អត្ថបទ៖ ស៊ីធី
អ្នកលេងគុនចម្រុះកូនកាត់អូស្ត្រាលី-វៀតណាម Martin Nguyen នៅតែរក្សាបានខ្សែក្រវាត់ លំដាប់ពិភពលោក ONE Featherweight World Champion បន្ទាប់ពីផ្តួល Narantungalag Jadambaa ត្រឹមទឹកទី២។ ស្របពេលនោះដែល អ្នកលេងក្បាច់គុនចម្រុះសញ្ជាតិហ្វីលីពីន Joshua Pacio ដណ្ដើមបានខ្សែក្រវាត់ លំដាប់ពិភពលោក ONE Strawweight World Champion មកវិញពីអ្នកលេងគុនចម្រុះសញ្ជាតិជប៉ុន Yosuke Saruta លើសង្វៀន ONE: ROOTS OF HONOR នៅទឹកទី៤ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១២ មេសា កន្លងទៅនេះ។
Martin Nguyen នៅតែរក្សាបានខ្សែក្រវាត់ លំដាប់ពិភពលោក Featherweight World Champion បន្ទាប់ពីបញ្ចប់គូបដិបក្ខ Narantungalag Jadambaa ត្រឹមទឹកទី២
ពិតជាមិនធម្មតាមែនអ្នកលេងគុនចម្រុះសញ្ជាតិអូស្ត្រាលី-វៀតណាម Martin Nguyen នៅតែរក្សាបានខ្សែក្រវាត់ លំដាប់ពិភពលោករបស់ខ្លួន ONE Featherweight World Champion បន្ទាប់ពីបញ្ចប់គូបដិបក្ខ Narantungalag Jadambaa របស់ម៉ុងហ្គោលី ដោយប្រើពេលត្រឹមដើមទឹកទី២ ពោលប្រើរយៈពេលត្រឹម ១ នាទីនិង៧វិនាទីប៉ុណ្ណោះនៅទឹកនេះ។
គ្រាន់តែចូលទឹកទី១ Nguyen ដែលមានវ័យ ៣០ ឆ្នាំ បានស្ទាបស្ទង់ប្រើដៃ និង ជើងទាត់ស្ទង់កម្លាំងរួមទាំងបច្ចេកទេសទៅវិញទៅមក។ គ្រាន់តែចូលដល់ទឹកទី២។ កីឡាករកូនកាត់វៀតណាមបានប្រើជើងទាត់សន្ធាប់ទៅកាន់ Jadambaa ដែលមានវ័យ ៤៣ ឆ្នាំ ពីរបីជើងរហូតដល់បែកកង់ និង ហក់ថែមអុកមួយជង្គង់ស្ដាំដើម្បីផ្ដាច់កុំឲ្យតដៃរួចនៅដើមទឹកទី២ តែម្ដង។
ដោយមើលឃើញថា កីឡាករមកពីម៉ុងហ្គោលី មិនអាចប្រកួតកើតទៀតនោះ លោកអាជ្ញាកណ្ដាល Olivier Coste ក៏បញ្ឈប់ការប្រកួត និង ផ្ដល់ជ័យជម្នះដល់ ជើង Nguyen តែម្ដង។ កូនកាត់អូស្ត្រាលី-វៀតណាមបានថ្លែងក្រោយការប្រកួតថា៖« ខ្ញុំស្រលាញ់ការប្រកួតនេះណាស់ ព្រោះជាការប្រកួតដ៏អស្ចារ្យ។ ខ្ញុំស្រលាញ់គ្រូបង្វឹក និងអ្នកទាំងអស់គ្នា។ នេះជាការប្រកួតមិនអាចទិញបានហើយខ្ញុំចេញមកការពារខ្សែក្រវាត់របស់ខ្ញុំ។ ខ្ញុំសូមផ្ញើជ័យជម្នះនេះដល់សម្លាញ់ Aung La Nsang ដែលមកលើកទឹកចិត្តនៅទីនេះ»។
Joshua Pacio ដណ្ដើមបានខ្សែក្រវាត់ លំដាប់ពិភពលោក ONE Strawweight World Champion ពី Yosuke Saruta
កីឡាករម្ចាស់ផ្ទះហ្វីលីពីន Joshua Pacio ដណ្ដើមបានខ្សែក្រវាត់ លំដាប់ពិភពលោក ONE Strawweight World Champion ពី ជើងខ្លាំងសញ្ជាតិជប៉ុន Yosuke Saruta មកវិញក្រោយប្រើពេលត្រឹមទឹកទី៤។ តាំងពីទឹកទី១ ដល់ទឹកទី ៣ អ្នកទាំងពីរបានត្រឹមស្ទាបស្ទង់បច្ចេកទេស និង រាវរកចំណុចខ្សោយរៀងខ្លួន។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះអ្នកលេងគុនចម្រុះសញ្ជាតិហ្វីលីពីនវ័យ ២៣ ឆ្នាំបានប្រើបច្ចេកទេសផងទាត់ផង។
ទីបំផុតនៅសល់ត្រឹម ២ នាទី និង ១៤ នាទីប៉ុណ្ណោះមុនបញ្ចប់ទឹកទី៤ កីឡាករម្ចាស់ផ្ទះបានជង្គង់អុកកញ្ចឹងកអ្នកលេងក្បាច់គុនសញ្ជាតិជប៉ុនឲ្យសន្លប់ស្ដូកស្ដឹងនៅលើសង្វៀន ហើយ ត្រូវអាជ្ញាកណ្ដាល Kemp Cheng បញ្ឈប់ការប្រកួតតែម្ដង។
នៅមុខអ្នកគាំទ្ររាប់ពាន់នាក់ Joshua Pacio បានថ្លែងបន្ទាប់ពីទទួលជ័យជម្នះបែបនេះ ៖«ក្នុងឱកាសដ៏មានតម្លៃនេះ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រនៅហ្វីលីពីន ដែលបានមកគាំទ្រជួយជាកម្លាំងចិត្ត។ យើងបានជួបគ្នាកន្លងទៅ ហើយខ្ញុំបានតាំងចិត្តមុតមាំដើម្បីដណ្ដើមខ្សែក្រវាត់មកវិញបំផុតខ្ញុំអាចធ្វើបាន។ សូមអរគុណច្រើនអ្នករាល់គ្នា»។
កាលខែ មករា ឆ្នាំ ២០១៩ កន្លងទៅ Joshua Pacio បានបាត់បង់ខ្សែក្រវាត់ខាងលើYosuke Saruta មុនដណ្ដើមបានមកវិញ នាខែ មេសា នេះ៕