អន្តរជាតិ
លោក ផេ​ន ស្នើ​ឲ្យ UN ទទួលស្គាល់​លោក ក្វៃ​ដូ ជា​មេដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ស្របច្បាប់​
11, Apr 2019 , 8:19 pm        
រូបភាព
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន បានស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហ័ន ក្វៃ​ដូ ជា​ប្រធានាធិបតី​ស្របច្បាប់​ជំនួស​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ អាមេរិក​ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ដែល​ទទួលស្គាល់​ភាពស្របច្បាប់​លោក ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃទី​២៣ ខែមករា​។ ជាថ្មី​ម្ដងទៀត លោក ផេ​ន បាន​រំឭក​ដែរ​ថា ជម្រើស​ទាំងអស់​ដើម្បី​បណ្ដេញ​លោក ម៉ា​ឌុយ​រ៉ូ ស្ថិត​លើ​តុ​នៅឡើយ​។​

 
​សហរដ្ឋអាមេរិក កំពុងតែ​ធ្វើ​យុទ្ធនា​ការផ្ដល់​ភាពស្របច្បាប់​ទៅ​ឲ្យ​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ដែល​ហៅ​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ មក​ពេលនេះ ប្រទេស​ជាង​៥០​ហើយ បានទទួល​ស្គាល់​លោក ក្វៃ​ដូ ជា​មេដឹកនាំ​តែមួយគត់​របស់​រដ្ឋ​អាមេរិក​ខាងត្បូង​មួយ​នេះ ដោយ​ទាត់ចោល​អាណត្តិ​ដឹកនាំ​របស់លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​ពួកគេ​អះអាងថា ជា​មេដឹកនាំ​ខុសច្បាប់​។​
 
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ដែល​ចេញមុខ​ចេញ​មាត់​ខ្លាំង​ក្នុងការ​ទាមទារ​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ ចុះចេញ​នោះ បានស្នើ​ឲ្យ​ស្ថាប័ន​កំពូល​ពិភពលោក​ងាក​ទៅ​ទទួលស្គាល់​លោក ក្វៃ​ដូ ដែរ​។ នា​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី​១០ ខែមេសា លោក ផេ​ន អះអាងថា ពេលវេលា​ដល់​ហើយ​សម្រាប់​អង្គការសហប្រជាជាតិ (UN) ទទួលស្គាល់​លោក ក្វៃ​ដូ និង​ឲ្យ​តំណាង​របស់លោក​អង្គុយ​កៅអី​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​វិញ​ម្ដង​។​
 
​បើតាម​លោក ផេ​ន អាមេរិក​នឹងដាក់​សេចក្ដីព្រាង​ដំណោះស្រាយ​មួយ សំដៅ​ទទួល​ភាពស្របច្បាប់​របស់​មេដឹកនាំ​ប្រឆាំង​រូបនេះ ហើយ​បដិសេធ​សារតាំង​របស់​បេសកជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បច្ចុប្បន្ន​ដែល​ត្រូវបានតែងតាំង​ដោយ​លោក ម៉ា​ឌុយ​រ៉ូ ។ ក្នុង​សេចក្ដីព្រាង​ដដែល អាមេរិក​នឹង​ទទួលស្គាល់​តំណាង​ថ្មី​ដែល​តែងតាំង​ដោយ​លោក ក្វៃ​ដូ ជំនួស​វិញ​។ ចំពោះមុខ​សមាជិក​ក្រុមប្រឹក្សា​ផ្សេងទៀត លោក ផេ​ន និយាយ​ចំៗ​ថា លោក ម៉ា​ឌុយ​រ៉ូ ត្រូវតែ​ចាកចេញ​។​
 
​តប​នឹង​ការលើកឡើង​របស់​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ា​ឌុយ​រ៉ូ បាន​ប្រើ​ពាក្យពេចន៍​ខ្លាំង​វិញ​។ ក្នុង​សេចក្ដីថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ​និយាយថា អនុ​ប្រធានាធិបតី​អាមេរិក​កំពុង​ធ្វើ​សកម្មភាព​ឆ្កួត​ឡប់​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​តាមរយៈ​ការអំពាវនាវ​របស់ខ្លួន​។ លោក ម៉ា​ឌុយ​រ៉ូ ដែល​រង​សម្ពាធ​ខ្លាំង​ពី​អាមេរិក​នោះ បន្តថា លោក​មិន​យល់​ពី​ទង្វើ​ក្រអឺតក្រទម និង​គំនិត​មានតែ​ជនជាតិ​ឯង​របស់លោក ផេ​ន ឡើយ​។​
 
​សូមបញ្ជាក់ថា សព្វថ្ងៃនេះ មាន​ប្រទេស​ប្រមាណ​៥០​ប៉ុណ្ណោះ​ដែល​ចាត់ទុក​លោក ក្វៃ​ដូ ជា​មេដឹកនាំ​ពេញ​ច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប្រទេស​ជាច្រើន​ដែលជា​សមាជិក UN នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បា​លោក ម៉ា​ឌុយ​រ៉ូ ដដែល​។ ទោះជា​យ៉ាងណា លោក ផេ​ន នៅតែ​ចង់​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ ចាកចេញ ព្រោះ​លោក​កំពុង​នាំ​បញ្ហា​សម្រាប់​ប្រជាជន ហើយ​បើ​គ្មាន​ដំណោះស្រាយ​ទេនោះ បញ្ហា​នឹង​រាលដាល​ពេញ​តំបន់​មិន​ខាន​៕ 

Tag:
 អាមេរិក​
  UN
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ម៉ៃ ផេ​ន​
  ហ័ន ក្វៃ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com