កីឡាជាតិ
ជាតិ
លោក ហែម គី​រី ចាត់ទុកពាន​សម្តេច ស ខេង ជាការ​ពង្រឹងសមត្ថភាព​ត្រៀម​ជើងឯក​អាស៊ី​អាគេ្នយ៍
12, Apr 2019 , 10:19 pm        
រូបភាព
ដោយ:
​ប្រធាន​អង្គភាព​ក្រសួងមហាផ្ទៃ គ្រោង​រៀបចំ​ការប្រកួត​កីឡាហែលទឹក​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង មុន​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ជា​រៀងរាល់ឆ្នាំ ដើម្បី​លើកទឹកចិត្ត​កីឡាករ​កីឡាការិនី ។ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ហែល​ទឹក បានចាត់ទុក​ព្រឹត្តិការណ៍​នេះ ជាការ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង និង​ធ្វើតេស្ត​សមត្ថភាព​កីឡាករ សម្រាប់​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំនេះ​។ 

 
​នា​ពិធី​បិទ​ការប្រកួត​កីឡាហែលទឹក​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង លើក​ទី​៦​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា លោក​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​សម្តេច ស ខេង ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ​។ ការកំណត់​បែបនេះ ដោយសារ​លោក ចង់​លើកទឹកចិត្ត​កីឡាករ​កីឡាការិនី​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ តាមរយៈ​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជា​ថវិកា​ដ​ល់​ពួកគេ មុន​ថ្ងៃ​ទៅលេង​ស្រុកកំណើត​។ លើសពីនេះ ដើម្បី​អបអរ​ពិធីបុណ្យ​វប្បធម៌​ប្រពៃណី​ខ្មែរ​មួយ​នេះ​ផងដែរ​។​


លោក ជា ប៊ុនហេង (មុខកណ្តាល)ពេលបំពាក់មេដាយជូនម្ចាស់ជ័យលាភី, រូបភាពពី NOCC
 
​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ហែល​ទឹក បានចាត់ទុក​ការប្រកួត​នេះ គឺជា​ការរួមចំណែក​មួ​យ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី ពិសេស​យុវជន ក្នុងន័យ​អភិវឌ្ឍ​វិស័យ​កីឡាហែលទឹក​នៅ​កម្ពុជា​។ លើសពីនេះ ដើម្បី​ផ្តល់​បទពិសោធ ក៏ដូចជា​វាស់​ស្ទង់​កម្រិត​សមត្ថភាព​កីឡាករ​កីឡាការិនី សម្រាប់​ត្រៀម​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នា​ខែមិថុនា​ខាងមុខ​។ វា​ក៏​ជាការ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​វ័យក្មេង ក៏ដូចជា​ជនពិការ​បានបង្ហាញ​សមត្ថភាព​របស់ខ្លួន​ផងដែរ​។ 


សកម្មភាពកីឡាករប្រកួតក្នុងពានរង្វាន់សម្តេច ស ខេង លើកទី៦, រូបភាពទាំងអស់ពី NOCC
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ពីថ្ងៃ​ទី​១១-១២ ខែមេសា ក្រុម​កីឡាករ​របស់​ស​មា​គម​កីឡា​ក្រសួងមហាផ្ទៃ​ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​ឈ្នះ​មេដាយមាស​៥ ប្រាក់​២ និង​សំរឹទ្ធ​២​។ ចំណែក​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ឈរ​លំដាប់​ទី​២ ក្រោយ​ឈ្នះ​មាស​៤ ប្រាក់​៣ និង​សំរឹទ្ធ​៥ ខណៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឈរ​លេខ​រៀង​បន្ទាប់​ជាមួយ​មេដាយមាស​២ ប្រាក់​២ និង​សំរឹទ្ធ​៤​។ សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត ម្ចាស់​មេដាយមាស​ទទួល​បាន​៣០​ម៉ឺន​រៀល ប្រាក់​២០​ម៉ឺន​រៀល និង​សំរឹទ្ធ​១០​ម៉ឺន​រៀល​។ ចំណែក​អ្នក​មិន​ទទួលបាន​មេដាយ​ទទួលបាន​ម្នាក់​២​ម៉ឺន​រៀល​។      
 
​សម្រាប់​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៩ មាន​កីឡាករ​កីឡាការិនី​ចំនួន​៧០​នាក់​(​ស្រី​១៩​នាក់​)​មកពី​៥​ក្លិប​-​សមាគម​ចូលរួម​។ ពួកគេ​ប្រកួតប្រជែង​គ្នា​លើ​១៥​វិញ្ញាសា​៕ 
 

Tag:
 ​ហែល​ទឹក​
  ជា ប៊ុនហេង​
  ពានរង្វាន់​សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com