ចាស់ទុំ​ជិតខាង​ដែល​មិនគួរ​បំភ្លេច​!!!
ជាតិ
សង្គមជាតិ
ចាស់ទុំ​ជិតខាង​ដែល​មិនគួរ​បំភ្លេច​!!!
27, Sep 2019 , 10:29 pm        
រូបភាព
​ជូន​ចំពោះ​យុវជន​ទាំងអស់​! រឿងរ៉ាវ​ពី​អតីតកាល​មាន​ល្អ មាន​អាក្រក់ តែបើ​ផ្តោតទៅលើ​រឿង​ល្អ យើង​នឹង​នឹកឃើញ​មនុស្ស​ជាច្រើន​ដែល​នៅ​ជុំវិញខ្លួន​យើង ជាពិសេស​អ្នក​ដែល​ធ្វើអំពើ​ល្អ​មកលើ​យើង​។ ក្រៅពី​ឪពុកម្តាយ គ្រូបង្រៀន និង​សាច់ញាតិ អ្នក​ដែលមាន​ចំណែក​បង្រៀន​ឲ្យ​យើង​ដើរ និង​អប់រំ​យើង​នោះ គឺ​ចាស់ទុំ​ជិតខាង​របស់​យើង​។



«​យាយ​ផាន់​ស្លាប់​ហើយ​!» «​តា​សៅ​ឈឺ​ធ្ងន់​!» «​អ៊ុំ​សុខ​តែលតោល​!»​។ នៅពេល​ទូរ​សព្ទ​ទៅ​សួរ​ឪពុកម្តាយ យុវជន​ភាគច្រើន​តែង​តែ​ទទួលបាន​ដំណឹង​បែបនេះ ទាក់ទង​នឹង​ស្ថានភាព​ចាស់ទុំ​ជិតខាង ដែល​ខ្លួន​បាន​ឃ្លាតឆ្ងាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ពិតណាស់ គម្លាត​អាយុ និង​រនាំង​បច្ចេកវិទ្យា មិនអាច​ឲ្យ​យើង​មានឱកាស​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​ចាស់ទុំ​ជិតខាង​នោះឡើយ ប៉ុន្តែ​ចាស់ទុំ​នៅ​ភូមិកំណើត ជា​មនុស្ស​ដែល​យើង​មិនត្រូវ​បំភ្លេចបាន​នោះទេ​។ ពួកគាត់​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែល​តែងតែ​យកចិត្តទុកដាក់​មកលើ​យើង​តាំងពី​នៅ​ក្មេង​ក្តី​។​

​ចាំ​បានទេ​? នៅពេលដែល​យើង​ចេញពី​ស្រុកកំណើត ចាស់ទុំ​មួយចំនួន​មាន​អាយុ​ជ្រាលជ្រេ​ទៅហើយ​។ ការចាកចេញ​ទៅ​ចាប់​ជីវិត​ថ្មី ជីវភាព​ថ្មី នៅលើ​ទឹកដី​ថ្មី ក៏​ជាការ​ចាប់ផ្តើម​គម្លាត​នៃ​ទំនាក់ទំនង​រវាង​យើង និង​ពួកគាត់​ផងដែរ​។ មិនជា​បញ្ហា​នោះឡើយ សម្រាប់​ចាស់ទុំ ដែលមាន​ជីវភាព​ធូរធា និង​មានកូន​ប្រកបដោយ​កន្លង​ធម៌ យកចិត្តទុកដាក់​ចំពោះ​ពួកគាត់ ប៉ុន្តែ​ចាស់ទុំ​មួយចំនួន ស្ថានភាព​របស់​ពួកគាត់​កាលពី​ជាង​១០ ទៅ​២០ ឬ​៣០​ឆ្នាំ មុន មិនមាន​ការប្រែប្រួល​នោះឡើយ ហើយ​រឹតតែ​យ៉ាប់យ៉ឺន​ទៅទៀត ដោយសារ​សុខភាព​រប​ស់​ពួកគាត់​មិនសូវ​ចំ​ណោ​យ​ផល មិនមាន​កម្លាំង​ប្រកប​របរ​ទទួលទាន​ពេញលេញ​នោះទេ​។​

​នៅពេល​យើង​ទៅលេង​ស្រុកកំណើត​ម្តងៗ ជាពិសេស​នាឱកាស​បុណ្យ​ចូលឆ្នាំថ្មី ឬ​ភ្ជំបិណ្ឌ ពិតណាស់ យើង​ច្បាស់​ជាមាន ចាស់ទុំ​ខ្លះ​ដែល​យើង​មិនមាន​ឱកាស​ជួប​មុខ​ពួកគាត់​ជា​រៀងរហូត​។

​សូម​បិទ​ភ្នែក​មួយសន្ទុះ ហើយ​សញ្ជឹងគិត​ទៅ​សកម្មភាព​អតីតកាល​! តើ​អ្នកណា​ជួយ​ពរ​យើង និង​ឲ្យ​នំចំណី​ដល់​យើង​នៅពេលដែល​ឪពុកម្តាយ​យើង​រវល់​? តើ​អ្នកណា​ដែល​តែងតែ​ជួយផ្តល់​កម្លាំងចិត្ត​ដល់​ឪពុកម្តាយ​យើង នៅពេលដែល​ពួកគាត់​ចាល់​គំនិត​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន​? នឹកឃើញ​ហើយ ក្រៅពី​សាច់ញាតិ មិនមាន​អ្នកណា​ក្រៅពី​ចាស់ទុំ​ជិតខាង​នោះឡើយ ដោយ​អ្នកខ្លះ​មាន​អាយុ​ស្របាល​នឹង​ឪពុកម្តាយ​របស់​យើង ហើយ​ខ្លះទៀត មាន​វ័យ​ច្រើនជាង​នេះ​។​

​ចាស់ទុំ​មួយចំនួន​ថែម​សុខចិត្ត​ឈរ​នៅ​ខាងយើង​នៅពេល​យើង​ឈ្លោះ​ជាមួយ​កូន​ពួកគាត់ ហើយ​ចាស់ទុំ​ជិតខាង​ខ្លះ លួចលាក់​បំពួន​យើង​នៅពេល​ឪពុកម្តាយ​របស់​យើង​តាម​វាយ​យើង​ផងដែរ​។ ទាំងនេះ​ជា​រឿងរ៉ាវ​តូច​តាច​ប៉ុណ្ណោះ ខណៈ​អ្នកខ្លះ ធ្វើ​រឿង​ល្អៗ​ច្រើន​ជាងនេះទៀត​។​

​ស្រី​ល័​ក្ខ ធំ​ប៉ុនណា​ហើយ​? ធារ៉ា មាន​របរ​ធ្វើ​អ្វី​? ម៉េង​ស៊ា​ង បាន​ប្រពន្ធ​អ្នកស្រុក​ណា​? ពិទូរ្យ មានកូន​ប៉ុន្មាន​នាក់​? ទាំងនេះ ជា​សំណួរ​របស់​ចាស់ទុំ​ជិតខាង​ដែល​តែងតែ​ឈ្លេចសួរ​នៅពេលដែល​ពួកគាត់​មានឱកាស​ជួប​ឪពុកម្តាយ ឬ​សាច់ញាតិ​របស់​យើង​។ ឃើញ​ទេ​? ពួកគាត់​មិនដែល​ភ្លេច​ពួកយើង​នោះឡើយ​!

​ថ្វីត្បិតតែ​ពួកយើង​មិនអាច​តបស្នង​ទង្វើ​របស់​ពួកគាត់​មកលើ​យើង​ឲ្យ​ដូចជា​ឪពុកម្តាយ​ក៏ដោយ ប៉ុន្តែ ការបង្ហាញ​ក្តី​គោរព ឱនលំទោន​ចំពោះ​ពួកគាត់ និង​ការជូន​លុយកាក់ ឬអ្វី​ផ្សេងៗ​ដល់​ពួកគាត់ មិនមែនជា​វិញ្ញាសា​តឹងតែង​ដែល​ពិបាក​ដោះស្រាយ​នោះឡើយ​។ អំពើ​ល្អ​មិន​សាបសូន្យ​នោះទេ ប្រៀបដូចជា​អំពើ​ល្អ​ដែល​ចាស់ទុំ​ជិតខាង​ធ្លាប់ធ្វើ​មកលើ​យើង និង​អំពើ​ល្អ​ដែល​យើង​គួរ​ធ្វើ​តប​ទៅ​ពួកគាត់​វិញ​!



© រក្សាសិទ្ធិដោយ thmeythmey.com