ONE Championship
កីឡាជាតិ
ជាតិ
គ្រូប្រដាល់ ជា រិទ្ធ សន្យាធ្វើឲ្យ គង់ សំបូរ លេចធ្លោឡើងវិញ ក្រោយឈ្នះពាននៅ Khmer Fight
×
អត្ថបទ៖ ស៊ីធី
គ្រូបង្វឹកប្រចាំក្លិបអាណាចក្រប្រយុទ្ធ លោក ជា រិទ្ធ សន្យាជួយជ្រោមជ្រែង គង់ សំបូរ ឲ្យឈានដល់កម្រិតកំពូលឡើងវិញជាពិសេសធ្វើឲ្យរូបគេលេចធ្លោក្នុងការប្រកួតកម្រិតអន្តរជាតិនានា។ ការលើកឡើងបែបនេះ បន្ទាប់ពីកីឡាករវ័យ ២៣ ឆ្នាំឈ្នះពានក្នុងកម្មវិធី Khmer Fight ដែលរៀបចំនៅខេត្តព្រៃវែងក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិ កាលថ្ងៃទី ១៤ ខែមេសា។
គង់ សំបូរ ឈ្នះពាននៅកម្មវិធីខ្មែរ Khmer Fight បន្ទាប់ពី ឈ្នះ ពុយ វណ្ណៈដោយពិន្ទុ។ ការវ៉ៃដណ្ដើមពាននេះ ព្រោះកម្មវិធីតម្រូវឲ្យជើងឯកប៉ះជើងឯក ពោល សំបូរ ជាជើងឯកខ្សែក្រវាត់ Tiffy ឆ្នាំ ២០១៣ ហើយ វណ្ណៈ ជាជើងឯក Tiffy ឆ្នាំ ២០១៨។ ក្រៅពីទទួលបានពាន ១ សំបូរ ទទួលបានប្រាក់រង្វាន់ ៤០០ ដុល្លារសហរដ្ឋអាមេរិក។
គ្រូបង្វឹកវ័យ ៣៧ ឆ្នាំរូបគូសបញ្ជាក់ទៀតថា៖«គង់ សំបូរ ឥឡូវមិនដូចមុនទេ គេមានការហ្វឹកហាត់ខ្លាំងក្លាណាស់ បន្ទាប់ពីរូបគេផ្អាកឡើងសង្វៀនជិត ២ ឆ្នាំ។ ហើយខ្ញុំក៏បានជួយរូបគេទាំងបច្ចេកទេស និង អាហារបំប៉ននានាដើម្បីបង្កើនថាមពល។ ខ្ញុំសរសើរបច្ចុប្បន្នដាក់ចិត្តដាក់កាយហ្វឹកហាត់ណាស់ និង មានកម្មវិធីហាត់ដ៏ត្រឹមត្រូវទៀតផងមិនដើរលេងផ្ដេសផ្ដាស។»
គ្រូបង្វឹកដែលមានសញ្ញាប័ត្រអនុបណ្ឌិតភាសាអង់គ្លេស រៀបរាប់ទៀតថា ក្រោយចាញ់ Zhang Chenlong របស់ចិននៅសង្វៀន One Championship កាលខែ កុម្ភៈ នៅសិង្ហបុរី កូនសិស្សរបស់ខ្លួនមានកម្រិតបច្ចេកទេសកើនទ្វេដង។ ម្យ៉ាងវិញទៀត សំបូរ ជាកីឡាករប្រដាល់ឆ្លាតវៃម្នាក់ ព្រោះគេចេះវ៉ៃការងារ ចេះវ៉ៃដោះ ស្ទាបស្ទង់គូប្រកួត និង រក្សាមិនឲ្យមានរបួសផង ប៉ុន្តែវ៉ៃយកឈ្នះពិន្ទុវាជារឿងល្អបំផុតហើយ។ គ្រូបង្វឹកដដែលនេះក៏រំលឹកដល់ កូនសិស្សជារឿយៗដែរថា វាគ្រាន់តែជាកីឡាប៉ុណ្ណោះ ដូច្នេះមិនបាច់ចង់ឲ្យគូប្រកួតរបួសលំបាកព្យាបាលនោះទេ។
ចំណែក គង់ សំបូរ វិញក៏បានថ្លែងដែរថា៖ «ខ្ញុំហាត់ជាប្រចាំក្រោយផ្អាកមួយរយៈ។ ឲ្យតែមានកម្មវិធីប្រកួត ខ្ញុំខំហាត់ និង តមការដើរលេង ហើយក៏ទៅជួបប្រពន្ធដែរ។ ខ្ញុំក៏តមអាហារដែរ អាហារណាត្រូវញុំា និង អាហារណាមិនត្រូវញុំា ដើម្បីកុំឲ្យប៉ះពាល់ដល់កម្លាំង»។
គួររំលឹកថា គង់ សំបូរ ជាអតីតកីឡាករប្រដាល់នៅក្លិបក្រសួងការពារជាតិ មុនផ្លាស់ហ្វឹកហាត់ជាមួយគ្រូ ជា រិទ្ធ នៃក្លិបអាណាចក្រប្រយុទ្ធជាង ១ ឆ្នាំមកនេះ។ គង់ សំបូរ ឡើងប្រកួតនៅសង្វៀន One Championship បានម្ដងគត់ពេលជួបកីឡាករចិន Zhang Chenlong កាលចុងខែ កុម្ភៈ កន្លងទៅនៅសិង្ហបុរី៕
Tag:
ប្រដាល់
គង់ សំបូរ
© រក្សាសិទ្ធិដោយ thmeythmey.com