ជាតិ
សង្គមជាតិ
«​សង្ក្រាន្ត​បន្ទាយមានជ័យ​» នៅ​ទី​តាំងបី​កន្លែង ចាប់ផ្តើម​នៅថ្ងៃនេះ​ហើយ​!
12, Apr 2019 , 11:21 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» ធ្វើ​នៅ​ទីតាំង​៣​កន្លែង គឺ​នៅ​សួន​មានជ័យ ប្រាសាទបន្ទាយឆ្មារ និង​ក្រុង​ប៉ោយប៉ែត ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១២-១៦ ខែមេសា​។ ព្រឹត្តិការណ៍​នេះ ដាក់តាំង​បង្ហាញ មួក​យក្ស កញ្ច្រែង​យក្ស អង្រុត​យក្ស និង​មាន​ភូមិ​ខ្មែរ ដែល​បង្ហាញ​ពី​ផលិតផល​ខ្មែរ​ផងដែរ​។ ព្រឹត្តិការណ៍​នេះ ចូលរួម​រៀបចំ​ដោយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តបន្ទាយមានជ័យ​។​



 
 
​លោក ស្រៀ​ង សុផល អនុប្រធាន ស​.​ស​.​យ​.​ក ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មូល​ហេតុដែល​បង្កើត​ក​ម្ម​វិធី​នេះ​ឡើង ដោយសារ​ចង់​ឲ្យ​ពលរដ្ឋ​បាន​ឈ្វេងយល់​ពី​វប្បធម៌ អរិយធម៌​ខ្មែរ និង​របៀបរបប​បែប​ប្រពៃណី​ខ្មែរ​នា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ប្រកាន់​ភ្ជាប់​នូវ​ទំនៀមទម្លាប់​ខ្មែរ​។ តាមរយៈ​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​បន្ទាយមានជ័យ​» លោក ស្រៀ​ង សុផល ជឿជាក់ថា ពលរដ្ឋ​ខ្មែរ​អាច​រក្សា​ទំនៀមទម្លាប់​ខ្មែរ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ម្យ៉ាងទៀត អាច​នាំ​ចំណូល​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្តបន្ទាយមានជ័យ​។ 
 
​បើតាម​លោក ស្រៀ​ង សុផល នៅក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» មានកម្ម​វិធី​សំខាន់ៗ​ជាច្រើន​ដូចជា ការ​ស្លៀកពាក់​បែប​ប្រពៃណី​បុរាណ​ខ្មែរ ការប្រគុំ​តន្ត្រី​បែប​សម័យ និង​បុរាណ ការតាំង​បង្ហាញ​ពី​ខ្លោងទ្វារ​តំណាង​ឲ្យ​ខេត្តបន្ទាយមានជ័យ ការតាំង​បង្ហាញ​មួក អង្រុត និង​កញ្ច្រែង ខ្នាត​ធំ នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ រួមទាំង​លេងល្បែង​ប្រជាប្រិយ​នៅ​ទីតាំង​ទាំង​៣​នេះ​ផងដែរ​។ 
 
​រយៈពេល​៥​ថ្ងៃ​នៃ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» គ្រោង​ចំណាយ​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ ដែលជា​ទឹកប្រាក់​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​ស​.​ស​.​យ​.​ក ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អនុប្រធាន​ស​.​ស​.​យ​.​ក ខេត្តបន្ទាយមានជ័យ ហើយ​លោក សង្ឃឹមថា សម្រាប់​ឆ្នាំនេះ នឹងមាន​ភ្ញៀវទេសចរ​កើនឡើង​ដល់​១៥​ម៉ឺន​នាក់​។ 
 
​លោក បញ្ជាក់ថា រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ ត្រៀមកម្លាំង​ការពារ និង​រក្សាសុខ​សុវត្ថិភាព​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទៅលេង​កម្សាន្ត​នា​ព្រឹត្តិការណ៍​ស​ង្រា្ក​ន្ត​នេះ​៕ 

Tag:
 សង្ក្រាន្ត​
 ​បន្ទាយមានជ័យ​
 ​ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com