ONE Championship
កីឡាជាតិ
ជាតិ
ហ៊ុន ច័ន្ទរាជ្យ រៀបរាប់ពីអាជីព សុខ ធី ក្រោយជួបរឿងប្រេះឆាជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
×
អត្ថបទ៖ ស៊ីធី
លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកគុនចម្រុះក្លិប Cambodian Top Team និយាយថាអ្នកប្រដាល់ សុខ ធី ហៅ កាកា នៅតែមានទីផ្សារប្រដាល់តាមប៉ុស្តិ៍នានានៅថៃ រួមទាំងលើសង្វៀនកម្រិតពិភពលោក One Championship បើទោះរូបគេព្រលយពាក្យថា ឈប់វាយនៅសង្វៀនស្រុកខ្មែរក៏ដោយ។ ការលើកឡើងរបស់សុខ ធីដូច្នេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាក់ពិន័យមិនឲ្យកីឡាកររូបនេះឡើងប្រកួតលើសង្វៀនក្នុងស្រុក និង អន្តរជាតិរយៈពេល ៦ ខែ កាលចុងខែធ្នូ ឆ្នាំ២០១៨។
លោក ហ៊ុន ច័ន្ទរាជ្យ បានបញ្ចេញទស្សនៈថា ៖«វាជារឿងធម្មតាទេពេល សុខ ធី ព្រលយថាមិនប្រកួតនៅស្រុកខ្មែរ ក្រោយអន់ចិត្តនឹងលទ្ធផល ប៉ុន្តែរូបគេនៅតែមានការផ្គូផ្គងឲ្យប្រកួតជាហូរហែនៅតាមសង្វៀនស្ថានីយទូរទស្សន៍របស់ថៃ និងនៅសង្វៀន One Championship។ ពេលគេមកស្រុកខ្មែរ គេហ្វឹកហាត់នៅក្លិបខ្ញុំ ហើយ ទៅថៃ គេហ្វឹកហាត់នៅថៃយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំនៅតែបន្តជួយជ្រោមជ្រែងដដែលដើម្បីឲ្យរូបគេបានទៅប្រកួតនៅក្រៅស្រុក»។
យ៉ាងណាក្ដី គ្រូបង្វឹកវ័យ ៣១ ឆ្នាំរូបនេះបញ្ជាក់ទៀតថា កីឡាករវ័យ ២២ ឆ្នាំខាងលើមានសមត្ថភាព និងមានបទពិសោធន៍ច្រើននៅប្រទេសថៃ។ ហើយអ្នកគាំទ្រនៅតែឃើញអំពីសមត្ថភាពរបស់គេនៅឡើងសង្វៀនលំដាប់អន្តរជាតិ។ កាកា ឡើងប្រកួតលើសង្វៀនកម្រិតអន្តរជាតិ One Championship បានចំនួន ២ ដង ដែលលើកទី១ ចាញ់កីឡាករថៃ Leardsila ដោយពិន្ទុ កាលពាក់កណ្ដាលឆ្នាំ ២០១៨។ បន្ទាប់មក សង្វៀនដដែលនេះតម្រូវឲ្យមានការប្រកួតសងសឹក ប៉ុន្តែ កាកា នៅតែចាញ់ពិន្ទុ លើកីឡាករថៃដដែល ក្នុងជំនួបសងសឹកកាលចុងឆ្នាំ ២០១៨។
អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារំពឹងថា សុខ ធី នឹងបង្ហាញមុខលើសង្វៀន One នាពេលឆាប់ៗខាងមុខ។
សូមបញ្ជសក់ថា សុខ ធី ត្រូវសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិន័យរយៈពេល ៦ ខែកាលដើមខែធ្នូ ឆ្នាំ ២០១៨ មិនឲ្យឡើងសង្វៀនប្រដាល់ទាំងក្នុង និង ក្រៅប្រទេស ពាក់ព័ន្ធរឿងការតវ៉ាមិនព្រមទទួលលទ្ធផលនៃការប្រកួតកាលពីពេលកន្លងទៅទល់នឹងកីឡាករថៃនៅសង្វៀន ស៊ីអិនស៊ី ក្នុងការប្រកួតវគ្គជម្រុះដណ្ដើមខ្សែក្រវាត់ ISI Palm៕
Tag:
ប្រដាល់គុនខ្មែរ
សុខ ធី
ហ៊ុន ច័ន្ទរាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com