អ្នកស្រី ឋាន ករុណា ម្ចាស់អាជីវកម្ម The light Sport & Decoration ជាសហគ្រិនដែលទទួលបានវគ្គបណ្ដុះបណ្ដាល She Growth Accelerato បាននិយាយថា កម្មវិធីសិក្សានេះ បានបង្រៀនអ្នកស្រីជាច្រើនទាក់ទងទៅនឹងការគ្រប់គ្រងអាជីវកម្ម និងជួយគាំទ្រដល់ការចុះបញ្ជីអាជីវកម្មជាដើម។ សម្រាប់អ្នកស្រី ក្រោយទទួលបានវគ្គបណ្ដុះបណ្ដាលនេះ អាជីវកម្មអ្នកស្រីមានដំណើរការល្អ នឹងរកចំណូលបានច្រើនទៀតផង។
ស្ថានទូតអង់គ្លេសបានរៀបចំពិធីអបអរសារទរដល់សហគ្រិនស្ត្រីកម្ពុជាចំនួន៣០នាក់ ក្រោយបញ្ចប់វគ្គសិក្សារ She Growth Accelerato ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ដែលមានការចូលរួមពីសហគ្រិនស្ត្រី និងមន្ត្រីទូតជាច្រើននាក់។ She Growth Accelerato ជាកម្មវិធីសិក្សាដែលជួយគាំទ្រដល់សហគ្រិនស្ត្រីលើការគ្រប់គ្រងអាជីវកម្ម និងការចុះបញ្ជីពាណិជ្ជកម្ម ដែលមានរយៈពេល៦ខែ។
ជាស្ត្រីម្នាក់ដែលទទលបានការបណ្ដុះបណ្ដាលពីវគ្គសិក្សានេះ អ្នកស្រី ឋាន ករុណា បាននិយាយថា ស្វាមីអ្នកស្រីបានទុកចិត្តលើអ្នកស្រី ហើយបានសម្រេចចិត្តឲ្យអ្នកស្រីជាអ្នកគ្រប់គ្រង និងចាត់ចែងការងារទាំងអស់ក្នុងក្រុមហ៊ុន។ អ្នកស្រីនិយាយថា៖«She investments បានបង្រៀននាងខ្ញុំតាំងពី ការកត់ត្រា ការធ្វើបញ្ជី លក់ ទិញ និយាយទៅសព្វគ្រប់បែបយ៉ាងដូចជាស្ដង់ដារការគ្រប់គ្រងក្រុមហ៊ុនមួយដ៏ធំ ពេលដែលយើងបានរៀនអាជីវកម្មពិតជារីកចម្រើនលូតលាស់ទៅមុខមែន គេពង្រឹងសមត្ថភាពយើងច្រើន។ តាំងពីរៀនមកចំណូលរបស់ខ្ញុំកើនឡើង»។
អ្នកស្រីបានលើកទឹកចិត្តដល់សហគ្រិនស្ត្រីកម្ពុជាទាំងអស់ត្រូវប្រឹងលើកទឹកចិត្តខ្លួនឯងជម្នះរាល់ឧបសគ្គ និងប្រឹងសិក្សាបន្ថែមគ្រប់ពេលវេលា។ «សូមកុំឲ្យគាត់គិតថាបញ្ហាដែលគាត់ជួបជាឧបសគ្គ ប៉ុន្តែជាមេរៀនដែលបង្រៀនគាតវិញសម្រាបពង្រិចអាជីវកម្ម»។ នេះជាការលើកឡើងរបស់ម្ចាស់អាជីវកម្ម The light Sport & Decoration។
អ្នកស្ត្រី Celia Boyd នាយកគ្រប់គ្រង She invesments បានលើកឡើងថា កម្មវិធីនេះរៀបចំឡើងដើម្បីដោះស្រាយបញ្ហាដែលសហគ្រិនស្ត្រីកម្ពុជាកំពុងជួបប្រទះ និងជំរុញឲ្យអាជីវកម្មរបស់ពួកគេក្លាយជាផ្លូវការតាមរយៈចុះបញ្ជីពាណិជ្ជកម្ម ។ បច្ចុប្បន្នមានអាជីវកម្មខ្នាតតូចតិចជាង២ ភាគរយ នៃអាជីវកម្មរបស់ស្ត្រីដែលបានចុះបញ្ជីត្រឹមត្រូវ ហើយ៩៥ ភាគរយទៀត មិនបានចុះបញ្ជី។
អ្នកស្ត្រីបន្តថា ចាប់តាំងពីសហគ្រិនស្ត្រីបានចាប់ផ្ដើមរៀនមក ពួកគេបានបង្កើតការងារថ្មីចំនួន ១៨ បន្ថែម ហើយស្ត្រីមួយចំនួនទៀត បន្តគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។
អ្នកស្ត្រីនិយាយថា៖« ស្ត្រីភាគច្រើនរងសម្ពាធពីគ្រួសារ ពីសង្គម ស្ត្រីមិនគួរចេញរកស៊ី គួរតែនៅផ្ទះ មើលថែកូន និងផ្ទះ អ្នកនឹងមិនអាចក្លាយជាមេដឹកនាំទេ។ ស្ត្រីជាច្រើនមិនមានភាពជឿជាក់លើខ្លួនឯង មិនហ៊ាននិយាយជាសាធារណៈ។ ខ្វះចំណេះដឹង និងមិនមានជំនាញលើកការគ្រប់គ្រងអាជីវកម្ម ដូច្នេះបានជាយើងផ្តល់វគ្គបណ្តុះបណ្ដាលនេះដល់ពួកគេ ដើម្បីពង្រឹងទំនុកចិត្តរបស់ពួកគេឲ្យមានភាពជឿជាក់លើខ្លួនឯង និងពង្រឹងចំណេះដឹងទាក់ទងនឹងការធ្វើអាជីវកម្ម ដូចជាការគ្រប់គ្រងថវិកា, ការបង្កើនបណ្ដាញ, ការធ្វើទីផ្សារ, ការសរសេផែនការសកម្មភាពអាជីវកម្ម»។
She Growth Accelerato ជាកម្មវិធីរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ២០១៥ ដែលបានធ្វើការបណ្ដុះបណ្ដាលសហគ្រិនស្ត្រីជាង២០០នាក់ហើយនៅបច្ចុប្បន្ននេះ៕