ONE Championship
កីឡាជាតិ
ជាតិ
រិ​ន សា​រ័ត្ន ថា​នឹង​ទៅ​ចិញ្ចឹម​មាន់​វិញ បើ​អាជីព MMA ផ្តល់​ចំណូល​មិន​គ្រប់គ្រាន់​
17, Apr 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ​៖ ស៊ី​ធី 
 ​មួយ​រយៈពេល​ចុងក្រោយ​ឃើញថា​ក្បាច់គុន​ចម្រុះ (MMA) មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ក្រោយពេល​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា បាន​បង្កើត​ឡើងជា​ផ្លូវការ​នា​ចុងឆ្នាំ ២០១៨ កន្លងទៅនេះ មាន​កីឡាករ​ជាច្រើន​បានចេញ​ទៅ​ប្រកួត​លើស​ង្វៀន​លំដាប់​ពិភពលោក One Championship ជា​បន្តបន្ទាប់​។ ទន្ទឹមគ្នានេះ​កីឡាករ​គុន​ចម្រុះ រិ​ន សា​រ័ត្ន បានចេញ​មុខមក​រៀប​រាប់​អំពី​ការតាំង​ចិត្ត​របស់ខ្លួន​ក្នុង​អាជីព​នេះ​ទៅ​ថ្ងៃ​អនាគត​។


«​ខ្ញុំ​ស្រលាញ់​ក្បាច់គុន​ចម្រុះ ព្រោះ​ខ្ញុំ​ខំ​ហ្វឹកហាត់​តាំងពីដើម​រៀងមក​ទោះ​មិនសូវមាន​គេ​ស្គាល់ និង មិន​ពេញនិយម​ដូច​ប្រដាល់​ក៏ដោយ​។ ប៉ុន្តែ​ទៅ​ថ្ងៃមុខ​ខ្ញុំ​មិនទាន់​ច្បាស់​ថា​អាច​រក្សា​ការហ្វឹកហាត់​បន្តទៀត ឬ យ៉ាងណាទេ ព្រោះ​អត់​សូវ​បាន​ឡើង​វាយ​ញឹកញាប់ ហើយ ទៅមុខទៀត ខ្ញុំ​អាច​នឹងមាន​ត្រូវការ​ច្រើន មិន​ដូច​ខ្លួន​មួយ​នោះទេ​។​» នេះ​ជាការ​បញ្ជាក់​របស់ រិ​ន សា​រ័ត្ន អ្នកលេង​គុន​ចម្រុះ​ដែល​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team​។ 
  
 
​ការ​ថ្លែង​បែបនេះ បន្ទាប់ពី​រៀមច្បង​មួយចំនួន​ដែល​ហ្វឹកហាត់​ក្បាច់ MMA នៅ​កម្ពុជា បាន​បោះបង់​ជា​ហូរហែ​ដោយ​បែរ​ទៅ​ប្រកប​របរ​រកស៊ី​វិញ ដូចជា មាស ម៉ើ ,​សរ សី​, និង ថៃ រិទ្ធី ជាដើម ខណៈដែល សឹម ប៊ុន​ស្រន់ ក៏មាន​មុខរបរ​ផ្ទាល់ខ្លួន​ដែរ ប៉ុន្តែ រូបគេ​អាច​ឆ្លៀត​បានមក​ហ្វឹកហាត់​ខ្លះៗ​។ 
 
​អ្នកលេង​គុន​ចម្រុះ វ័យ ២៥ ឆ្នាំ​បញ្ជាក់ថា បើសិន​អាជីព MMA អាចមាន​ចំណូល​គ្រប់គ្រាន់ គេ​នឹង​បន្ត​ខំប្រឹង​បន្ថែមទៀត​ទោះជា​មានគ្រួសារ​ក្ដី​។ កីឡាករ​មកពី​ខេត្តព្រៃវែង អាច​នឹង​ចូល​រោង​ជ័យ​នា​ចុង​ឆ្នាំនេះ ហើយ​នេះ​ជាហេតុ​ផល​ដែល​ធ្វើ​ឲ្យ​រូបគេ​ពិចារណា​ច្រើន​ជុំវិញ​អាជីព​ជា​កីឡាករ​គុន​ចម្រុះ ព្រោះ​តម្រូវការ​ជីវភាព​អាច​កើនឡើង​មិន​ដូច​សព្វថ្ងៃ​ដែល​នៅ​លីវ​នោះឡើយ​។​
 
​បែបណា​ក្ដី អ្នកលេង​គុន​ចម្រុះ​ដែល​ចូល​ហ្វឹក​ហាត់គុន​ចម្រុះ​តាំងពី ស៊ី​ធី​អិន រៀបចំ​ការប្រកួត​ជើងឯក​ឆ្នាំ ២០១៣ មក​នោះបាន​រៀបរាប់​ទៀតថា ៖«​ពេល​ខ្ញុំ​មាន​ភរិយា ខ្ញុំ​បាន​និយាយ​ជាមួយ​អនាគត​ភរិយា​រួចហើយ បើសិន​អាច​រក​កម្រៃ​បាន​ដើម្បី​សម្រួល ឬ ធ្វើ​ឲ្យ​ជីវភាព​ប្រសើរឡើង ខ្ញុំ​នៅតែ​ហ្វឹកហាត់​ដដែល ឬ មួយ​ខ្ញុំ​អាច​ក្លាយជា​គ្រូបង្វឹក​ទៅ​ថ្ងៃមុខ​ក៏​ថា​បាន​។ ខ្ញុំ​នឹង​ចំណាយពេល​ផ្ទេរ​ចំណេះ​របស់ខ្ញុំ​ក្នុងនាម​ជា​គ្រូ​បើសិន​ខ្ញុំ​វាយ​លែងកើត​។ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​ប្រហែលជា​ទៅរក​ស៊ី​ហើយ ក្នុងករណី ខ្ញុំ​មានកូន​នៅក្នុង​បន្ទុក​ទៀត​នោះ ព្រោះ​ត្រូវ​ចំណាយ​ច្រើន»​។​
 
​កូនសិស្ស​របស់លោក ហ៊ុន ច័ន្ទ​រាជ្យ  ដែល​ឡើង​សង្វៀន​គុន​ចម្រុះ​ចំនួន ១០ ដង បាន​បង្ហើប​ថា មាន​តម្រុយ​ខ្លះៗ​ហើយ គឺ ប្រហែលជា​ទៅ​ប្រកប​របរ​ចិញ្ចឹម​មាន់​ស្រែ បើ​មិន​នៅជាប់​លាប់​នឹង​អាជីព MMA ខណៈដែល អនាគត​ប្រពន្ធ​ក៏មាន​មុខ​របស់​ផ្ទាល់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ កីឡាករ​ដែល​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់សេរី​បាន ៣២ ដង​រូបនេះ សង្កត់ធ្ងន់ថា រូបគេ​នៅតែ​ស្រលាញ់​ក្បាច់ MMA ហើយ រំពឹងថា មាន​យុវជន​ថ្នាល​ចង់​ហ្វឹកហាត់​កាន់តែ​ច្រើនឡើង និង មាន​សង្វៀន​ឡើង​វ៉ៃ​ឲ្យ​បាន​ញឹកញាប់​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ​។ 
 
​យ៉ាងណាក្ដី​ថ្មីៗ​នេះ  សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ក្លិប និង សម្រួល​ដល់​កីឡាករ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​តាមតែ​អាចធ្វើ​ទៅបាន​។ ជាមួយគ្នា​នោះ លោក កែ ប៊ិន​សូរ​ស្មី អនុប្រធាន​សហព័ន្ធ​បាន​បញ្ជាក់ថា សហព័ន្ធ​គ្រង​រៀបចំ​ឲ្យ​មានការ​ប្រកួត​លើស​ង្វៀន MMA យ៉ាងហោច ២ ទៅ ៣ ដង​ក្នុង​មួយឆ្នាំ​ទោះ​មិនបាន​រៀងរាល់ខែ និង បន្ត​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ដើម្បី​មក​រៀបចំ​ការប្រកួត​នៅ​កម្ពុជា​ជាថ្មី​ម្ដងទៀត​៕ 
 
  

Tag:
 MMA
  រិ​ន សា​រ័ត្ន​ ​
© រក្សាសិទ្ធិដោយ thmeythmey.com