ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​តើ​ម​គ្គុ​ទេ្ទ​សក៍​ពិសេស​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​រមណីយដ្ឋាន​អង្គរ​ជា​នរណា​?
17, Apr 2019 , 3:19 pm        
រូបភាព
 ​សៀមរាប​៖ ដោយសារ​ភាពល្បីល្បាញ​នៃ​សំណង់​ស្ថាបត្យកម្ម​របស់​អង្គរ ក៏ដូចជា​រមណីយដ្ឋាន​អង្គរ​ទាំងមូល ធ្វើឱ្យ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ជា​រៀងរាល់ឆ្នាំ​បា ន​ធ្វើដំណើរ​មកកាន់​ទីឋាន​មួយ​នេះ ហើយ​បាន​កោតសរសើរ​ពី​ភាព​អស្ចារ្យ​នៃ​សំណង់​ស្ថាបត្យកម្ម​និង​ការរៀបចំ​ទឹកដី​ក្រុង​របស់​ខ្មែរ​។ ប្រមុខរដ្ឋ និង​ឥស្សរជន​កំពូលៗ​នៃ​បណ្ដា​ប្រទេស​លើ​សាកលលោក ជា​បន្ដបន្ទាប់ ក៏បាន​លៃលក​ពេលវេលា​ជាពិសេស​របស់ខ្លួន​ឈៀង​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​។ ជាធម្មតា ទស្សនកិច្ច​ផ្លូវ​វ​រដ្ឋ​នីមួយៗ តែងមាន​មគ្គុទ្ទេសក៍​ពិសេស ដែលមាន​ចំណេះដឹង​ទូទៅ​ច្បាស់​ច្បាស់ និង​ស៊ីជម្រៅ​សម្រាប់​ពន្យល់​ជូន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ឥស្សរជន​កំពូល​។ តើ​មគ្គុទ្ទេសក៍ សម្រាប់​ថ្នាក់ដឹកនាំ​ទាំងនោះ​ជា​នរណា ហើយ​ហេតុដូចម្ដេច​បានជា​គាត់​ត្រូវបាន​ជ្រើសតាំង​?

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​

 

 
​ជាទូទៅ មគ្គុទ្ទេសក៍​ជូន​ភ្ញៀវ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ច្រើន តែមាន​តិច​មគ្គុទ្ទេសក៍​សម្រាប់​ប្រមុខរដ្ឋ ក៏ដូចជា​ថ្នាក់ដឹកនាំ​ធំៗ​។ ដោយសារ​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​និង​ជា​មុខមាត់​របស់​ប្រទេស​ផង ការជ្រើសរើស​មគ្គុទ្ទេសក៍ ក៏ត្រូវ​បានគិត​គូរ​រៀបចំ​យ៉ាង​ហ្មត់ចត់ និង​ជា​អ្នក​ដែលមាន​ចំណេះដឹង​ទូទៅ​ទូលំទូលាយ​អំពី​ប្រវត្តិសាស្ត្រ អារ្យធម៌​និង​ភាសាបរទេស​ផង​។​
 
​គេ​តែងតែ​ឃើញ​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា​វ័យ​កណ្តាល​ម្នាក់ និង​ជា​គ្រូឧទ្ទេស​ក៍​បង្រៀន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អម​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រមុខ​ថ្នាក់ដឹកនាំ​ធំៗ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ​។ នោះ​គឺ​លោក​អ៊ឹម សុខ​រិទ្ធី ដែល​ធ្លាប់ជា​អ្នកនាំពាក្យ​របស់​អាជ្ញាធ​រ​អប្សរា​កន្លងមក និង​ជា​អ្នកផ្តល់​ព័ត៌មាន​អំពី​ការស្រាវជ្រាវ​បុរាណវិទ្យា ប្រវត្តិសាស្ត្រ ជូន​សាធារណៈជន​តាម​បណ្តាញសារព័ត៌មាន និង​ការបោះពុម្ពផ្សាយ​ផ្សេងៗ​។ ហេតុអ្វី លោក អ៊ឹម សុខ​រិទ្ធី មានឱកាស​ក្លាយជា​មគ្គុទ្ទេសក៍​កំពូល​នេះ​?
 
 
​គ្រូឧទ្ទេស​ក៍​រូបនេះ បាន​រម្លឹកថា លោក​បាន​ផ្តើម​ការងារ​នេះ​ចាប់ពី​ឆ្នាំ​២០០០​មក បន្ទាប់ពី​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ឆ្នាំ​១៩៩៩ និង​មានឱកាស​បាន​រៀនសូត្រ​ពី​លោកគ្រូ​របស់ខ្លួន គឺ​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន ជានរ​វិទូ​ល្បីល្បាញ​មួយរូប​។ លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន ជា​ស្ថាបនិក​និង​ជា​សសរស្តម្ភ​មួយរូប​របស់​អាជ្ញាធរ​ជាតិ​អប្សរា តែង​ជា​អ្នកទទួល​ភារកិច្ច​ពិសេស​ក្នុង​ការនាំ​ភ្ញៀវ​បរទេស ជា​ថ្នាក់ដឹកនាំ​ធំៗ​មក​តំបន់​អង្គរ​ចាប់ពី​ប្រទេស​កម្ពុ​ជាមាន​សន្ដិភាព​ពេញលេញ​។ លោក សុខ​រិទ្ធី នៅចាំ​បាន​ថា មុន​លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន គឺមាន​លោក​សាស្ត្រាចារ្យ ពេជ្រ កែវ ជា​អ្នកកាន់ការ​ងារ​នេះ​។ តែ​ចាប់ពី​ឆ្នាំ​២០០០​មក លោក​ចាប់ផ្តើម​ដើរ​អម​លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន ដែលជា​គ្រូ​របស់លោក និង​មានឱកាស​ជំនួស​ការងារ​មគ្គុទ្ទេសក៍​នេះ​បន្ដិច​ម្ដងៗ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​
 
​ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរជាតិ មានដូចជា​ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា អ្នកប្រាជ្ញ​បណ្ឌិត​។​ល​។ ប្រតិភូ​នីមួយៗ​តែងមាន​ក្រុម​ពិធីការ​ពី​ក្រសួងព្រះបរមរាជវាំង ក្រសួងការបរទេស ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឬ​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី អាជ្ញាធរខេត្ត​ជាដើម ជា​អ្នករៀបចំ​ចាត់ចែង​ទទួល​ទៅតាម​ឋានានុក្រម​នៃ​ភ្ញៀវ​ទាំងនោះ​។ សម្រាប់​លោក សុខ​រិទ្ធី លោក​ទទួល​ភារកិច្ច​ជា​មគ្គុទ្ទេសក៍​ពិសេស​ទៅតាម​ការស្នើសុំ​ពី​ស្ថាប័ន​ខាងលើ​ដែរ​។​
 
 
​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​មួយក្រុម ត្រូវបាន​ចាត់ទុក​ជាម​គ្គុ​ទ្ទេ​សក៍​ពិសេស ត្រៀម​សម្រាប់​ទស្សនកិច្ច​មនុស្ស​សំខាន់ៗ ក្នុងនោះ​មាន​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ លោក ខៀវ ច័ន្ទ និង​លោក អ៊ឹម សុខ​រិទ្ធី​។ មន្ត្រី​ពិសេស​ទាំងនេះ ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​លោកគ្រូ អាំង ជូ​លាន​។​
 
​ចាប់តាំងពី​ឆ្នាំ​២០០០​មក មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ ដែល​លោក សុខ​រិទ្ធី ក្លាយជា​មគ្គុទ្ទេសក៍​សម្រាប់​ទទួល​ថ្នាក់ដឹកនាំ​បរទេស និង​ជាម​នុស្ស​សំខាន់ៗ​។ លោក សុខ​រិទ្ធី រម្លឹកថា បទពិសោធន៍​ដំបូង​លើ​ការងារ​នេះ គឺ​លោក​បាន​អមដំណើរ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​លោក​មិន​ចាំ​ឈ្មោះ បន្ទាប់មក​គឺ​អតីត​រដ្ឋមន្ដ្រីការបរទេស​ថៃ និង​ក្រោយមក​ក្លាយជា​អគ្គលេខាធិការ​អាស៊ាន លោក Surin Pitsuwan ដែល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅពេលនោះ លោក​បាន​សុំ​ដើម​ពោធិ៍​មួយ​ដើមពី​អង្គរវត្ត​ទៅ​ដាំ​នៅ​ប្រទេស​ថៃ​ផងដែរ ដោយ​ជឿ​លើ​ភាព​ថ្កុំថ្កើង​នៅទីនេះ​។​
 
 
​ដោយសារតែ​មិន​ចាំ​ឈ្មោះ​ប្រមុខ​ថ្នាកដឹកនាំ​ដែល​ខ្លួន​បាន​អមដំណើរ លោក សុខ​រិទ្ធី បាន​ប្រាប់​ត្រួសៗ​ពី​វត្តមាន ឥស្សរជន​ទាំងនោះ ដែល​រួមមាន ព្រះប្រមុខរដ្ឋ (​ព្រះមហាក្សត្រ​) ប្រធានាធិបតី អនុ​ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា ប្រធានព្រឹទ្ធសភា ព្រះមហាក្សត្រី ទ្រង់​និង​អង្គ​ម្ចាស់ អគ្គនាយិការ​អង្គការ​យូណេស្កូ​។​ល​។ ដែល​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ទ្វីបអឺរ៉ុប ទ្វីបអាមេរិក  រួមមាន​ប្រទេស ថៃ ភូមា ឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ឥណ្ឌា ចិន អេ​ស្ប៉ា​ញ និង​ចុង​ក្រោយនេះ លោក​បាន​អមដំណើរ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន នៅ​ពាក់​កណ្ដាលខែ មីនា​។ កន្លងមក លោក សុខ​រិទ្ធី ក៏​ទទួល​បានការ​សព្វ​ព្រះរាជ​ហរ​ទ័យ​ពី​ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ ព្រះបាទ​នរោត្តម សីហមុនី យាង​ទស្សនកិច្ច​ទៅកាន់​តំបន់​ប្រាសាទ​កោះកែរ និង​ព្រះខ័ន​កំពង់ស្វាយ​ផងដែរ​។​
 
​លោក សុខ​រិទ្ធី ពន្យល់ថា ការធ្វើជា​មគ្គុទ្ទេសក៍​ស​ម្រា​ប់​ថ្នាក់ដឹកនាំ​កំពូលៗ​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​សម្រាប់​រូបលោក គឺ​ត្រូវ​ចេះ​ប្រើប្រាស់​ភាសា​ដើម្បី​និយាយ មានចំណេះដឹង​ទូទៅ​ឱ្យបាន​ទូលំទូលាយ តែ​ក្នុងនោះ​អាស្រ័យ​លើ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ដែរ​។ «​ការរៀបចំ​ខ្លួន ដូចជា​ត្រូវមាន​ចំណេះដឹង​ទូទៅ​ពី​ប្រវត្តិសាស្ដ្រ​កម្ពុជា ក្នុង​តំបន់​ទាក់ទង​ប្រវត្តិ​ការទូត​នៃ​ប្រទេស​ទាំងពីរ ត្រូវ​ស្គាល់​ប្រទេស​ដែល​ត្រូវ​មក ភូមិសាស្ដ្រ​ក្នុង​តំបន់ ប្រវត្តិសាស្ដ្រ​ក្នុង​តំបន់ បញ្ហា​ក្នុង​ស្រុកទេស គោលនយោបាយ​របស់​ប្រទេស​យើង ព័ត៌មាន​ក្នុងស្រុក​។​ល​។ ព្រោះ​អ្នក​ទាំងនោះ ច្រើន មុននឹង​មក​ខ្មែរ គឺ​បានដឹង​ព័ត៌មាន​យើង ដូច្នេះ​យើង​ខ្លួនឯង​ក៏ត្រូវ​ត្រៀម​ចម្លើយ​បង្ការ​ក្រែង​គេ​នឹង​សួរ​»​។ លោក សុខ​រិទ្ធី បន្ថែម​។​
 
 
​ជា​មនុស្សម្នា​ក់នៅ​កៀក​ថ្នាក់ដឹកនាំ​ធំៗ លោក សុខ​រិទ្ធី តែង​ទទួលបាន​ដំណឹង​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ផ្សេងៗ​ពី​ក្រុម​ពិធីការ​មុន​មួយ​សប្ដាហ៍ ឬ​ច្រើនជាង​នេះ ដែល​ព័ត៌មាន​ទាំងនោះ​ត្រូវបាន​ចាត់ទុកជា​កិច្ចការ​សម្ងាត់ ដើម្បី​ធានា​សុវត្ថិភាព​ថ្នាក់ដឹកនាំ​ទាំងនោះ​។ លោក​ថា ក្រុម​ពិធីការ​ត្រូវតែ​ម៉ត់ចត់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​គិតគូរ​ទាំង​ពេលវេលា កាលៈទេសៈ ស្ថានភាព​សុខភាព​របស់​ភ្ញៀវ ក៏ដូចជា​បរិយាកាស​ជុំវិញ​ផងដែរ​។ ជាទូទៅ ការ​ទស្សនា​របស់​ភ្ញៀវ​ចន្លោះ​ពី ៤៥​នាទី មួយ​ម៉ោង ឬ​ពីរ​ម៉ោង អាស្រ័យ​ស្ថានភាព និង​ពេលវេលា​របស់​ភ្ញៀវ​។ លោក​បន្ថែមថា ដោយសារ​កត្ដា​ទាំងនេះ ខ្លឹមសារ​ដែល​ត្រូវ​និយាយ​ពី​ប្រវត្តិ​នៅ​ទីតាំង​ត្រូវ​ដើរ ក៏ត្រូវ​សង្ខេប​ឱ្យ​ខ្លី និង​ច្បាស់លាស់​ផងដែរ​។​
 
​ជា​ចំណាប់អារម្មណ៍​ទូទៅ​របស់​បណ្ដា​ថ្នាក់ដឹកនាំ​ចម្រុះ​ដែល​មក​ទស្សនកិច្ច​តំបន់​អង្គរ ត្រូវបាន​លោក សុខ​រិទ្ធី បង្ហើប​ឱ្យដឹងថា ការចាប់អារម្មណ៍​ទាំងនោះ​ប្រហែល​ដូច​មនុស្ស​ធម្មតា​ដែរ​។ លោក​ថា ភ្ញៀវ​ពិសេស​ទាំងនោះ ចាប់អារម្មណ៍​ពី​ភាព​ថ្កុំថ្កើង​នៃ​អារ្យធម៌​អង្គរ ការសាងសង់​អង្គរ របៀប​ដឹកជញ្ជូន​ថ្ម​សាងសង់ និង​សាកសួរ​ពី​ការរស់នៅ​របស់​មនុស្ស​បុរាណ ក៏ដូចជា​របៀប​ដឹកនាំ​នៃ​រាជការ​សម័យ​នោះ​ជាដើម​។​
 
​ជា​អ្នកស្រាវជ្រាវ និង​មគ្គុទ្ទេសក៍​សម្រាប់​ថ្នាក់ដឹកនាំ​ផ្លូវការ​របស់​ប្រទេស លោក សុខ​រិទ្ធី អាច​ប្រើប្រាស់​ភាសា​បារាំង និង​អង់គ្លេស​បាន​សមរម្យ​។ ក្នុង​វិថី​ការងារ​នេះ​ជិត​២០​ឆ្នាំ ធ្វើឱ្យ​លោក​ទទួលបាន​បទពិសោធ​ន៍​ជាច្រើន​ដែល​លោក​ចង់​ចែករំលែក ដែល​ការងារ​នេះ​ធ្វើឱ្យ​លោក​បាន​រៀនសូត្រ និង​ទទួលបាន​ចំណេះដឹង​ផ្សេងៗ​មុន​ជូន​ភ្ញៀវ ដោយ​ត្រូវការ​ស្រាវជ្រាវ វា​ធ្វើឱ្យ​លោក​មានចំណេះដឹង​ច្រើន​វិស័យ​ផងដែរ​។ ក្រៅពីនោះ លោក​ក៏​អាច​ដឹង​ពី​របៀបរបប​ឥរិយាបថ​នៃ​ភ្ញៀវ​នីមួយៗ ដែល​អាច​បង្រៀន​ឱ្យ​លោក​ស្គា​ល់ពី​ចិត្តសាស្ដ្រ និង​ទំនៀមទម្លាប់​នៃ​ភ្ញៀវ​ទាំងនោះ​៕
 ‬


© រក្សាសិទ្ធិដោយ thmeythmey.com