អន្តរជាតិ
កូរ៉េខាងជើង សាកល្បង​អាវុធ​ប្រភេទ​ថ្មី ស្របពេល​ការចរចា​ជាមួយ​អាមេរិក​គាំងស្ញេញ​
18, Apr 2019 , 10:21 am        
រូបភាព
​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៨ ខែមេសា បានប្រកាស​ពី​ការសាកល្បង​អាវុធ​ប្រភេទ​ថ្មី​របស់ខ្លួន​។ ការសាកល្បង​នេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ផ្ទាល់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។ លោក គីម ដែល​ទើប​ប្រមូល​អំណាច​ពេញដៃ​កាន់តែខ្លាំង​នោះ បាន​សរសើរ​ក្រុម​អ្នកវិទ្យាសាស្ត្រ និង​មន្ត្រី​ដែល​ធ្វើការ​លើ​អាវុធ​ថ្មី និង​ណែនាំ​ឲ្យ​ពួកគេ​ប្រឹងប្រែង​អនុវត្ត​គោលដៅ​ក្នុង​ការផលិត​សព្វាវុធ​ដែលមាន​ប្រសិទ្ធភាព​។​

 
​ជា​លើកដំបូង​ក្រោយ​ជំនួប​បរាជ័យ​នៅ​វៀតណាម​ក្នុង​ខែកុម្ភៈ កូរ៉េខាងជើង​បានធ្វើ​តេស្ត​អាវុធ​ថ្មី​របស់ខ្លួន​ចំពោះមុខ​លោក គីម ជុង​អ៊ុន ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែមេសា ថា ការសាកល្បង​អាវុធ​ថ្មី​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែមេសា តែ​មិនបាន​ពី​ប្រភេទ​អាវុធ​នេះ​ទេ ប៉ុន្តែ​អាចជា​ប្រភេទ​អាវុធ​ចម្ងាយ​ខ្លី​ប៉ុណ្ណោះ ដ្បិត​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ប្រាកដជា​ធ្វើ​ឲ្យ​អាមេរិក​ខឹង​ដាច់​ក្បាល​មិន​ខាន​។​
 
​លោក គីម ដែល​ទើប​រក្សា​តំណែង​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​នាពេល​ថ្មីៗ​នេះ ចាត់ទុក​ការអភិវឌ្ឍ​សព្វាវុធ​របស់​កូរ៉េខាងជើង ជា​រឿង​សំខាន់​ក្នុងការ​បង្កើត​សមត្ថភាព​ប្រយុទ្ធ​។ លើសពីនេះ វា​ក៏​ជា​រឿង​ល្អប្រសើរ​ដែរ​ដែល​វិទ្យាសាស្ត្រ​ការពារជាតិ​របស់​ប្រទេស បាន​ប្រឹងប្រែង​សម្រេចបាន​គោលដៅ​ស្រាវជ្រាវ​របស់ខ្លួន​។​
 
​តាមពិតទៅ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក គីម ក៏បាន​ត្រួតពិនិត្យ​អាវុធ​ថ្មី​មួយ​ប្រភេទ​ដែរ​។ គេ​មិនដឹងថា អាវុធ​ទាំងពីរ​នេះ​ដូចគ្នា​ឬ​យ៉ាងណា​ឡើយ​។ យ៉ាងណាមិញ មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បាន​និយាយ​សរសើរ​មន្ត្រី និង​បុគ្គលិក​ដែល​បាន​បំពេញការងារ​អស្ចារ្យ​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​របស់​កូរ៉េខាងជើង​។ លោក គីម បានកំណត់​ផែនការ​យុទ្ធសាស្ត្រ​ដែល​ត្រូវ​ធ្វើជា​ដំណាក់កាល​ក្នុង​ការផលិត​អាវុធ​ផងដែរ​។​
 
​ការសាកល្បង​ចុងក្រោយ​នេះ ធ្វើឡើង​ក្រោយ​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង បាន​បើកចំហ​ដល់​ការជួបគ្នា​លើក​ទី​បី​ដើម្បី​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​។ ប៉ុន្តែ​កូរ៉េខាងជើង​បានដាក់​ល​ក្ខ​ខណ្ឌ​ឲ្យ​អាមេរិក​ផ្លាស់ប្ដូរ​អាកប្បកិរិយារ​បស់​ខ្លួន​សិន មុន​ជំនួប​លើក​ក្រោយ​អាច​កើតឡើង​។ បន្ទាប់ពី​ជំនួប​មិនបានការ​នៅ​ទីក្រុង​ហាណូយ ក្រុង​ព្យុងយ៉ាង​ហាក់​ដំឡើង​ធ្មុង​របស់ខ្លួន​កាន់តែខ្លាំង​រហូត​គំរាម​លែង​ចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ទៀតផង​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការប្រកាស​របស់​កូរ៉េខាងជើង ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​ស្រាវជ្រាវ​មួយ​របស់​អាមេរិក​ចាប់បាន​សកម្មភាព​ដែល​កើត​មាននៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​មួយកន្លែង​។ កូរ៉េខាងជើង ទំនងជា​កំពុង​ចម្រាញ់​វិទ្យុសកម្ម​ដើម្បី​ផលិត​ជា​ថាមពល​ឥន្ធនៈ​ដែល​ត្រូវ​ប្រើ​ក្នុងការ​បាញ់​មី​ស៊ី​ល ឬ​នុយក្លេអ៊ែរ​។ នេះ​ជា​ក៏​អាចជា​សញ្ញា​ដែល​កូរ៉េខាងជើង​ចង់​ប្រាប់​អាមេរិក​ថា សមត្ថភាព​យោធា​របស់ខ្លួន​កើន​ឡើងជា​លំដាប់​ដែរ​៕

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com