កីឡាជាតិ
ជាតិ
២៥ខេត្ត/រាជធានី
ចូលឆ្នាំ​៖ ក្រុម​ណាហ្គា​យក​ពេល​សម្រាក មក​ពង្រឹងសមត្ថភាព ដើម្បី​សងសឹក Tampines Rovers
15, Apr 2019 , 11:00 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើលជាមួយក្រុម Tampines Rovers ក្នុងជើងទី១នៅពហុកីឡដ្ឋានជាតិ, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់ណាហ្គាវើល
សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើលជាមួយក្រុម Tampines Rovers ក្នុងជើងទី១នៅពហុកីឡដ្ឋានជាតិ, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់ណាហ្គាវើល
ដោយ:
​ទោះបី​គណៈកម្មាធិការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ផ្អាក​ការប្រកួត​ក្រម​ខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​មួយ​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​តាម​ក្លិប​នីមួយៗ​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ តែ​ក្លិប​ណាហ្គា​វើ​ល​មិនបាន​ឈប់សម្រាក​នោះទេ ព្រោះ​ពួកគេ​ត្រូវយក​ពេលវេលា​នេះ​ទៅ​ពង្រឹងសមត្ថភាព​ត្រៀម​សងសឹក Tampines Rovers របស់​សិង្ហ​បុរី សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFC Cup 2019​។ គ្រូបង្វឹក​ណាហ្គា​វើ​ល​ជឿជាក់ថា ការប្រកួត​ជើង​ទី​២​នេះ នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​ជើង​ទី​១​។

 
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​បញ្ជាក់ថា ក្រុម​លោក​មិនបាន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នោះទេ ទោះបី​គណៈកម្មាធិការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​ផ្អាក​ការប្រកួត​លី​គ​មួយ​សប្តាហ៍​ក៏ដោយ​។ ណាហ្គា​វើ​ល​ត្រូវយក​ពេលវេលា​នេះ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ AFC Cup 2019​។ តែ​យ៉ាងណា ណាហ្គា​វើ​ល​នឹង​ឲ្យ​កីឡាករ​សម្រាក​ក្នុង​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ចូលឆ្នាំ ដើម្បី​ទៅ​ជួប​ក្រុមគ្រួសារ​សាច់ញាតិ និង​ទៅ​វត្ត​ជាដើម​។ 
 
​នៅ​ថ្ងៃ​បន្ទាប់​ពោលគឺ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃទី​២​នៃ​ពិធីបុណ្យ​ចូលឆ្នាំ ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​សងសឹក​ក្រុម Tampines Rovers សម្រាប់​ជំនួប​វគ្គ​ជម្រុះ​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup 2019 នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន Jalan Besar Stadium​។ នា​ការប្រកួត​ជើង​ទី​១ ក្រុម​ណាហ្គា​វើ​ល​បាន​ប្រកួត​ចាញ់​ក្រុម Tampines Rovers ក្នុង​លទ្ធផល ៥-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​គ្រូបង្វឹក​កាន់​សញ្ញាបត្រ A-License រូបនេះ ចាត់ទុក​ការមិន​បាន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​អាចធ្វើ​ឲ្យ​មាន​សម្ពាធ​ផ្លូវចិត្ត​ខ្លះ​ដែរ សម្រាប់​កីឡាករ​ណាហ្គា​វើ​ល​មួយចំនួន​។ តែ​លោក​សន្យាថា នឹង​ប៉ះប៉ូវ​ជូន​កីឡាករ​វិញ ក្រោយ​ចប់​បេសកកម្ម​នៅ​ប្រទេស​សិង្ហ​បុរី​។ ការ​ប៉ះប៉ូវ​នេះ គឺ​ការអនុញ្ញាត​ឲ្យ​កីឡាករ​ឈប់សម្រាក​នៅ​ថ្ងៃ​ណាមួយ ដើម្បី​ទៅលេង​ស្រុកកំណើត​ពេល​ត្រឡប់​មកពី​សិង្ហ​បុរី​វិញ​។ 
 
​ជាមួយ​ការ​អះអាងថា​នឹងធ្វើ​ឲ្យ​បានល្អ​តាមតែ​អាចធ្វើ​ទៅបាន លោក មាស ចាន់ណា ជឿជាក់ថា ក្រុម​ណាហ្គា​វើ​ល​នឹង​ទទួលបាន​លទ្ធផល​ល្អ ជាង​ជំនួប​ជើង​ទី​១​។ កត្តា​ដែល​ធ្វើ​ឲ្យ​លោក ចាន់ណា មាន​ជំនឿ​ចិត្ត​បែបនេះ គឺ​ដោយសារ​ក្រុម​លោក​បាន​ហ្វឹកហាត់​ត្រៀម​បាន​យ៉ាង​ល្អ ពិសេស​កីឡាករ​មាន​ឆន្ទៈ​ប្រកួត​ខ្ពស់​ក្នុងការ​យកឈ្នះ​គូប្រកួត​។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ក្រុម​ណាហ្គា​វើ​ល​មាន​ទុន​ទំនុកចិត្ត តាមរយៈ​ការយក​ឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ ៦-០ នា​ជំនួប​សប្តាហ៍​ទី​៣​ក្រម​ខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​។ 
 
«​ខ្ញុំ​គិតថា​វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​វា​ការប្រកួត​ក្នុង​ទឹកដី​របស់គេ តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​ជាង​មុន ព្រោះ​ខ្ញុំ​សង្កេតឃើញថា ពីរ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រសួងការពារជាតិ និង​ប៉ូលិស កីឡាករ​យើង​ធ្វើ​បានល្អ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ប្រកួត​។ ខ្ញុំ​ជឿជាក់ថា ការប្រកួត​លើក​នេះ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​លើក​មុន គឺ​យើង​មិន​បណ្តោយ​ឲ្យ​គេ​ស៊ុត​រហូត​៥​គ្រាប់​នោះទេ វា​អាក្រក់​មើល​ណាស​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា​។ 
 
​គ្រូបង្វឹក​រូបនេះ​បន្ថែមថា លោក​នឹង​ព្យាយាម​កែប្រែ​ប្រព័ន្ធ​ការពារ និង​បម្រើ​មួយចំនួន​ពេល​ប្រកួត​ជាមួយ Tampines Rovers ព្រោះ​លោក​សង្កេតឃើញថា ក្រុម​ខ្លួន​នៅមាន​ចំណុច​ខ្វះខាត​លើ​ប្រព័ន្ធ​ទាំងនេះ​។ លោក​សង្ឃឹមថា ក្រោយ​ការកែប្រែ​ក្រុម​លោក​នឹងធ្វើ​បានល្អ​ជាង​មុន​។ បច្ចុប្បន្ន​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​៣​មាន​៣​ពិន្ទុ ខណៈ Tampines Rovers ឈរ​កំពូល​តារាង​មាន​៧​ពិន្ទុ ដែល​ឈរ​ពីក្រោយ​ដោយ Hanoi FC មាន​៤​ពិន្ទុ​៕      

Tag:
 AFC Cup 2019
  ណាហ្គា​វើ​ល​
  Tampines Rovers
© រក្សាសិទ្ធិដោយ thmeythmey.com