កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Klopp មិន​ខ្លាច Messi ឡើយ តែ​រីករាយ​ទៅវិញ ដែល Liverpool ត្រូវ​ជួប Barcelona
18, Apr 2019 , 8:19 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ Liverpool លោក Jurgen Klopp រីករាយ​នឹង​ការជួបគ្នា​ជាមួយ Barcelona ដោយ​មិន​ព្រួយបារម្ភ​ពី​កីឡាករ​ឆ្នើម Lionel Messi ឡើយ​សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League​។​


 
​ក្រុម​ពី​ក្របខណ្ឌ Premier League នេះ​បាន​យកឈ្នះ FC Porto ៤-១ នា​ការប្រកួត​ជើង​ទី​២ និង​សរុប​លទ្ធផល​ទាំងពីរ​ជើង ៦-១ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ដើម្បី​បន្តទៅ​វគ្គ​បន្ត ។​
 
​គូប្រជែង​របស់​ហង្ស​ក្រហម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona ដែល​បាន​ទម្លាក់ Manchester United ដោយ​លទ្ធផល​ទាំងពីរ​ជើង ៤-០​។ Messi ជា​បុគ្គល​លេចធ្លោ​ជាងគេ​ក្នុង​ការបញ្ចប់​ក្តីសង្ឃឹម​របស់​ក្រុម​បិសាច​ក្រហម​នៅត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ តាមរយៈ​ការ​ស៊ុត​ចូល​ទី​២​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​ជើង​ទី​២​។​
 
​បើ​ទោះ​យ៉ាងនេះ​ក្តី លោក Klopp បានលើកឡើង​ពី​ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដែល​បាន​ស៊ុត​បញ្ចូល​ទី​៤៥​គ្រាប់​រដូវ​កាល​នេះ​ថា​លោក​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការរក​វិធីសាស្ត្រ​បិទ​កីឡាករ​រូបនេះ​បាន​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៥១​ឆ្នាំ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖«​សូម​អរគុណ​ព្រះ យើង​លេង​ជាមួយ​ក្រុម Barcelona យើង​មិន​គិត​ច្រើន​ទេ ហើយ​យើង​ពិតជា​រីករាយ​ណាស់ដែ​លលេង​ជាមួយ​ពួកគេ​»​។​
 
Klopp បន្ថែមថា​លោក​ពិតជា​រំភើប​ណាស់​ក្នុងការ​ប្រជែង​ជាមួយ Barca ដ្បិត​លោក​មាន​ពេល​ច្រើន​ដើម្បី​រៀប​ជើង​ព្រួល​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​២​នេះ​។​
 
Livrpool ដែល​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​នេះ​រដូវ​កាល​មុន មាន​សមាសភាព​ខ្សែការពារ​ដ៏​រឹងមាំ ក្រៅពី​ពួកគេ​មាន​ខ្សែបម្រើ និង​ប្រយុទ្ធ​យ៉ាង​មុត​ស្រួច​រួចហើយនោះ​។ ខ្សែការពារ​លេចធ្លោ​ទាំង​៤​រូប​របស់ Liverpool បច្ចុប្បន្ន​មានដូចជា​ស្លាប​ស្តាំ Trent Alexander-Arnold ស្លាប​ឆ្វេង Andrew Robertson កណ្តាល Joël Matip និង Virgil van Dijk​។​
 
​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Barcelona នឹង​បើកទ្វារ​កីឡដ្ឋាន Nou Camp ដើម្បី​ទទួល Liverpool ក្នុងជំនួប​ជើង​ទីមួយ នៅ​រាត្រី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩៕

Tag:
 ​បាល់ទាត់​
  UEFA Champions League
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com