កំពូលតារាឆ្នើម Lionel Messi, Neymar និង Cristiano Ronaldo សុទ្ធតែជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់បៀវត្សច្រើនជាងគេបំផុតលើលោកនាពេលបច្ចុប្បន្ន។ ក្នុងចំណោមអ្នកទាំងបីរូប Messi ទទួលបានប្រាក់ឈ្នួលច្រើនជាងគេ តាមពីក្រោយដោយ Neymar និង Ronaldo ដែលធ្លាក់ទៅលេខ៣។
អ្នកតាមដានកីឡាបាល់ទាត់ភាគច្រើនប្រហែលជាគិតថា Neymar ប្រាដកជាទទួលបានប្រាក់ខែច្រើនជាងគេមិនខាន ដ្បិតការផ្ទេររូបគេពី Barcelona ទៅកាន់ ក្លិបយក្សបារាំង Paris Saint Germain មានតម្លៃខ្ពស់កប់ពពករហូតដល់ ២៦១លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៧។
ប៉ុន្តែជាការពិតខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះទទួលបានប្រាក់ឈ្នួលច្រើនជាងគេលំដាប់ទី២ប៉ុណ្ណោះពោលគឺទទួលបាន ៤១,៤១លានដុល្លារក្នុងមួយឆ្នាំ។ Ronaldo ដែលនាំមុខគេក្នុងនាមកីឡាករបាល់ទាត់ទទួលបានប្រាក់បៀវត្សច្រើនជាងគេបំផុតលើលោកកាលពីឆ្នាំ២០១៨ បានធ្លាក់ទៅលេខរៀងទី៣វិញសម្រាប់ឆ្នាំ២០១៩នេះ។ ខ្សែប្រយុទ្ធដែលផ្ទេរពី Real Madrid ទៅចូលរួម Juventus កាលពីដើមរដូវកាលនេះទទួលបានថ្លៃឈ្នួល ៣៤,៧៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ចំណែកកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីន Messi បានក្លាយជាកីឡាករមានថ្លៃឈ្នួលខ្ពស់បំផុតលើលោកប្រចាំឆ្នាំ២០១៩ បន្ទាប់ពីយល់ព្រមបន្តកិច្ចសន្យាឲ្យ Barcelona ដល់ឆ្នាំ២០២១ ដោយទទួលបានថ្លៃពលកម្ម ៥៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំនួនទឹកប្រាក់ដ៏ច្រើននេះមានន័យថា Messi មានថ្លៃឈ្នួលច្រើនជាង Ronaldo ដល់ទៅជិតពាក់កណ្តាលឯណោះ។
ខាងក្រោមនេះជាកំពូលកីឡាករបាល់ទាត់ទាំង ១០រូបដែលមានប្រាក់បៀវត្សច្រើនបំផុតលើលោកក្នុងរដូវកាល ២០១៨-២០១៩ នេះ៖
១- Lionel Messi (FC Barcelona) ទទួលបានថ្លៃឈ្នួល ៥៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
២- Neymar (PSG) ទទួលបានថ្លៃឈ្នួល ៤១,៤១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
៣- Cristiano Ronaldo (Juventus) ទទួលបានថ្លៃឈ្នួល ៣៤,៧៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
៤- Alexi Sanchez (Mancheter United) ទទួលបានថ្លៃឈ្នួល ៣០,៥៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
៥- Oscar (Shanghai SIPG) ទទួលបានថ្លៃឈ្នួល ២៧,៥៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
៦- Ezequiel Lavezzi (Hebei Fortune) ទទួលបានថ្លៃឈ្នួល ២៦,៥២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
៧- Mesut Ozil (Arsenal) ទទួលបានថ្លៃឈ្នួល ២៣,៧៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
៨- Hulk (Shanghai SIPG) ទទួលបានថ្លៃឈ្នួល ២២,៩៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
៩- Kylian Mbappe (PSG) ទទួលបានថ្លៃឈ្នួល ២០,៧៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
១០- Paul Pogba (Manchester United) ទទួលបានថ្លៃឈ្នួល ២០,១២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។