ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អភិបាលខេត្ត​ពន្យល់​មូលហេតុ​ដែលមាន​តំបន់​លេង​ទឹក​ក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​
14, Apr 2019 , 1:29 pm        
រូបភាព
 រូបថត Tea Seiha
រូបថត Tea Seiha
​សៀមរាប​៖ មានការ​រិះគន់​បន្ដិច​ពី​ការរៀបចំ​ឱ្យមាន​តំបន់​លេង​ទឹក ការដាក់​ពាងទឹក​ដើម្បីឱ្យ​សាធារណជន​លេង​ទឹក​ក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត រួម​និង​រដ្ឋបាល​ខេត្តសៀមរាប​។ នៅ​ថ្ងៃ​បើក​ព្រឹត្តិការណ៍​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា​នេះ អភិបាលខេត្ត លោក ទៀ សីហា បាន​ពន្យល់​ពី​មូលហេតុ​ទាំងនេះ និង​ថា​ការរៀបចំ​នេះ​បានគិត​គួរ​ច្បាស់លាស់​។

 
​នៅ​ចំពោះមុខ​សម្ដេច ទៀ បាញ់ ដែល​ធ្វើជា​អធិបតី​បើក​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បាន​ប្រាប់​ពី​មូល​ហេតុដែល​សៀមរាប​គ្មាន​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំនេះ ក៏ដូចជា​ការរៀបចំ​សៀមរាប​សង្ក្រាន្ត​ដោយ​ប្រើពេល​វេលា​ខ្លី​។ តាម​លោក​អភិបាលខេត្ត សៀមរាប​សង្ក្រាន្ត​រៀបចំ​ត្រឹម​១៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការសម្រេចចិត្ត​ផ្អាក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ប្រើពេល​វេលា​ខ្លី​ក៏ពិតមែន តែដោយសារ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន​។ នេះ​ជាការ​លើកឡើង​របស់លោក ទៀ សីហា​។ 
 
​ជាមួយគ្នានេះ លោក ទៀ សីហា ក៏បាន​បកស្រាយ​ពី​ការរៀបចំ​តំបន់ តោះ​តោះ​លេង​ទឹក​ផងដែរ​។ លោក​អភិបាលខេត្ត​ទទួលស្គាល់ថា តំបន់​ខ្លះ​នៃ​ខេត្ត​ជួប​គ្រោះ​ខ្វះ​ទឺ​ក​ពិតមែន តែ​ការរៀបចំ​ឱ្យមាន​ការលេងទឹក ក៏​រិត​តែ​មិនអាច​រំលង​បានឡើយ ដ្បិតថា​ជា​ប្រពៃណី​មួយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ដែល​ប្រជាពលរដ្ឋ​និយម​លេង ដូចជា​ពិធី​ស្រង់​ព្រះ​ជាដើម​។ លោក​បន្ថែមថា ក្រុមការងារ​ចម្រុះ​បាន​ចុះជួយ​ផ្តល់​ទឹក​ដល់​តំបន់​ខ្វះ​ទឹក​រួចរាល់​ហើយ​ដែរ ហើយ​ខេត្តសៀមរាប​ក៏​មិនមាន​ការចាំបាច់​ដើម្បី​ទៅ​ទិញ​ទឹក​ពី​ខាង​ណា​នោះដែរ​។​
 
​ក្រៅពីនេះ លោក​អភិបាលខេត្ត​ក៏​ប្រាប់​ពី​មូលហេតុ​ក្នុងការ​ជ្រើសរើស​តំបន់​សួនច្បារ​ព្រះរាជដំណាក់ និង​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម សម្រាប់​ប្រារព្ធ​ពិធី​សៀមរាប​សង្ក្រាន្ត​នេះ​។ លោក​ថា ដោយសារ​តំបន់​នេះ​ត្រូវ​បានរៀបចំ​ស្អាត​ដោយ​អតីត​អភិបាល​មុន ណាមួយ​ជា​តំបន់​ទី​សក្ការ​មួយ​សម្រាប់​ខេត្ត ដែល​លោក​ជឿថា​ស័ក្ដិសម​បំផុត​សម្រាប់​ការរៀបចំ​ពិធីបុណ្យ​ប្រពៃណីជាតិ​មួយ​នេះ​។ យ៉ាងណា លោក ទៀ សីហា ក៏​សុំ​ការយក​យោគយល់​ដល់​សាធារណជន​ចំពោះ​ករណី​កកស្ទះ​ចរាចរណ៍​ជុំវិញ​បរិវេណ​នេះ ដោយសារ​អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បិទផ្លូវ​មួយចំនួនធំ​ជុំវិញ​បរិវេណ បំណង​ដើម្បី​សណ្ដាប់ធ្នាប់ សន្ដិសុខ និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​៕
 
 

Tag:
 សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com