អន្តរជាតិ
លោក គីម ជុង​អ៊ុន​៖ កូរ៉េខាងជើង ត្រូវ​ពឹង​លើ​ខ្លួនឯង​ដើម្បី​តបត​នឹង​ទណ្ឌកម្ម​
11, Apr 2019 , 7:19 pm        
រូបភាព
លោក គីម ជុងអ៊ុន ថ្លែងនាកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្ស។ (រូបភាព KCNA)
លោក គីម ជុងអ៊ុន ថ្លែងនាកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្ស។ (រូបភាព KCNA)
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១០ ខែមេសា បានដាក់​ចេញ​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ដើម្បី​ទប់ទល់​ទណ្ឌកម្ម​ខាងក្រៅ​។ នា​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ​កូរ៉េ លោក គីម លើកឡើងថា ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ពឹង​ផ្អែកលើ​ខ្លួនឯង ជា​រឿង​ចាំបាច់​បំផុត និង​ជា​យុទ្ធសាស្ត្រ​តបត​នឹង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បច្ចាមិត្ត​។ សម្ដី​របស់​មេដឹកនាំ​កូរ៉េខាងជើង ទំនងជា​ការត្រៀមខ្លួន​សម្រាប់​ប្រទេស​នេះ នៅពេល​ការចរចា​ជាមួយ​អាមេរិក​ជាប់គាំង​។​

 
​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​កោះប្រជុំ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ​កូរ៉េ ដែលជា​បក្ស​កាន់អំណាច និង​មាន​លោក គីម ជា​ប្រធាន​បក្ស​ផ្ទាល់​។ កិច្ចប្រជុំ​ថ្ងៃទី​១០ ខែមេសា រៀបចំឡើង​ក្នុងស្ថានភាព​ដែល​លោក គីម អះអាងថា តានតឹង​ខ្លាំង​។ មេដឹកនាំ​កូរ៉េខាងជើង បានលើកឡើង​ពី​ទិសដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ក្នុង​កាលៈទេសៈ​មិន​សមប្រកប​បែបនេះ​។​
 
​ចំពោះមុខ​មន្ត្រី​ដឹកនាំ​គ្រាក់ៗ​របស់​បក្ស លោក គីម បាន​និយាយ​ពាក្យ «​ពឹង​ផ្អែកលើ​ខ្លួនឯង​» ដល់​ទៅ​២៧​ដង​ឯណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ។ គោលការណ៍​ពឹង​ខ្លួនឯង​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងស្រុក​នេះ ត្រូវបាន​លោក គីម បញ្ជាក់ថា គឺ​ដើម្បី​វាយបក​ទៅកាន់​អ្នក​ដែល​ប្រឹង​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ជាមួយនឹង​ក្ដី​សង្ឃឹមថា កូរ៉េខាងជើង​នឹង​បន្ទន់ឥរិយាបថ​របស់​ខ្លួន​តាម​សម្ពាធ​។​
 
​នេះ​ជា​លើកដំបូង​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង បង្ហាញ​ជំហរ​របស់ខ្លួន​ក្រោយ​ជំនួប​ជាមួយ​មេដឹកនាំ​អាមេរិក​នៅ​វៀតណាម​បរាជ័យ​។ យ៉ាងណាមិញ លោក គីម មិនបាន​និយាយ​រិះគន់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឬក៏​បង្ហាញ​ជំហរ​ងាក​ចេញពី​តុ​ចរចា​នុយក្លេអ៊ែរ​ដែរ​។ អាច​ថា កូរ៉េខាងជើង​នៅតែមាន​គំនិត​ចង់​ជជែក​ជាមួយ​អាមេរិក តែ​ព្រម​គ្នា​នោះដែរ ក៏​បន្ត​ផ្ដោតលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ 
 
​ទោះ​មិន​និយាយ​ចំឈ្មោះ​អាមេរិក​ដែល​មិន​ព្រម​បន្ធូរដៃ​នោះ លោក គីម ទំនងជា​ចង់​ប្រាប់​ទៅ​ក្រុង​វ៉ាស៊ីនតោន​វិញ​ថា កូរ៉េខាងជើង​នៅតែមាន​សមត្ថភាព​ងើបឡើង​បាន​ដដែល ទោះជា​ទណ្ឌកម្ម​មិនត្រូវ​បាន​ដក​ទេនោះ​។ តាមរយៈ​អំណាច និង​បច្ចេកវិទ្យា​ដែល​ស្របតាម​លក្ខខណ្ឌ​ប្រជាជន​ខ្លួន លោក គីម ស្នើ​ឲ្យ​មានការ​លើកកម្ពស់​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ខ្លួនឯង​ឲ្យ​ដល់​កម្រិត​ខ្ពស់​។​
 
​ដោយឡែក លោក ត្រាំ នឹង​ស្វាគមន៍​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដើម្បី​ជជែក​គ្នា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ បរាជ័យ​នៃ​ជំនួប​ខែកុម្ភៈ ប៉ះពាល់​លោក មូ​ន ជាខ្លាំង ដ្បិត​លោក​បាន​ដើរតួ​ជា​អ្នកសម្របសម្រួល​រវាង​ភាគី​ទាំងពីរ​នេះ​។ មន្ត្រី​កូរ៉េខាងត្បូង​ខ្លះ​ចង់ឃើញ​អាមេរិក​ដើរ​មួយ​ជំហាន​មុន​កូរ៉េខាងជើង​ដើម្បី​ដោះស្រាយ​បញ្ហា ជាជាង​ទុក​ឲ្យ​ស្ថានការណ៍​ជាប់គាំង​រក​ច្រកចេញ​មិនបាន​ដូច​បច្ចុប្បន្ននេះ​៕
 

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com