កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ជឿថា Man Utd អាច​ទម្លាក់ Barca ដូច PSG ទោះ​ចាញ់ ១-០ នៅ​ជើង​ទី​១
11, Apr 2019 , 10:55 am        
រូបភាព
​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ Manchester United ថា​កូនក្រុម​លោក​អាច​រក​គ្រាប់​បាល់ជ័យជម្នះ​នៅក្នុង​ទឹកដី​របស់ Barcelona សម្រាប់​ជំនួប​ជើង​ទី​២ វគ្គ​១/៤ ផ្តាច់ព្រ័ត្រ ពានរង្វាន់ Champions League​។ Solskjaer និយាយ​បែបនេះ​បន្ទាប់ពី​បិសាច​ក្រហម​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អ្នកមាន​បុណ្យ ១-០ ក្នុងការ​ប្រកួត​ជើង​ទី​១​។


 
​គ្រាប់​បាល់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Luke Shaw នៅ​នាទី​១២ បាន​នាំ​ឲ្យ Barca យកឈ្នះ Man Utd ១-០ ក្នុងការ​ប្រកួត​ជើង​ទី​១​នៅ​ទឹកដី Old Trafford នៅ​រាត្រី​ថ្ងៃទី​១០ ខែមេសា​។ ក្រុម​ទាំំ​ង​ពីរ​នឹងត្រូវ​តទល់​គ្នា​ម្តងទៀត​នៅ​ជំនួប​ជើង​ទី​២​ក្នុង​ទឹកដី Camp Nou នៅ​ថ្ងៃទី​១៦ ខែឧសភា ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​អាច​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​


 
​យ៉ាងណា បរាជ័យ​ក្នុង​ដី​នេះ​មិនអាច​ធ្វើ​ឲ្យ​លោក Solskjaer អស់សង្ឃឹម​ឡើយ ហើយ​ថែមទាំង​ជឿជាក់ថា​កូនក្រុម​លោក​អាច​រក​គ្រាប់​បាល់​នៅក្រៅ​ដី​វិញ​ទៀតផង​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សបាន​ប្រាប់ BT Sport ក្រោយ​ចប់​ការប្រកួត​ថា​៖«​យើង​កំពុង​លេង​ជាមួយ​ក្រុម​ដ៏​អស្ចារ្យ ហើយ​វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។ យើង​នឹង​ទៅ​ទឹកដី​ពួកគេ​វិញ​ជាមួយនឹង​បទពិសោធន៍ ហើយ​អាច​រក​គ្រាប់​បាល់​លើ​ពួកគេ​នៅ​ទីនោះ​។ យើង​ទៅ​ទីនោះ​ដើម្បី​តែ​រឿង​មួយ​ប៉ុ​ណ្នោះ​ក្នុង​ចិត្ត​ខ្ញុំ គឺ​ត្រូវតែ​រក​គ្រាប់​បាល់​ឲ្យ​បាន​»​។​
 
​កាលពី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Man Utd បាន​ចាញ់ Paris St-Germain ដល់​ទៅ ២-០ នៅ​ជើង​ទី​១​ក្នុង​ដី​ខ្លួនឯង ប៉ុន្តែ​ពួកគេ​នៅតែ​អាច​វាយបក​យកឈ្នះ​ក្រុម​យក្ស​បារាំង​នេះ​វិញ​បាន​នៅក្រៅ​ដី​ដោយ​លទ្ធផល ៣-១​។​


 
«​ការបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ពេល​ប៉ះ PSG បានផ្តល់​ឲ្យ​យើង​នូវ​ក្តីសង្ឃឹម និង​ជំនឿ​ចិត្ត​ថា​ក្រុម​យើង​អាចធ្វើ​បាន ប៉ុន្តែ​យើង​កំពុង​តទល់​ជាមួយ​ក្រុម​ខ្លាំង​ពេលនេះ​។ បើ​យើង​អាច​ធ្វើបាន​ដើម្បី​ឈានទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ វា​នឹង​ក្លាយជា​សមិទ្ធផល​ដ៏​ធំធេង​បំផុត​សម្រាប់ Man Utd»​។ Solskjaer បន្ថែម​ដូច្នេះ​។
 
​ដោយឡែក​អ្នក​ចាត់ Barcelona លោក Ernesto Valverde មិនបាន​និយាយ​អ្វី​ច្រើន​ក្នុង​ជ័យជម្នះ​លើ​ក្រុម​ពី​អង់គ្លេស​នេះឡើយ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​គ្រាន់តែ​រម្លឹក​ពី​របៀប​ដែល Man Utd ធ្វើបាន​ជាមួយ PSG នៅ​វគ្គ​១៦​ក្រុម​។ «​យើង​គិតថា​វា​នឹងមាន​ការលំបាក​ខ្លាំង​នៅ​ជំនួប​បន្ទាប់ ហើយ​លទ្ធផល ១-០ នេះ​មិនទាន់​អាច​សម្រេច​អ្វី​បានឡើយ​»៕
 

Tag:
 បាល់ទាត់​
  Ole Gunnar Solskjaer
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com