ជាតិ
សេដ្ឋកិច្ច
សង្ក្រាន្តព្រៃវែង នាំចំណូលជាង៣លានដុល្លារដល់ខេត្ត
× ភ្នំពេញ៖ ខេត្តព្រៃវែង ទាក់ទាញភ្ញៀវទេសចរជាង៣០ម៉ឺននាក់ ហើយរកចំណូលបានជាង៣លានដុល្លារ ពីការប្រារព្ធពិធីសង្ក្រាន្តខេត្ត រយៈពេល៣ថ្ងៃ។
គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានលេងកម្សាន្តនៅកន្លែងនានាក្នុងខេត្ត មានចំនួន៣១៩ ២០០នាក់នេះ អាចផ្ដល់ផលចំណូល៣,១៩២,២០០ ដុល្លារ ទៅដល់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្ម ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សេវាកម្ម គ្រឿងឧបភោគបរិភោគ ផលិតផលប្រើប្រាស់ និងផលិតផលអនុស្សាវរីយផ្សេងៗជាដើម។
គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះ ចាត់ទុកសន្ទុះភ្ញៀវទេសចរ ដែលទៅកម្សាន្តនេះ ជាការប្រែក្លាយមុខមាត់ខេត្តព្រៃវែង ឲ្យកាន់តែមានភាពអ៊ូអរ និងរុញច្រានខឿនសេដ្ឋកិច្ចខេត្ត កាន់តែរីកចម្រើនឡើងថែមមួយកម្រិតទៀត។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង បានសរសេរដូច្នេះថា៖«លទ្ធផលដ៏ជាទីមោទកនេះ បានឆ្លុះបញ្ចាំងអំពីស្មារតីរបស់ប្រជាពលរដ្ឋ ពិសេសយុវជនខេត្តព្រៃវែង ដែលបានផ្ដល់តម្លៃខ្ពស់ និងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណរបស់ជាតិ ព្រមទាំងបានលើកស្ទួយនូវកិត្តិយស និងកិត្យានុភាពរបស់ខេត្ត ឲ្យកាន់តែមានភាពល្បីល្បាញបន្ថែមទៀត»។
បើគិតតាមលំដាប់លំដោយវិញ ខេត្តព្រៃវែងជាប់លំដាប់ថ្នាក់លេខ៥ ដែលទទួលបានភ្ញៀវទេសចរ៣,១៩២,២០០ តាមពីក្រោយខេត្តកំពង់ចាម ដែលមានភ្ញៀវទេសចរ ៣៣២,៦៥១នាក់ នៃព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៣ថ្ងៃនេះ។ ចំណែកខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តបាត់ដំបង មានអ្នកទៅកម្សាន្តជាង៨៧ម៉ឺននាក់ ខេត្តស្វាយរៀង មានភ្ញៀវទេសចរជិត៤៧ម៉ឺននាក់ និងខេត្តសៀមរាប ទទួលបានភ្ញៀវជាង៣៨ម៉ឺននាក់។ នេះបើតាមរបាយការណ៍បឋមរបស់ក្រសួងទេសចរណ៍៕
Tag:
សង្ក្រាន្តឆ្នាំថ្មី
ព្រៃវែង
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com