កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ទម្លាក់់ Man City ឡើងទៅ​ជួប Ajax ខណៈ Liverpool ប៉ះ Barca វគ្គ​៤​ក្រុម​
18, Apr 2019 , 8:28 am        
រូបភាព
២​គ្រាប់​របស់ Son Heung-min និង​១​គ្រាប់​របស់ Fernando Llorente គ្រប់គ្រាន់​ដើម្បី​ជួយ Tottenham Hotspur ទម្លាក់ Manchester City ឡើងទៅ​ជួប Ajax នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League​។ Liverpool ក៏ត្រូវ​ឡើងទៅ​ប៉ះ​ជើង​ខ្លាំង Barcelona ក្រោយ​លត់ FC Porto ដោយ​លទ្ធផល​ទាំងពីរ​ជើង ៦-១​។​



​នា​ជំនួប​ជើង​ទី​២ វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​កីឡដ្ឋាន Etihad Stadium ម្ចាស់ផ្ទះ Man City និង​ក្រុម​ភ្ញៀវ Spurs អាច​ស៊ុត​ចូលគ្នា​ដល់​ទៅ​៥​គ្រាប់​នៅត្រឹម​៤៥​នាទី​ដំបូង​។ ខ្សែបម្រើ​ឆ្នើម Raheem Sterling និង​ខ្សែប្រយុទ្ធ​ឆ្នើម Son Heung-min ស៊ុត​បាន​ម្នាក់​២​គ្រាប់ រូ​ម​ទាំង​១​គ្រាប់​ដែល​ធ្វើបាន​ដោយ Bernardo Silva ដើម្បី​ជួយ​ក្រុម​មេឃ​ខៀវ​នាំមុខ ក្រុម​មាន់​ខ្នាយ​មាស ៣-២ នៅ​តង់​ទី​១​។​
  
 
​ចូលដល់​វគ្គ​ទី​២ Sergio Aguero បាន​ស៊ុត​គ្រាប់​បាល់​ទី​៤​ឲ្យ Man City ដែល​ធ្វើបាន​នៅ​នាទី​៥៩ មុនពេល Fernando Llorente សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ Spurs នៅ​នាទី​៧៣​។ ចប់​ការប្រកួត​ក្រុម​លោក Pep Guardiola ឈ្នះ​ក្រុម​លោក Mauricio Pochettino ៤-៣​។ តែ​យ៉ាងណា Spurs ដែលមាន​១​គ្រាប់​ក្នុង​ដៃ​កាលពី​ជើង​ទី​១ និង​មិន​របូត​គ្រាប់​បាល់​ក្នុង​ដី​ខ្លួនឯង​នោះ​ជា​ក្រុម​ដែល​ត្រូវ​បន្តទៅ​ជួប Ajax នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រោះ​សរុប​លទ្ធផល​ស៊ុត​ចូលគ្នា​ទាំង​២​ជើង ៤-៤​។​
 
​ដោយឡែក Liverpool បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​នៅ​ជើង​ទី​២​ក្រៅ​ដី​លើ​ក្រុម Porto ដល់​ទៅ ៤-១ ឯណោះ​។ កាលពី​ជើង​ទី​១ ក្រុម​ហង្ស​ក្រហម​ឈ្នះ ២-០ ដូច្នេះ​សរុប​លទ្ធផល​ទាំងពី​ជើង Liverpool ឈ្នះ Porto ៦-១​។ ក្រុម​របស់លោក Jurgen Klopp ត្រូវ​បន្តទៅ​ជួប​ក្រុម​ខ្លាំង Barcelona នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​សម្រាប់​រដូវ​កាល ២០១៨-១៩ នេះ​៕   
 
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com