ជាតិ
សម្ដេច ហ៊ុន សែន និងលោក ប្រាយុទ្ធ ចន្ទអូចា ជិះរថភ្លើងរួមគ្នា នៅថ្ងៃទី២២ មេសា
× ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នឹងជិះរថភ្លើងរួមគ្នា ពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត នៅថ្ងៃទី២២ មេសា។ ភាគីកម្ពុជា-ថៃ កំពុងរៀបចំរបៀបវារៈ និងដំណើរការកម្មវិធីរបស់នាយករដ្ឋមន្ត្រីទាំងពីរនេះ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រៅពីគម្រោងជិះរថភ្លើងរួមគ្នារវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃនេះ ភាគីទាំងពីរក៏មានរបៀបវារៈរួមគ្នាដែរ ដោយក្នុងនោះរួមមាន ទី១ ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន) ទី២ ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រដ្ឋាភិបាលថៃ ជូនរដ្ឋាភិបាលកម្ពុជា។
ចំណុចខាងលើនេះ ត្រូវបានរៀបចំនៅក្នុងកិច្ចប្រជុំពិភាក្សារវាងលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ពីការត្រៀមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការរក្សាសន្តិសុខសុវត្ថិភាពជូនសម្ដេច ហ៊ុន សែន និងលោក ប្រាយុទ្ធ ចន្ទអូចា។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ កងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងអង្គរក្ស រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ។
ទាក់ទងនឹងការបើកច្រកស្ទឹងបត់ឲ្យដំណើរការ អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញឆ្លងកាត់ច្រកប៉ោយប៉ែតទៀតឡើយ ដោយទុកសម្រាប់ភ្ញៀវទេសចរធ្វើដំណើរ។ នេះបើតាមលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្លាប់ប្រាប់សារព័ត៌មានថ្មីកន្លងមកថា ក្នុងមួយថ្ងៃរថយន្តដឹកទំនិញប្រមាណ ២០០គ្រឿងបានឆ្លងកាត់ច្រកប៉ោយប៉ែត។
ច្រកទ្វារអន្តរជាតិស្ទឹងបត់នេះ គ្រោងបញ្ចប់ការស្ថាបនានៅឆ្នាំ២០២០ ដែលច្រកនេះនឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលចរាចរណ៍រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ ព្រមទាំងជួយកាត់បន្ថយការកកស្ទះនៅច្រកប៉ោយប៉ែតនាពេលបច្ចុប្បន្ន ។ ជាពិសេសរថយន្តដឹកទំនិញ នឹងតម្រូវឲ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យបំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយ។
ស្ពានច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៧ ក្រោយពីរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងបើកច្រកអន្តរជាតិ និងកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងនៃចក្រស្ទឹងបត់នេះនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ៕
Tag:
ហ៊ុន សែន
ប្រាយុទ្ធ ចន្ទអូចា
រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com