ជាតិ
សេដ្ឋកិច្ច
មន្ត្រី​ជំនាញ​៖ ជំងឺប៉េស្ត​ជ្រូក​បាន​ឆ្លង​រាលដាល​ចំនួន​៣​ភូមិ​ទៀត នៅ​ខេត្តរតនគិរី​
09, Apr 2019 , 7:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ឆ្លង​រាលដាល​ពី​ភូមិ​សោម​កា​និ​ញ ដល់​ភូមិ​ចំនួន​៣​ទៀត គឺ ភូមិ​សោម​ត្រក ភូមិ​សោម​គល់ និង​ភូមិ​តេន ដែល​ស្ថិតនៅក្នុង​ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ មន្ត្រី​ជំនាញ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​។ នេះ​បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​។

 
​លោក តាន់ ផាន់​ណា​រ៉ា បាន​និយាយថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​ការរីក​រាលដាល​នេះ គឺ​មកពី​ពលរដ្ឋ​នៅ​ភូមិ​សោម​កា​និ​ញ ចិញ្ចឹម​ជ្រូក​ដោយ​មិនបាន​ដាក់​ក្នុង​ទ្រុង​នោះទេ ខណៈ​ភូមិ​ក្បែរ​នោះ​ក៏​មិន​ដាក់​ទ្រុង​ជ្រូក​ដែរ ទើប​បណ្ដាល​ឲ្យ​ឆ្លង​ជំងឺ​ពីមួយ​ទៅមួយ​បែបនេះ​។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មិនបាន​ដឹងថា ជ្រូក​មាន​ផ្ទុក​ជំងឺប៉េស្ត​អាហ្វ្រិក​ឡើយ ព្រោះ​ជំងឺ​នេះ​គ្មាន​រោគសញ្ញា​ជាក់លាក នោះទេ ។ ក្រៅពី​មិនដឹង​ពី​ជំងឺ​ហើយ ពួកគាត់​ក៏បាន​កាប់​ជ្រូក​ដែល​ងាប់​នោះ​ចែកគ្នា​ធ្វើ​ម្ហូប​ទៀតផង​។​
 
​ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថា្នក់​ជាតិ​លើក​ទី​១ ការរៀបចំ​ផែនការ​ត្រៀម​បង្ការ និង​ឆ្លើយតប​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កាលពី​ថ្ងៃទី​៨ មេសា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« បើតាម​អ្វីដែល​ខ្ញុំ​ចុះទៅ​កាលពី​ចុង​សប្ដាហ៍ ខ្ញុំ​អាច​សន្និដ្ឋានបានថា មាន​៣​ភូមិ​ទៀត ដែល​កំពុងតែ​ឆ្លង​រីក​រាលដាល​។ ប៉ុន្តែ​ក្នុង​៣​ភូមិ​នោះ​មានតែ​មួយ​ភូមិ​ទេ គឺ​ភូមិ​តេន​ដែលមាន​សត្វ​ជ្រូក​ច្រើន ប្រមាណ ២០០ ទៅ ៣០០ ក្បាល តែ​ភូមិ​ពីរ​ទៀត​មិន​ច្រើន​ទេ​»​។ 
 
​បន្ថែម​ពីនេះ​លោក ផាន់​ណា​រ៉ា ក៏​អំពាវនាវ​ដល់​ពលរដ្ឋ ដែល​រស់​នៅតាម​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង និង​មណ្ឌល​គី​រី កុំ​ជួញដូរ​សត្វ​ជ្រូក ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​នៃ​ក្រសួង ដែល​កំពុងធ្វើការ​នៅ​តំបន់​ផ្ទុះ​ជំងឺ​នេះ បាន​ប្រមូល​ទិញ​ជ្រូក​ពី​ប្រជាពលរដ្ឋ​មក​ដុត​កម្ទេចចោល ព្រមទាំង​បិទ​មិន​ឲ្យ​មានការ​ចរាចរ​សត្វ​នៅ​តំបន់​នោះ​ផងដែរ​។ 
 
​លោកស្រី គ្រីស្ទី​ណា អ៊ុ​ស​ជែ​រ ប្រធាន​ក្រុមបច្ចេកទេស​មជ្ឈមណ្ឌល​អាសន្ន សម្រាប់​ជំងឺ​សត្វ​ឆ្លង​ព្រំដែន​នៃ​អង្គការ FAO បាន​និយាយថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មាន​ភាព​ធន់​ទៅនឹង​កម្ដៅ ចាប់ពី​៧០ អង្សា ក្នុង​រយៈពេល ៣០​នាទី​។ ដូច្នេះ​បើ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ដែល​ផ្ទុះ​ជំងឺ​នោះ យក​កាកសំណល់​ផ្ទះបាយ​ធ្វើជា​ចំណី​ជ្រូក​ហើយ ពួកគេ​ចំអិន​មិនបាន​ត្រឹមត្រូវ​នោះ គឺ​មេរោគ​នៅមាន​ជីវិត ហើយនឹង​ឆ្លងទៅ​កាន់​ជ្រូក​។ បើតាម​លោកស្រី គ្រីស្ទី​ណា ករណី​ខ្លះទៀត​មេរោគ​នេះ ក៏​ទំ​ជាប់​លើ​សម្លៀកបំពាក់​មនុស្ស ហើយ​នៅពេល​ម្ចាស់​ជ្រូក​ចូលទៅ​កន្លែង​ចិញ្ចឹម​ជ្រូក វា​ក៏​អាច​បណ្ដាល​ឲ្យ​ឆ្លងទៅ​កាន់​ជ្រូក​ផងដែរ​។​
 
​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា បានលើកឡើង​ពី​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​ដោយ​សេរី នាឱកាស​បុណ្យចូលឆ្នាំ​ខាងមុខនេះ ខណៈ​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ត្រូវ​ឈប់សម្រាក​នាឱកាស​នោះ​។ លោក​បានស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ពង្រឹង​ការត្រួតពិនិត្យ​ឲ្យ​បាន​តឹងរឹង ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​នេះ​។ 
 
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ក្រសួង និង​មន្ទីរ​ភ្លាមៗ ក្នុងករណី​មាន​ជ្រូក​ងាប់ ដើម្បី​មានលទ្ធភាព​ទប់ស្កាត់​ទាន់ពេលវេលា​៕ 
 

Tag:
 ជំងឺប៉េស្ត​ជ្រូក​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com