អន្តរជាតិ
មន្ត្រី​អាមេរិក​ទៅ​រុស្ស៊ី​ជជែក​រឿង​រំសាយ​នុយក្លេអ៊ែរ មុន​លោក ពូ​ទីន ជួប​លោក គីម
18, Apr 2019 , 8:59 pm        
រូបភាព
​បេសកជន​ចរចា​នុយក្លេអ៊ែរ​របស់​អាមេរិក ទៅដល់​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃទី​១៧ ខែមេសា ដើម្បី​ជជែក​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ វត្តមាន​របស់លោក Stephen Biegun ធ្វើឡើង​ស្របពេល​ដែល​ក្រុង​មូ​ស្គូ​កំពុង​រៀបចំ​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ មន្ត្រី​អាមេរិក ទំនងជា​បញ្ចុះបញ្ចូល​ឲ្យ​រុស្ស៊ី​ជួយ​ជំរុញ​កូរ៉េខាងជើង​ឲ្យ​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ និង​ចាប់ផ្ដើម​ការចរចា​ដែល​កំពុង​ជាប់គាំង​។​

 
​លោក Stephen Biegun តំណាង​ចរចា​នុយក្លេអ៊ែរ​របស់​អាមេរិក ធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ទឹកដី​រុស្ស៊ី​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែមេសា​នេះ​។ ក្រសួងការបរទេស​អា​មេ​រិ​ក​ប្រកាសថា លោក Biegun នឹង​ជួប​ជជែក​ជាមួយ​មន្ត្រី​លើ​ការជំរុញ​ការសម្រេច​ឲ្យ​បានការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង និង​ដោយមាន​ការត្រួតពិនិត្យ​ផងដែរ​។ ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង និង​ធ្វើ​តែម្ដង​នេះ ជា​ជំហរ​អាមេរិក​យូរហើយ ទោះ​កូរ៉េខាងជើង​ចង់​ធ្វើជា​ដំណាក់កាល​ក្ដី​។​
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Biegun កើតឡើង​ចំពេល​ដែល​រុស្ស៊ី​កំពុង​ញាប់ដៃ​ក្នុង​ការរៀបចំ​ជំនួប​ទល់មុខ​លើកទីមួយ​រវាង​ប្រធានាធិបតី វ៉ា្ល​ឌី​មៀ ពូ​ទីន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ការរៀបចំ​បានចាប់ផ្ដើម​ជាច្រើន​សប្ដាហ៍​មកហើយ ដោយ​មន្ត្រី​ជំនិត​លោក គីម បាន​ទៅ​ទស្សនកិច្ច​នៅ​រដ្ឋធានី​មូ​ស្គូ និង​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ជាទី​ដែ​លោក​មេដឹកនាំ​ទាំងពីរ​គ្រោង​ជួបគ្នា​។ ប្រព័ន្ធ​សារព័ត៌មាន​ខ្លះ​ផ្សាយ​ថា លោក ពូ​ទីន នឹង​ទទួល​លោក គីម នៅ​សប្ដាហ៍​ក្រោយ មុន​ធ្វើដំណើរ​ទៅ​ចិន​។ 
 
​ដោយសារ​រុស្ស៊ី​ជា​ខ្នងបង្អែក​រឹងមាំ​មួយ​របស់​កូរ៉េខាងជើង លោក Biegun នឹង​ស្នើ​ឲ្យ​រុស្ស៊ី​លូកដៃ​ឲ្យ​កាន់តែខ្លាំង​ដើម្បី​ធានាថា កូរ៉េខាងជើង​អនុវត្តតាម​សម្ដី​របស់ខ្លួន​ក្នុងការ​បោះបង់​នុយក្លេអ៊ែរ ហើយ​ត្រឡប់​ចូល​តុ​ចរចា​វិញ​។ តាមពិតទៅ រុស្ស៊ី​ផ្ទាល់ ក៏​ចង់​មាន​តួនាទី​ធំ​ក្នុងការ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែរ ប៉ុន្តែ​នៅពេល​លោក គីម ជួប​មេដឹកនាំ​ចិន កូរ៉េខាងត្បូង និង​អាមេរិក​ញឹកញាប់​នោះ រុស្ស៊ី​ហាក់​នៅក្រៅ​ឆាក​ទៅវិញ​។​
 
​បើសិន​ជួបគ្នា​តាម​គម្រោង​មែន នេះ​ជា​ជំនួប​ទល់មុខ​លើកទីមួយ​ក្នុង​រយៈពេល​៨​ឆ្នាំ​។ ជំនួប​ចុងក្រោយ​រវាង​មេដឹកនាំ​រុស្ស៊ី និង​កូរ៉េខាងជើង កើតឡើង​ចុងក្រោយ​នៅ​ឆ្នាំ​២០១១ ពេល​អតីត​ប្រធានាធិបតី ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ជួប​អតីត​មេដឹកនាំ​កំពូល គីម ជុងអ៊ីល ។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap អាកាសចរណ៍​កូរ៉េខាងជើង Air Koryo បាន​បើក​ជើងហោះហើរ​ពិ​សេសមួយ​ទៅកាន់​ទឹកដី​ចុង​បូព៌ា​របស់​រុស្ស៊ី​នៅ​សប្ដាហ៍​ក្រោយ ដែល​នោះ​ទំនងជា​ផ្នែក​មួយ​នៃ​ការរៀបចំ​ជំនួប​រវាង​លោក ពូ​ទីន និង​លោក គីម ។ បានន័យថា មេដឹកនាំ​កូរ៉េខាងជើង​ទំនង​ជ្រើសរើស​ផ្លូវ​ធ្វើដំណើរ​តាម​អាកាស​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើក​នេះ ជំនួស​ឲ្យ​ការ​ជិះ​រថភ្លើង​ពិសេស​របស់ខ្លួន​ដូច​ពេល​កន្លងទៅ​៕ 

Tag:
 ​អាមេរិក​
  រុស្ស៊ី​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
  គីម ជុង​អ៊ុន​
  Stephen Biegun
© រក្សាសិទ្ធិដោយ thmeythmey.com