ជាតិ
កោះកុង រួមជាមួយ​ខេត្ត​ត្រាត​របស់​ថៃ កាន់​ធឺ​របស់​វៀតណាម ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​
11, Apr 2019 , 8:39 pm        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពបានពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
​មនុស្ស​ប្រមាណ​១០០០​នាក់​ដែលមាន​កម្ពុជា ថៃ និង​វៀតណាម កាលពី​សប្តាហ៍​ដំបូង​នៃ​ខែមេសា នេះ បានរួម​គ្នា​រៀបចំ​ដង្ហែ «​ក្បួន​រថយន្ត​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​» ដើម្បី​ពង្រឹង​កិច្ចសហការ និង​ការផ្សព្វផ្សាយ​ទេសចរណ៍​តាម​ច្រករបៀង​ភាគខាងត្បូង ជាពិសេស​រវាង​ខេត្តកោះកុង​របស់​កម្ពុជា រួមជាមួយ​ខេត្ត​ត្រាត​របស់​ថៃ និង​កាន់​ធឺ​របស់​វៀតណាម​។​

 
​ក្រសួងទេសចរណ៍​កម្ពុជា​ក្រោម​សហការ​ជាមួយ​សមាគម​ទេសចរ​ណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA Cambodia Charpter) សមាគម​ទេសចរណ៍​ខេត្ត​ត្រាត ប្រទេស​ថៃ និង​សមាគម​ទេសចរណ៍​ខេត្ត​កាន់​ធឺ ប្រទេស​វៀតណាម បានរៀបចំ​ក្បួន​ដង្ហែ​ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ភាគខាងត្បូង​នៃ​ព្រំដែន​ប្រទេស​ទាំងបី​។ ជាមួយគ្នានេះ ក៏មាន​សកម្មភាព​សំអាត​បរិស្ថាន​ផងដែរ​។​


រូបភាពបានពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
 
​បើតាម​ក្រសួងទេសចរណ៍ នេះ​ជាការ​រៀបចំ​លើកទីមួយ​ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ផលិតផល សេវាកម្ម​ទេសចរណ៍ និង​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​តាម​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ថៃ​-​កម្ពុជា​-​វៀតណាម​។ លើសពីនេះ អ្នក​ចូលរួមបាន​សិក្សា​ពី​សក្តានុភាព​ផលិតផល​ទេសចរណ៍ ដើម្បី​ជំរុញ​ផ្នែក​ឯកជន​រៀបចំ​កញ្ចប់​ខ្សែ​ទស្សនកិច្ច​នៃ​បណ្តា​ប្រទេស​ទាំងបី ក្នុង​ក្របខណ្ឌ​ទេសចរណ៍​ភាគខាងត្បូង កម្ពុជា ថៃ វៀតណាម​។​
 
​ពិធី​បើក​-​បិទ «​ក្បួន​រថយន្ត​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​» ក្រៅពី​មានការ​ចូលរួម​ដោយ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង លោក ណា​ថា​ផុង សាង​វាន​ឈី​ត (Mr. Natthaphong Sangvanchit) អភិបាលរង​ខេត្ត​ត្រាត ប្រទេស​ថៃ និង​លោក Hiev តំណាង​ទីភ្នាក់ងារ​ទេសចរណ៍​ខេត្ត​កាន់​ធឺ​ប្រទេស​វៀតណាម ក៏មាន​វត្តមាន​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ផងដែរ​៕ 
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com