ជាតិ
សេដ្ឋកិច្ច
សង្ក្រាន្ត​ព្រៃវែង នាំចំណូល​ជាង​៣​លាន​ដុល្លារដល់ខេត្ត
18, Apr 2019 , 2:12 pm        
រូបភាព
​ភ្នំពេញ​៖ ខេត្តព្រៃវែង ទាក់ទាញ​ភ្ញៀវទេសចរ​ជាង​៣០​ម៉ឺន​នាក់ ហើយ​រកចំណូលបាន​ជា​ង​៣​លាន​ដុល្លារ ពី​ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ខេត្ត រយៈពេល​៣​ថ្ងៃ​។

 
​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​លេង​កម្សាន្ត​នៅ​កន្លែង​នានា​ក្នុង​ខេត្ត មាន​ចំនួន​៣១៩ ២០០​នាក់​នេះ អាច​ផ្ដល់​ផល​ចំណូល​៣,១៩២,២០០ ដុល្លារ ទៅដល់​ប្រជាពលរដ្ឋ ដែល​ប្រកប​អាជីវកម្ម ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សេវាកម្ម គ្រឿងឧបភោគ​បរិភោគ ផលិតផល​ប្រើប្រាស់ និង​ផលិតផល​អនុស្សាវរីយ​ផ្សេងៗ​ជាដើម​។​
 
​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ ចាត់ទុក​សន្ទុះ​ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នេះ ជាការ​ប្រែក្លាយ​មុខមាត់​ខេត្តព្រៃវែង ឲ្យ​កាន់​តែមាន​ភាព​អ៊ូអរ និង​រុញច្រាន​ខឿនសេដ្ឋកិច្ច​ខេត្ត កាន់តែ​រីកចម្រើន​ឡើង​ថែម​មួយកម្រិត​ទៀត​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង បាន​សរសេរ​ដូច្នេះ​ថា​៖«​លទ្ធផល​ដ៏​ជាទី​មោទក​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​របស់​ប្រជាពលរដ្ឋ ពិសេស​យុវជន​ខេត្តព្រៃវែង ដែល​បានផ្ដល់​តម្លៃ​ខ្ពស់ និង​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលជា​អត្តសញ្ញាណ​របស់​ជាតិ ព្រមទាំង​បាន​លើកស្ទួយ​នូវ​កិត្តិយស និង​កិត្យានុភាព​របស់​ខេត្ត ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​បន្ថែមទៀត​»​។​
 
​បើ​គិត​តាម​លំដាប់លំដោយ​វិញ ខេត្តព្រៃវែង​ជាប់​លំដាប់ថ្នាក់​លេខ​៥ ដែល​ទទួលបាន​ភ្ញៀវទេសចរ​៣,១៩២,២០០ តាម​ពីក្រោយ​ខេត្តកំពង់ចាម ដែលមាន​ភ្ញៀវទេសចរ ៣៣២,៦៥១​នាក់ នៃ​ព្រឹត្តិការណ៍​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃនេះ​។ ចំណែក​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ គឺ​ខេត្តបាត់ដំបង មាន​អ្នក​ទៅ​កម្សាន្ត​ជាង​៨៧​ម៉ឺន​នាក់ ខេត្តស្វាយរៀង មាន​ភ្ញៀវទេសចរ​ជិត​៤៧​ម៉ឺន​នាក់ និង​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ជាង​៣៨​ម៉ឺន​នាក់​។ នេះ​បើតាម​របាយការណ៍​បឋម​របស់​ក្រសួងទេសចរណ៍​៕

Tag:
 សង្ក្រាន្ត​ឆ្នាំ​ថ្មី​
  ព្រៃវែង​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com