ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
សង្ក្រាន្តរតនគិរី មានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ទៅកម្សាន្តក្នុងថ្ងៃចូលឆ្នាំ
× ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ដែលបានកម្សាន្ត និងលំហែកាយនៅខេត្តរតនគិរី ។ តួលេខនេះបញ្ជាក់ថា មានការកើនឡើង០.១៤ភាគរយ បើធៀបពីឆ្នាំមុន ដែលមានភ្ញៀវតែ៧ម៉ឺននាក់។
នៅក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តរតនគិរី បានលម្អិតថា ចំនួនភ្ញៀវទេសចរជិត៨ម៉ឺននាក់ ដែលនៅក្នុងនោះមានភ្ញៀវជាតិ៧៧,៣៧៦នាក់ និងមានភ្ញៀវអន្តរជាតិ៧៣៩នាក់ ។ រដ្ឋបាលខេត្តអះអាងថា មូលហេតុដែលនាំឲ្យមានកំណើនភ្ញៀវទៅកម្សាន្តនេះ ដោយសារកត្តាសុខសុវត្ថិភាព ស្ថិរភាពនយោបាយ និងជីវភាពរបស់ប្រជាពលរដ្ឋ។
របាយការណ៍ដដែល បានបញ្ជាក់ថា ព្រឹត្តិការណ៍«សង្ក្រាន្តរតនគិរី»នេះ មានកម្មវិធីតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងសមិទ្ធផលការងារសម្រេចបានរបស់អាជ្ញាធរ ព្រមជាមួយទស្សនីយភាពការសម្តែងក្បាច់គុនល្បុក្កតោ របាំប្រពៃណីជនជាតិដើមភាគតិច របាំប្រពៃណីខ្មែរ ល្បែងប្រជាប្រិយ៍ខ្មែរ ការប្រឡងម្ហូបជនជាតិដើមភាគតិច រត់ម៉ារ៉ាតុន រាំកម្សាន្ត រួមនិងទស្សនិយភាពសិល្បៈចម្រុះជាច្រើនទៀត៕
Tag:
ភ្ញៀវទេសចរ
រតនគិរី
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com