កីឡាជាតិ
ជាតិ
លោក ជា ប៊ុនហេង ជំរុញ​ឲ្យ​ប៉ូលិស​ក្នុង​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​ត្រូវ​ចេះ​ក្បាច់គុន​ប្រយុទ្ធ​
10, Apr 2019 , 8:59 am        
រូបភាព
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃថ្លែងក្នុងពិធីបិទការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះដណ្តើមពានរង្វាន់សម្តេច ស ខេង, រូបភាពពីហ្វេសប៊ុកអង្គភាពកីឡាក្រសួងមហាផ្ទៃ
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃថ្លែងក្នុងពិធីបិទការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះដណ្តើមពានរង្វាន់សម្តេច ស ខេង, រូបភាពពីហ្វេសប៊ុកអង្គភាពកីឡាក្រសួងមហាផ្ទៃ
ដោយ:
​ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ ជំរុញ​ឲ្យ​មន្ត្រីប៉ូលិស​ទាំងអស់​ក្នុង​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ ត្រូវ​ចេះ​ក្បាច់គុន​ប្រយុទ្ធ​១​មុខ​យ៉ាងតិច​ក្នុង​មួយម្នាក់ ដើម្បី​អាច​ការពារ​ខ្លួន ពេល​មាន​បញ្ហា​អសន្តិសុខ​សង្គម​ផ្សេងៗ​កើតឡើង​។ គម្រោង​ប៉ូលិស​ម្នាក់​ត្រូវ​ចេះ​ក្បាច់​ប្រយុទ្ធ​១​យ៉ាងតិច នឹង​ចាប់ផ្តើម​អនុវត្ត​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ​។

 
 
​លោក ជា ប៊ុនហេង បាន​និយាយថា មន្ត្រីប៉ូលិស​ធ្វើការ​ក្នុង​អង្គភាព​កីឡា គឺ​ត្រូវតែ​ចេះ​កីឡា​ប្រយុទ្ធ​ឲ្យ​បាន​១​មុខ ទើប​ជាការ​ល្អ​ព្រោះ​កីឡា​អាចជួយ​ការពារ​ខ្លួន និង​ដោះស្រាយ​បញ្ហា​តវ៉ា ឬ​បាតុកម្ម​ផ្សេងៗ​ដោយ​មិនបាច់​ប្រើ​អាវុធ​។   


 
«​ប៉ូលិស​បើ​មិនចេះ​កីឡា​ប្រយុទ្ធ គឺ​អត់​កើត​នោះទេ​..​យើង​លើក​ឧទាហរណ៍ ស្រាប់​តែមាន​សកម្មភាព​ប្រឆាំង ឬ​បាតុកម្ម គេ​គប់​តែ​ដុំថ្ម ឯង​លែង​បាញ់​គេ​ម៉េច​កើត មានន័យថា​ប៉ូលិស​អត់​ចេះ​វាយ​សោះ​។ អ៊ីចឹង​ពីនេះ​ទៅមុខ ពិសេស​ក្រោយ​ចូលឆ្នាំ​ខ្មែរ ខ្ញុំ​មាន​យុទ្ធវិធី​ថ្មី គឺ​ប៉ូលិស​ក្រោម​ឱវាទ​ក្នុង​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​ទាំងមូល គឺ​ត្រូវ​ចេះ​យ៉ាងហោច​កីឡា​ប្រយុទ្ធ​មួយ​មុខ​»​។ ការជំរុញ​របស់លោក ជា ប៊ុនហេង ធ្វើឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង លើក​ទី​២ កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩ ។​


 
​កីឡា​ប្រយុទ្ធ​ទាំងនោះ​រួមមាន​ប្រដាល់​គុន​ខ្មែរ ល្បុក្កតោ តេ​ក្វាន់​ដូ ហាប់​គី​ដូ កា​រ៉ា​តេ​ដូ យូ​ដូ វ៉ូ​វី​ណា​ម និង​សូ​រី​ន​ហ្ស៊ី​កេ​ន​ប៉ូ​ជាដើម​។ ការហាត់​ក្បាច់គុន​ប្រយុទ្ធ​មិន​ត្រឹមតែ​អាចជួយ​ការពារ​ខ្លួន​និង​ចូលរួម​ដោះស្រាយ​បញ្ហា​បាតុកម្ម​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ រាងកាយ​មាំមួន និង​មាន​ស្មារតី​និង​កាយវិការ​រហ័សរហួន​ទៀតផង​។ 


 
​សម្រាប់​ការប្រកួត​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង ឆ្នាំនេះ មាន​កីឡាករ​លើ​៦​ប្រភេទ​កីឡា​ចូលរួម​ដូចជា​តេ​ក្វាន់​ដូ ហាប់​គី​ដូ យូ​ដូ កា​រ៉ា​តេ​ដូ វូ​ស៊ូ និង​សូ​រី​ន​ហ្ស៊ី​កេ​ន​ប៉ូ​។ បើតាម​លោក ជា ប៊ុនហេង ការប្រកួត​នេះ​រៀបចំឡើង​ដើម្បី​ផ្លាស់ប្តូរ និង​ដកស្រង់​បទពិសោធ ពិសេស​លើកទឹកចិត្ត​កីឡាករ​លើ​ប្រភេទ​កីឡា​មិនសូវមាន​សកម្មភាព​បា​ន​បង្ហាញ​សមត្ថភាព​របស់គេ​ដែល​ខិតខំ​ហ្វឹកហាត់​កន្លងមក​។ ការប្រកួត​នេះ ក៏​ដើម្បី​លើកទឹកចិត្ត​កីឡាករ មន្ត្រី គ្រូបង្វឹក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ផងដែរ​។ 
 
​លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​ហាក់​មើលឃើញ​ពី​ចំណុចខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​នេះ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ហាប់​គី​ដូ​នៅ​កម្ពុជា​។ សម្រាប់​លោក ធី​ណា ក្រៅពី​លើកទឹកចិត្ត​កីឡាករ ព្រឹត្តិការណ៍​នេះ​បានរួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​កីឡា​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុងការ​ទាក់ទាញ​យុវជន​ឲ្យ​មក​ចូលរួម​កាន់តែច្រើន​។​


 
​អគ្គលេខាធិការ​រូបនេះ​សង្កេតឃើញថា សម្រាប់​ការចូលរួម​លើក​នេះ កីឡាករ​ហាប់​គី​ដូ​មាន​សមត្ថភាព និង​បច្ចេកទេស​កើនឡើង​បើ​ធៀប​នឹង​ការប្រកួត​លើក​ទី​១​។ លោក​មាន​ជំនឿ​ចិត្ត​ថា បើ​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​រៀបចំ​ការ​ប្រកួត​បែបនេះ​ឲ្យ​បាន​ញឹកញាប់ កីឡា​ហាប់​គី​ដូ​នឹងមាន​ភាព​រីកចម្រើន​កាន់តែខ្លាំង​។​
 
«​សម្រាប់​ផ្នែក​កីឡា​ហាប់​គី​ដូ​របស់ខ្ញុំ​សង្កេតឃើញថា ការចូលរួម​ប្រកួត​លើក​ទី​២​នេះ កីឡាករ​ខ្ញុំ​មាន​ការវិវត្ត​ជាង​មុន​ប្រហែលជា​៧៥​ភាគរយ​។ ខ្ញុំ​ជឿជាក់ថា បើ​ឯកឧត្តម ជា ប៊ុនហេង រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​បែបនេះ​ជា​រៀងរាល់ឆ្នាំ នឹងធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​មាន​បទពិសោធ និង​បច្ចេកទេស​អភិវឌ្ឍន៍​ទៅមុខ​លឿន​ជាង​មុន​»​។ លោក គង់ ចាន់​ធី​ណា បានលើកឡើង​ដូច្នេះ ហើយ​បាន​បន្ថែមថា លោក​នឹង​ខិតខំ​រៀបចំ​ឲ្យ​មានការ​ប្រកួត​ឲ្យ​បាន​ពី​២​ទៅ​៣​ដង​ក្នុង​ឆ្នាំ ដើម្បី​ឲ្យ​កីឡាករ​ទទួលបាន​បទ​ពិសោធ​ថ្មី​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​៕     
 

Tag:
 លោក ជា ប៊ុនហេង​
  អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com