ជាតិ
សង្គមជាតិ
ខេត្តកំពង់ធំ រៀបចំ «​សង្ក្រាន្ត​សំបូរ​ព្រៃ​គុក​» ដើម្បី​បង្ហាញ​ពី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​
13, Apr 2019 , 10:59 am        
រូបភាព
រូបពី​រដ្ឋ​បាល​ខេត្តកំពង់ធំ
រូបពី​រដ្ឋ​បាល​ខេត្តកំពង់ធំ
ដោយ:
​ភ្នំពេញ​៖ អភិបាលខេត្ត​កំពង់ធំ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តកំពង់ធំ រៀបចំ​ព្រឹត្តិការណ៍ «​ស​ង្ក្រា​ន​សំបូរ​ព្រៃ​គុក​» នៅ​បរិវេណ​ប្រាសាទសំបូរព្រៃគុក និង​នៅ​ទីតាំង​៥​កន្លែង​ទៀត រួមមាន ប្រាសាទ​យាយ​ព័ន្ធ​, តំបន់​សារមន្ទីរ​, ប្រាសាទជ្រៃ​, ប្រាសាទ​សង់​ព្រះ និង​ទី​រួម​ខេត្ត​។ ការរៀបចំ «​ស​ង្រា្ក​ន្ត​សំបូរ​ព្រៃ​គុក​» ដើម្បី​បង្ហាញ​ពី​កន្លែង​ប្រ​វ​តិ្ថ​សាស្ត្រ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ ប្រារព្ធ​ឡើង​ពីថ្ងៃ​ទី​១៤-១៦ ខែមេសា​។


 
​លោក ជា វ៉ាន់​ចាន់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ធំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​សំបូរ​ព្រៃ​គុក​» គឺ​ដើម្បី​បង្ហាញ​ពី​ស្មារតី​ការពារ និង​ថែរក្សា​មរតក​ជាតិខ្មែរ​ដែល​បាន​បន្សល់ទុក​ឲ្យ​កូន​ខ្មែរ​បាន​ឈ្វេងយល់​កាន់តែច្បាស់ និង​បាន​យល់​ពី​វប្បធម៌​កាន់តែ​ទូលំទូលាយ និង​ជា​ឱកាស​ជួបជុំ​ក្រុមគ្រួសារ​ខ្មែរ​បាន​សប្បាយរីករាយ​ជាមួយនឹង​ការលេង​ល្បែង​ប្រជាប្រិយ​។ 
 
​ប្រធាន​ស​.​ស​.​យ​.​ក​. ខេត្តកំពង់ធំ​រូបនេះ បាន​បន្ថែមថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​សំបូរ​ព្រៃ​គុក​» មានការ​តាំង​បង្ហាញ​សម្ភារ​ខ្នាត​ធំ ដូចជា តុំ​យក្ស និង​ឈ្នក់​យក្ស (​ឧបករណ៍​នេសាទ​ត្រី​របស់​អ្នកនេសាទ​នៅតាម​ដងស្ទឹង​សែន ដែល​ធ្វើ​ពី​ឫស្សី​) ការប្រណាំង​រទេះគោ ការប្រឡងប្រណាំង​ឡើង​សសរ​ខ្លាញ់ ការប្រគុំ​តន្ត្រី ការលេង​ល្បែង​ប្រជាប្រិយ និង​ការបាញ់​កាំជ្រួច​នៅពេល​រាត្រី ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ផងដែរ​។​


 
​ក្រៅពីនេះ​ក៏មាន​ការសម្តែង​ជា​ទស្សនីយភាព​សិល្បៈ​បុរាណ​ប្រពៃណី​របស់​ជនជាតិ​គួ​យ និង​មានការ​តាំងពិព័រណ៍​ដែលជា​សមិទ្ធផល​របស់​ខេត្តកំពង់ធំ​ផងដែរ​។ លោក ជា វ៉ាន់​ចាន់ យល់ថា​ប្រាសាទសំបូរព្រៃគុក​ជាទី​តាំង​ត្រជាក់ត្រជុំ ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​អញ្ជើញ​ទៅ​ចូលរួមបាន​យ៉ាង​សប្បាយរីករាយ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ប្រាសាទសំបូរព្រៃគុក​» បានរៀបចំ​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​។ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ មាន​សម្ភារ​ខ្នាត​ធំ​ដែលជា​អត្តសញ្ញាណ​របស់​ជនជាតិ​គួ​យ និង​មាន​ក្រមា​យក្ស នំ​នាឡិ​ខ្នាត​ធំ ជាដើម ដែល​បានដាក់​បង្ហាញ​នៅ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សំបូរ​ព្រៃ​គុក​៕






 

Tag:
 ស​ង្រា្ក​ន្ត​
  ប្រាសាទសំបូរព្រៃគុក​
 ​បេតិកភណ្ឌ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com