឋមន្ត្រី​សិង្ហ​បុរី ក៏មាន​សិទ្ធិ​ចាត់វិធានការ​ប្រឆាំង​អង្គភាព​ណា​ក៏បាន ដើម្បី​ការពារ​ការទុកចិត្ត​លើ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល RSF បានលើកឡើង​ពី​មាត្រា​៦១ ដែល​រដ្ឋាភិបាល​មាន​សិទ្ធិ​កាន់តែខ្លាំង​លើ​ការប្រឆាំង​ព័ត៌មាន​មិន​ពិត​។ តាម​មាត្រា​នេះ រដ្ឋមន្ត្រី​ណា​ម្នាក់ អាច​លើកលែង​បុគ្គល​ណា​ចេញពី​ការអនុវត្ត​ច្បាប់​នេះ​បាន​ផងដែរ​។ RSF យល់ថា តាម​មាត្រា​នេះ រដ្ឋាភិបាល​មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ណាមួយ​ដែល​គាំទ្រ​ខ្លួន បញ្ចេញ​ព័ត៌មាន​បោក​បញ្ឆោត​តាមចិត្ត​ដោយ​មិនចាំបាច់​ភ័យ​រឿង​មានទោស​ទណ្ឌ​អ្វី​ឡើយ​។​
 
​ជុំវិញ​រឿង​ការដាក់ពិន័យ​នេះ​ទៀតសោត RSF ចាត់ទុក​ជាការ​រឿង​គ្មាន​សមាមាត្រ​ទៅទៀត​។ បើសិន​ត្រូវ​បានអនុម័ត​មែន វេ​ប​សាយ​ព័ត៌មាន ឬ​អ្នកសារព័ត៌មាន​ប្រជាជន​ដែល​រង​បញ្ជា​ឲ្យ​ដក​មាតិកា​របស់ខ្លួន ប្រឈមមុខ​ការពិន័យ​ជា​ប្រាក់​ចំនួន​ជិត​១​ម៉ឺន​៥​ពាន់​ដុល្លារ និង​អាច​ជាប់ពន្ធនាគារ​មួយឆ្នាំ​សម្រាប់​អ្នកសារព័ត៌មាន ឬ​ពិន័យ​ទឹកប្រាក់​ចំនួន​៣៦​ម៉ឺន​ដុល្លារ​សម្រាប់​ក្រុមហ៊ុន​។ ចំណែក​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ី​ណឺ​ណិ​ត រង​ពិន័យ​មួយថ្ងៃ​១​ម៉ឺន​៥​ពាន់​ដុល្លារ​ដែរ បើ​មិន​ធ្វើតាម​បញ្ជា​ឲ្យ​ដក​ព័ត៌មាន​ទេនោះ​។​
 
​អង្គការ​អន្តរជាតិ​ផ្នែក​សារព័ត៌មាន​ខាងលើនេះ ក៏​រកឃើញថា ដំណើរ​ការធ្វើ​សេចក្ដីព្រាងច្បាប់​នេះ​មាន​លក្ខណៈ​លំអៀង ហើយ​រដ្ឋាភិបាល​សិង្ហ​បុរី​ហាក់​មាន​របៀប​ក្រោយខ្នង​ផង​។ នេះ​ក៏​ព្រោះតែ​មតិយោបល់​របស់​សារព័ត៌មាន​នានា មិន​ត្រូវបាន​រដ្ឋាភិបាល​ពិចារណា​ឲ្យ​ដិតដល់​ឡើយ ខណៈ​អ្នកខ្លះ​ទទួលបាន​ការអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការជជែក​ពិភាក្សា តែ​ចុងក្រោយ​ការអញ្ជើញ​បែរជា​ត្រូវ​លុបចោល​ទៅវិញ​។ RSF អះអាងថា អ្វីៗ​ត្រូវបាន​រៀបចំ​ទុក​មុន​ជាស្រេច​ទៅហើយ​៕
 

Tag:
 សិង្ហ​បុរី​
  RSF
© រក្សាសិទ្ធិដោយ thmeythmey.com