ជាតិ
កម្ពុជា ប្ដឹង​សហភាព​អឺរ៉ុប​រឿង​យកពន្ធ​នាំចូល​អង្ករ​
12, Apr 2019 , 3:07 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​កម្ពុជា បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អឺរ៉ុប ដើម្បី​តវ៉ា​ការសម្រេចចិត្ត​របស់​គ​ណៈ​កម្ម​ការ អឺរ៉ុប​ដែល​យកពន្ធ​នាំចូល​អង្ករ​។ ការយកពន្ធ​នាំចូល​រយៈពេល​បី​ឆ្នាំ ចាប់ផ្ដើម​អនុវត្ត​ចាប់​ខែមករា​កន្លងទៅ​។ មី​យ៉ាន់​ម៉ា ជា​ប្រទេស​មួយទៀត​ដែល​រង​វិធានការ​របស់​អឺ​រុ​ប​។

 
​ការយកពន្ធ​នាំចូល​លើ​អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ត្រូវបាន​សហភាព​អឺរ៉ុប​អះអាងថា ដើម្បី​ការពារ​អ្នក​ផលិត​អង្ករ​នៅ​តំបន់​អឺរ៉ុប​ដូចជា​អ៊ីតាលី​ជាដើម​។ យ៉ាងណាមិញ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​និយាយ​នៅ​ថ្ងៃទី​១១ ខែមេសា ថា វិធានការ​ការពារ​រ​បស់​អឺរ៉ុប មិន​ទាក់ទង​នឹង​សកម្ម​ភាពមិន​ស្មើភាព​អ្វី​ឡើយ ហើយ​ធ្វើឡើង​ដោយ​ផ្អែកលើ​ការប្រើប្រាស់​ទិន្នន័យ​មិន​ពេញលេញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​តាមពិតទៅ សមាជិក​ភាគច្រើន​របស់​សហភាព​អឺរ៉ុប គាំទ្រ​វិធានការ​ការពារ​នេះ ប៉ុន្តែ​មិនបាន​ឯកភាពគ្នា​ឡើយ​។ ដូចនេះហើយ ទើប​គណៈកម្មការ​អឺរ៉ុប​សម្រេចចិត្ត​អនុវត្ត​ការយកពន្ធ​ចូល​អង្ករ​នេះ​ចំនួន​៣​ឆ្នាំ​តែម្ដង​។ នៅ​ឆ្នាំ​ដំបូង អឺរ៉ុប​នឹង​យកពន្ធ​១៩៧,១៣​ដុល្លារ​ក្នុង​មួយ​តោន នៅ​ឆ្នាំ​ទី​ពីរ ទម្លាក់​មក​ត្រឹម​១៦៩,២៧​ដុល្លារ​ក្នុង​មួយ​តោន និង​ឆ្នាំ​ទី​បី ចុះមក​១៤១,០៦​ដុល្លារ​ក្នុង​មួយ​តោន​។​
 
​គណៈកម្មការ​អឺរ៉ុប​លើកឡើងថា ខ្លួន​រកឃើញ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ទៅកាន់​ទីផ្សារ​អឺរ៉ុប​កើនឡើង​ចំនួន​៨៩​ភាគរយ​ក្នុង​រយៈពេល​៥​រដូវ​ចុងក្រោយ ហើយ​ការ​នាំចូល​ដែលមាន​តម្លៃ​ទាប​ធ្វើ​ឲ្យ​ចំណែក​ក្នុង​ទីផ្សារ​របស់​អ្នក​ផលិត​នៅ​អឺរ៉ុប​ធ្លាក់​ពី​៦១​ភាគរយ​មក​ត្រឹម​២៩​ភាគរយ​។ 
 
​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ធ្លាប់​អះអាង​ហើយ​ថា ចំណាត់ការ​របស់​អឺរ៉ុប​ជា​អាវុធ​សម្លាប់​កសិករ​កម្ពុជា និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ផង​៕
 

Tag:
 កម្ពុជា​
  អឺរ៉ុប​
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com