ជាតិ
អន្តរជាតិ
​សម្រស់​ផ្កា​សា​គួ​រ៉ា​ចុងក្រោយ​ក្នុង​សករាជ Heisei របស់​ព្រះ​ចៅ​អធិរាជ​អាគី​ហ៊ី​តុ​
11, Apr 2019 , 12:19 pm        
រូបភាព
​តូ​ក្យូ​៖ ជប៉ុន​លំអ​ទៅដោយ​សម្រស់​ផ្កា​សា​គួ​រ៉ា (Cherry Blossoms) នា​អំឡុង​ដើមខែ​មេសា​នេះ​។ ជា​និមិត្តរូប​នៃ​ការឈាន​មក​ចូលដល់​និ​ទាឃ​រដូវ ប៉ុន្តែ​វា​ក៏​ជា​ពេលវេលា​សម្រាប់​ពលរដ្ឋ​ជប៉ុន ក៏ដូចជា​ទេសចរ​បរទេស គយគន់ និង​ផ្តិត​យក​រូបភាព​ផ្កា​សា​គួ​រ៉ា​ដែល​រីក​ចុងក្រោយ​សម្រាប់​សករាជ Heisei របស់​ព្រះ​ចៅ​អធិរាជ​អាគី​ហ៊ី​តុ ផងដែរ​។



អត្ថបទទាក់ទង



​នៅ​ថ្ងៃទី​១ ខែឧសភា ខាងមុខ រជ្ជទាយាទ ណា​រ៉ូ​ហ៊ី​តុ នឹង​ឡើង​គ្រងរាជ្យ​ជា​ព្រះ​ចៅ​អធិរាជ​ថ្មី មួយថ្ងៃ​ក្រោយ​ការដាក់រាជ្យ​ជា​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់មាន​ពីមុន​របស់​ព្រះបិតា​ទ្រង់​។ ការឡើង​គ្រង​រាជ​របស់​ព្រះ​ចៅ​អធិរាជ ក៏​ជាការ​ចាប់ផ្តើម​នៃ​សករាជ​នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ ដែល​មានន័យថា សករាជ Heisei ដែលមាន​អាយុកាល​៣១​ឆ្នាំ នឹងត្រូវ​ជំនួស​ដោយ​សករាជ Reiwa ក្នុង​ប្រតិទិន​ផ្លូវការ​។​

​ប្រតិភូ​កម្ពុជា​ដែល​ទៅ​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​មូលដ្ឋាន​នៅ​ជប៉ុន​ក្រោម​ការអញ្ជើញ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ក្រសួងការបរទេស​ជប៉ុន ចន្លោះ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​១០ ខែមេសា មានឱកាស​ផ្តិត​យក​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​សម្រស់​ផ្កា​សា​គួ​រ៉ា​ដែល​រីក​ចុងក្រោយ​បំផុត​សម្រាប់​សម័យកាល Heisei ផងដែរ​។​



ពលរដ្ឋ​ជប៉ុន បាន​ជួបជុំគ្នា និង​ញ៉ាំ​អាហារ​ដ៏​រីករាយ​ក្រោម​ដើម​ផ្តាសា​គួ​រ៉ា ដែល​តាម​ប្រពៃណី​ហៅថា «Hanami»​។ នា​រាត្រី​ថ្ងៃ​សុក្រ (Friday Night) មានការ​ជួបជុំ​គ្រប់​ទី​ន្លែ​ង​នៅ​ទីសាធារណៈ​ដែលមាន​ដើម​សា​គួ​រ៉ា ដោយ​ពិធី Hanimi នាពេល​យប់ គេ​និយម​ថា «Yozakura»​។​

​នៅ​តំបន់​ទេសចរណ៍ Asakusa ដែលមាន​វត្ត​ព្រះពុទ្ធសាសនា Senso-ji ដែល​ឧទ្ទិស​ដល់​ព្រះ​នាង​គង់​ស៊ី​អ៊ី​ន (Kannon ឬ Guanyin) មនុស្ស​មួយចំនួន​បាន​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ជប៉ុន ដើរ​មើល​កម្សាន្ត និង​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ជាមួយ​ដើម​ផ្កា​សា​គួ​រ៉ា​ផងដែរ​។​



ភ្នាក់ងារទេសចរណ៍​ដែល​រៀបចំ​ដំណើរ​កម្សាន្ត​នៅ​ជប៉ុន បាន​អះអាង​ពី​គំហុក​នៃ​ចំនួន​ភ្ញៀវទេសចរ​ផងដែរ​។ អ្នកស្រី Sara Marco នាយិកា​ក្រុមហ៊ុន JRailPass.com ដែលជា​ដៃគូ​ផ្នែក​លក់​កញ្ចប់​ទស្សនកិច្ច​នៅ​ជប៉ុន បាន​អះអាងថា ក្រុមហ៊ុន​របស់ខ្លួន​ល​ក់​បានជា​កំណត់ត្រា​នៅ​ឆ្នាំនេះ ដោយ​ទេសចរ​ជាច្រើន​ចង់ឃើញ​សម្រស់​ផ្កា​សា​គួ​រ៉ា​ចុងក្រោយ​បំផុត​នៃ​សម័យកាល​របស់​អធិរាជ អាគី​ហ៊ី​តុ​។​

កាលពី​ឆ្នាំ​២០១៨ ជប៉ុន​ជាប់​ជា​គោលដៅ​ទេសចរណ៍​កំពូល​ប្រចាំឆ្នាំ (Travel and Leisure’s Destination of the Year) ហើយក៏​ត្រូវបាន​ចាត់ទុក​ជា​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​ទេសចរណ៍ ជាពិសេស​អ្នក​ដែល​ចូលចិត្ត​ធ្វើដំណើរ​តែម្នាក់ឯង​ផងដែរ​។​
​សារព័ត៌មាន ThmeyThmey សូម​បង្ហាញ​នូវ​ទិដ្ឋភាព​ដូចខាងក្រោម​៖




































































Tag:
 សាគួរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com