ជាតិ
សង្គមជាតិ
តំបន់ត្រជាក់ចិត្ត ម្នាស់យក្ស ក្រូចយក្ស មាននៅក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង»
× ភ្នំពេញ៖ ម្នាស់យក្សនិងក្រូចយក្ស ត្រូវដាក់បង្ហាញក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នាថ្ងៃទី១២-១៦ ខែមេសា នៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្បែររង្វង់មូលរូបសំណាកលោកតាដំបងក្រញូង ខេត្តបាត់ដំបង។ ក្រៅពីសកម្មភាពកីឡា និងសិល្បៈ ព្រឹត្តិការណ៍ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង និងរដ្ឋបាលខេត្ត ក៏មានការបាញ់ពពុះសាប៊ូនៅតំបន់ត្រជាក់ចិត្តផងដែរ។
ឆ្នាំនេះជាឆ្នាំទី៣ហើយដែលស.ស.យ.ក ខេត្តបាត់ដំបង រៀបចំឡើងសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ លោក នូវ សុខភាព ប្រធានប្រតិបត្តិស.ស.យ.ក ខេត្តបាត់ដំបង បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា សម្រាប់ឆ្នាំនេះខេត្តបាត់ដំបង មានកម្មវិធីប្លែកៗខុសពីឆ្នាំកន្លងទៅ ដោយឆ្នាំនេះមានលក្ខណៈជាទ្រង់ទ្រាយធំ មានការដាក់តាំងរូប ម្នាស់យក្សនិងក្រូចយក្ស សម្រាប់ឲ្យពលរដ្ឋទាំងជិតទាំងឆ្ងាយ បានមកថតរូប និងកម្សាន្តសប្បាយរីករាយជាមួយសិល្បករខ្មែរគ្រប់ជំនាន់ និងសិល្បករបរទេសផងដែរ ដែលចូលរួមច្រៀង និងរាំកម្សាន្តបែបប្រពៃណីខ្មែរ ដើម្បីរក្សាវប្បធម៌ដែលជាប្រពៃណីខ្មែរ។
លោក ចាត់ទុកថា តាមរយៈព្រឹត្តិការណ៍នេះ អាចរកចំណូលឲ្យពលរដ្ឋខ្មែរដែលរស់នៅខេត្តបាត់ដំបងឲ្យកាន់តែច្រើន។ លោក នូវ សុខភាព បញ្ជាក់ដូច្នេះថា៖«ព្រឹត្តិការណ៍នេះ បង្ហាញពីសក្តានុពុលរបស់ខេត្តបាត់ដំបង និងជាឱកាសឲ្យពលរដ្ឋបានរកចំណូលបន្ថែមនាឱកាសសង្រា្កន្តបាត់ដំបងនេះ»។
ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នៅឆ្នាំ២០១៨ កន្លងទៅ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៧០ម៉ឺននាក់។ សម្រាប់ឆ្នាំនេះផងដែរ លោក នូវ សុខភាព មានជំនឿថា នឹងទាក់ទាញភ្ញៀវទេសចរទៅទស្សនានៅខេត្តបាត់ដំបងនេះជិត១លាននាក់៕
Tag:
សង្ក្រាន្ត
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com