កីឡាជាតិ
ជាតិ
ណាហ្គាវើលបន្តចាញ់ក្រុម Tampines Rovers ៤-២ នៅចុងម៉ោង សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើលជាមួយ Tampines Rovers, រូបភាពពី AFC
× ក្រុមណាហ្គាវើលបន្តរងការខកចិត្ត ក្រោយចាញ់ Tampines Rovers របស់សិង្ហបុរីក្នុងលទ្ធផល ៤-២ នាជំនួបវគ្គជម្រុះពូល H នៃព្រឹត្តិការណ៍ AFC Cup 2019 នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ គ្រាប់បាល់របស់ម្ចាស់ផ្ទះ ភាគច្រើនកើតឡើងនៅចុងម៉ោង ដែលធ្វើឲ្យណាហ្គាវើលមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។
ក្រុមបាល់ទាត់ណាហ្គាវើលបានបន្តចាញ់ក្នុងលទ្ធផល ៤-២ នាជំនួបលើកទី២ជាមួយក្រុម Tampines Rovers របស់សិង្ហបុរីក្នុងវគ្គជម្រុះ AFC Cup 2019។ ការប្រកួតតង់ទី១ដំណើរការបាន៣នាទីខ្សែបម្រើ Irwan Shah បានសម្រេចគ្រាប់បាល់នាំមុខ ១-០ សម្រាប់ម្ចាស់ផ្ទះ Tampines Rovers ប៉ុន្តែ១១នាទីក្រោយមកកីឡាករ គួច ដានី បានរកគ្រាប់បាល់តាមស្មើ ១-១ ឲ្យភ្ញៀវណាហ្គាវើល។
លទ្ធផលស្មើ ១-១ ត្រូវបានរក្សារហូតដល់នាទី៨៧ ជាពេលដែលកីឡាករ Yasir Hanapi សម្រេចគ្រាប់បាល់ទី២ ដើម្បីនាំមុខ ២-១ សាជាថ្មីសម្រាប់ម្ចាស់ផ្ទះ។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Esoh Paul Omogba បានបង្កើតក្តីសង្ឃឹមសម្រាប់ណាហ្គាវើលជាថ្មី បន្ទាប់ពីរូបគេសម្រេចគ្រាប់បាល់តាមស្មើ ២-២ នៅនាទី៩០។
ប៉ុន្តែអ្វីដែលស្ទើរមិនគួរឲ្យជឿ នាការប្រកួតបន្ថែម៥នាទីចុងក្រោយ ក្រុមម្ចាស់ផ្ទះ Tampines Rovers សម្រេចបានរហូតដល់ទៅពីរគ្រាប់។ ដោយគ្រាប់បាល់ទី១កើតឡើងពីការស៊ុតបកចេកដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធ Khairul Amri នៅនាទី៩១ មុនខ្សែប្រយុទ្ធកាណាដា Jordan Webb ប្រើបច្ចេកទេសផ្ទាល់ខ្លួនសម្រេចគ្រាប់ទី២ ដើម្បីនាំជ័យជម្នះ ៤-២ សម្រាប់ម្ចាស់ផ្ទះ។ ជ័យជម្នះនេះជួយឲ្យក្រុម Tampines Rovers ឈ្នះកៅអីឡើងទៅប្រកួតនៅវគ្គបន្តតំណាងឲ្យពូល H៕
Tag:
បាល់ទាត់
AFC Cup 2019
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com