បទយកការណ៍ / បទសម្ភាសន៍
ផ្លូវ​ក្នុង​តំបន់​អង្គរ នឹង​ស្ថាបនា​ឱ្យ​ស្អាត​ទាំងស្រុង​ត្រឹម​ឆ្នាំ​២០២០
17, Apr 2019 , 9:59 am        
រូបភាព
​សៀមរាប​៖ ជា​បន្តបន្ទាប់ ផ្លូវ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ស្ថាបនា និង​ជួសជុល ក្នុង​បំណង​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ភ្ញៀវទេសចរ ក៏ដូចជា​សាធារណជន​ទូទៅ​។ អាជ្ញាធរ​ជាតិ​អប្សរា ដែល​គ្រប់គ្រង​តំបន់​នេះ​បានបង្ហាញ​គោលជំហរ​ច្បាស់លាស់ និង​ចាត់ទុក​ការស្ថាបនា​ផ្លូវ ថា​ជា​ចំណុច​អាទិភាព​មួយ​ទន្ទឹមនឹង​ការអភិរក្ស​ប្រាសាទ​។ អាជ្ញាធរ​បានលើកឡើង​ថា ត្រឹម​ឆ្នាំ​២០២០ ផ្លូវថ្នល់​នៅ​តំបន់​អង្គរ​នឹងត្រូវ​ស្ថាបនា កែលម្អ​ថ្មី​ឱ្យបាន​ស្អាត​ទាំងស្រុង​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖

 
​ផ្លូវថ្នល់ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចាត់ទុក​ដូចជា​សរសៃឈាម​ដ៏​សំខាន់ ហើយ​ការអភិវឌ្ឍ​នានា​ប្រសិនបើ​គ្មាន​ប្រព័ន្ធ​ផ្លូវថ្នល់ នោះ​ក៏​មិនអាច​ទៅមុខ​បានដែរ​។ គេ​តែង​បានដឹង និង​ស្ដាប់ឮ​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា តែង​បាន​និយាយថា ការអភិរក្ស និង​អភិវឌ្ឍន៍ ត្រូវ​ដើរ​ទន្ទឹមគ្នា ត្រូវ​ទាញ​អត្ថប្រយោជន៍ និង​បម្រើឱ្យ​គ្នា​ទៅវិញទៅមក​។ ការអភិរក្ស មិនអាច​ខ្វះ​ការអភិវឌ្ឍ ហើយ​ការអភិវឌ្ឍ​ក៏​មិនត្រូវ​ខ្វះ​ការអភិរក្ស​ដែរ​។​
 
 
​ការស្ថាបនា និង​ជួសជុល​ផ្លូវ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ កំពុង​មមាញឹក​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ដោយសារ​ជា​តំបន់​បេតិកភណ្ឌ ដូច្នេះ​ការកសាង និង​ជួសជុល​ផ្លូវ​ក្នុង​តំបន់​នេះ ក៏​ខុសពី​តំបន់​ដទៃ​ដែរ​។ ការងារ​ទាំងនេះ ត្រូវបាន​សិក្សា​យ៉ាង​ស៊ីជម្រៅ និង​មានការ​ឯកភាព​ពី​គណៈកម្មាធិការ​សម្របសម្រួល ដើម្បី​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ រួម​និង​អង្គការ​យូ​ណេ​ស្គូ​។ មុននឹង​ស្ថាបនា​ទៀតសោត ត្រូវមាន​ការធ្វើ​កំណាយ​សង្គ្រោះ ប្រសិន​មានការ​សង្ស័យ​ពី​ទីតាំង​បុរាណ​ដ្ឋា​ន​ណាមួយ​។​ល​។​
 
​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​ទទួលបន្ទុក​លើ​ការងារ​ផ្លូវថ្នល់​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ទាក់ទង​នឹង​រឿង​ផ្លូវ​នេះ អាជ្ញាធរ​អប្សរា​បានរៀបចំ​ផ្លូវ​វាង ក៏ដូចជា​ការបន្ដ​ជួសជុល​ផ្លូវ​នៅ​តំបន់​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ហើយ​ការរៀបចំ​ផ្លូវ​វាង គឺមាន​សារសំខាន់​ណាស់​ដើម្បី​បញ្ជៀ​ស​ចរាចរណ៍​ដឹក​ធ្ងន់ៗ ដែល​រង្គើ​ប្រាសាទ ក៏ដូចជា​ការបំពុល​បរិស្ថាន​។​
 
​មកដល់​បច្ចុប្បន្ននេះ ការស្ថាបនា និង​ជួសជុល​ផ្លូវ​ក្នុង​រមណីយដ្ឋាន​អង្គរ សម្រេចបាន​ជិត​រួចរាល់​ហើយ​ដែរ​។ ផ្លូវ​ដែល​ស្ថាបនា​រួច​ជា​ស្ថាពរ​ក្នុងនោះ​រួមមាន ផ្លូវ​កូ​ម៉ៃ កំណាត់​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​វង់​តូច និង​ផ្លូវ​វង់​ធំ ដែល​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​បាននិងកំពុង​បន្តធ្វើ​ជាប់​រហូត​។ ហើយ​ផ្លូវ​ដែល​កំពុង​ជួសជុល​ធ្វើ​ថ្មី រួមមាន​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ ផ្លូវ​មុខ​ព្រលានយន្តហោះ​អន្ដរជាតិ​សៀមរាប​។​ល​។ ក្នុង​គម្រោង​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ផ្លូវ​ក្នុង​តំបន់​អង្គរ​នឹងត្រូវ​ស្ថាបនា​ឱ្យបាន​ស្អាត​ទាំងស្រុង​នៅត្រឹម​ឆ្នាំ​២០២០​។​
 
​ក្រៅពី​ផ្លូវ​នៅ​ខាងក្រៅ​ប្រាសាទ​ហើយ ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​គិតគូរ​ពី​ការរៀបចំ​ផ្លូវ​ថ្មើរជើង​តាម​បរិវេណ​ប្រាសាទ​ផងដែរ​។ ជាទូទៅ ការងារ​នេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​បន្ដិច ទាំង​បច្ចេកទេស និង​ការតុបតែង​ផ្សេងៗ ដោយ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យមាន​លក្ខណៈ​ដូចដើម ស៊ី​ទៅនឹង​ទេសភាព​វប្បធម៌​ក្នុង​តំបន់​បេតិកភណ្ឌ​។ នេះ​ជាការ​គិតគូរ​វែងឆ្ងាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការលើកតម្លៃ​បេតិកភណ្ឌ​ជាតិ ក៏ដូចជា​ស្របតាម​គោលការណ៍​របស់​អង្គការ​យូណេស្កូ​ផងដែរ​។​
 
​ដើម្បី​ការអភិរក្ស និង​អភិវឌ្ឍ​នេះដែរ អាជ្ញាធរ​បានរៀបចំ​ផ្លូវ​វាង​នៅមុខ​ប្រាសាទ​មួយចំនួន​ក្នុង​តំបន់​អង្គរ រួមមាន​ផ្លូវ​វាង​មុខ​ប្រាសាទអង្គរវត្ត និង​គម្រោង​រៀបចំ​ផ្លូវ​វាង​នៅមុខ​ព្រះ​លានជល់ដំរី​ជាដើម​។ លោក យិ​ត ចាន់​ដារ​ដ្ឋ បានឱ្យដឹងថា ដោយសារ​ផ្លូវ​ទាំងនោះ​នៅ​កៀក​ប្រាសាទ​ពេក វា​បង្ក​ផលប៉ះពាល់​ដល់​ប្រាសាទ​។ អាជ្ញាធរ​ជាតិ​អប្សរា និង​បិទផ្លូវ​ទាំងនោះ​ដើម្បី​រៀបចំ​ដាំ​ស្មៅ​លម្អ​សោ​ភណ្ឌ​ភាព​ជុំវិញ​បរិវេណ ហើយ​រៀបចំ​ផ្លូវ​វាង​ថ្មី​។​
 
​នៅពេល​ផ្លូវ​ស្អាត ការ​ចរាចរ​របស់​ប្រជាពលរដ្ឋ ពិសេស​អ្នកធ្វើការ​លើ​វិស័យ​ទេសចរណ៍​ដឹក​ភ្ញៀវ​ក៏មាន​ភាពងាយស្រួល​ទៅតាម​នោះដែរ​។ ជាក់ស្ដែង លោក ឈិ​ត ប៊ុន​ហ៊រ ជា​មគ្គុទ្ទេសក៍ កំពុងធ្វើដំណើរ​លើផ្លូវ​វង់​ធំ​ឆ្ពោះ​ពី​ខ្លោងទ្វារ​ដៃ​ឆ្នាំង គោលដៅ​ទៅ​ប្រាសាទតាសោម បានឱ្យដឹងថា ផ្លូវ​ល្អ​ស្រួល​ធ្វើដំណើរ ហើយ​ការធ្វើដំណើរ​របស់​ភ្ញៀវ​ក៏មាន​សុវត្ថិភាព និង​ភាព​រីករាយ​ទៅតាម​នោះដែរ​។​
 
​ចំណែក​លោក កូ​កូ វិញ លោក​ជា​អ្នករត់​រ៉ឺម៉ក​កង់​បី និង​កំពុង​រង់ចាំ​ភ្ញៀវ​នៅមុខ​ប្រាសាទតាសោម​។ លោក​ថា តាំងពី​ការ​មាន​ផ្លូវ​ល្អ​មក ភ្ញៀវ​តែង​សរសើរ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ឯ​ការបើកបរ​ក៏​ប្រសើរ​ជាង​មុនៗ​ដែរ​៕
 
 
 
 
  

© រក្សាសិទ្ធិដោយ thmeythmey.com