ជាតិ
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំថ្ងៃទី២៖ មនុស្សស្លាប់១៣នាក់ និងរបួស៤២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍
× នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ មានមនុស្សស្លាប់១៣នាក់, របួសស្រាល១០នាក់ និងរបួសធ្ងន់៣២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នេះ។
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរនេះ កើតឡើង ២៧លើក ក្នុងនោះមាន២លើកនៅខេត្តត្បូងឃ្មុំ ស្លាប់៤នាក់ និងរបួស២នាក់, កំពង់ស្ពឺ៣លើក ស្លាប់៥នាក់, រាជធានីភ្នំពេញ១២លើក ស្លាប់៣នាក់ និងរបួស១៤នាក់, ខេត្តកណ្ដាល៣លើក ស្លាប់៤នាក់ និងរបួស៦នាក់, ខេត្តក្រចេះ៣លើក ស្លាប់២នាក់ និងរបួស៥នាក់, ពោធិ៍សាត់ ស្លាប់៣នាក់ និងរបួស១១នាក់, បន្ទាយមានជ័យ ស្លាប់២នាក់ និងរបួស៨នាក់ និងខេត្តកំពង់ឆ្នាំ៣លើក ស្លាប់៣នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា រយ:ពេល៣ថ្ងៃ (១៣-១៥) គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមាន ៨២លើក ដែលបណ្តាលឲ្យមានមនុស្សស្លាប់៤៤នាក់ របួសធ្ងន់១០០នាក់ និងរបួសស្រាល៣២នាក់។ អ្នកស្លាប់ ដោយគ្រោះថ្នាក់ម៉ូតូ មានចំនួន ៣៣នាក់ ក្នុងនោះ ២៧នាក់មិនពាក់មួកសុវត្តិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com